ជម្លោះ​ដីធ្លី​៖​ អាជ្ញាធរ​សុំ​ចិត្ត​ពលរដ្ឋ​គួរ​កុំ​ឡើងមក​តវ៉ា​នៅ​ភ្នំពេញ​

07-11-2018 5:31 pm 879
  ស្តាប់
ស្តាប់ជាសំឡេង

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក​ម៉េត មាស​ភក្តី នៅ​ថ្ងៃទី​០៧​វិច្ឆិកា​នេះ បានស្នើ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះ​ដីធ្លី គួរ​កុំ​ឡើងមក​តវ៉ា​នៅ​ទីក្រុង​ភ្នំពេញ​ជៀសវាង​ចំណាយ​ធនធាន​អស់​ច្រើន​ និងធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​ក្នុង​ទីក្រុង​។ សម្រាប់​អ្នកនាំពាក្យ បញ្ហា​ជម្លោះដីធ្លី​ប្រសិនបើ​កើតឡើង​នៅ​ខេត្ត​ណា លោក​លើកទឹកចិត្ត​ឱ្យ​ដោះស្រាយ​ជាមួយ​អាជ្ញាធ​ក្នុង​ខេត្ត​នោះ ចំណែក​សាលា​រាជធានី​ភ្នំពេញ គ្មាន​សិទ្ធិ​ក្នុង​ការដោះស្រាយ​ជូន​នោះទេ​។ 

​លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ស្នើឱ្យ​ពលរដ្ឋ​រងគ្រោះ​បញ្ហាដីធ្លី និង មានបំណង​ដាក់​ញាត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍ពីអា​ជ្ញាធរ គួរ​កុំ​ឡើងមក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​។​កុំ​ឡើង​ដោយ​លោក​ពន្យល់ថា បញ្ហា​ជម្លោះដីធ្លី​បើ​កើតឡើង​នៅ​ខេត្ត​ណា អាជ្ញាធរ​នៅក្នុង​ខេត្ត​នោះ ជា​អ្នកដោះស្រាយ ដូច្នេះ​ពលរដ្ឋ​គួរតែ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ពី​អាជ្ញាធរ​នៅក្នុង​ខេត្ត​នោះ​។​

​ក្នុងករណី​ពលរដ្ឋ​មានបំណង​ដាក់​ញត្តិ ឬ​បណ្តឹង​ផ្សេងៗ​លោក​ថា ពលរដ្ឋ​ក៏​អាច​រៀបចំ​អ្នកតំណាងរ​បស់​ខ្លួន​ឡើងមក​ដាក់​បាន ដោយ​មិនចាំបាច់​ប្រមូលគ្នា​ឡើងមក​ទីក្រុង ធ្វើឱ្យ​ខាតបង់​នូវ​ធនធាន​ផ្សេងៗ​ផ្ទាល់ខ្លួន និង​ជាពិសេស​ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ទី​ក្រុងភ្នំពេញ​…

​សំឡេង​លោក​ម៉េត មាស​ភក្តី​៖

​ជា​ការកត់សម្គាល់ ការ​ថ្លែង​របស់​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​យ៉ាង​ដូច្នេះ ធ្វើឡើង​ខណៈដែល​នៅ​រយៈពេល​ចុងក្រោយ​នេះ គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ដែល​មានទំនាស់​ដីធ្លី មកពី​ខេត្ត​ផ្សេងៗ​គ្នា ឡើងមក​តវ៉ា​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​បំណង​ដាក់​ញាត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍ពីក្រ​សួង​យុត្តិធម៌ រដ្ឋសភា ក្រសួង​កសិកម្ម ក្រសួង​រៀបចំ​ដែនដី និង​គណកម្មការ​ទទួល​ពាក្យបណ្ដឹង​នៃ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​តែ​យ៉ាងណា លោក ម៉េត មាស​ភក្តី បាន​សង្គត់ធ្ងន់ថា ពេល​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ឡើងមក​តវ៉ា​នៅ​ទី​ក្រុងភ្នំពេញ អាជ្ញាធរ​នៅតែ​ជួយ​ការពារ​សន្តិសុខ​ជូន​ដល់​ពួកគាត់ ហើយ​សម្រាប់​ការរារាំង​នាពេល​កន្លងមក​លោក​ពន្យល់ថា គ្រាន់​ជា​ការថែរក្សា​សណ្តាប់ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ​តែប៉ុណ្ណោះ ដូច្នេះ​លោក​សុំ​ការយោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ​៕

ដោយ ប៉ា សុ​ខេង​៖

ព័ត៌មានផ្សេងទៀត