ពន្ធដារ​រក​ចំណូល​បាន​ជិត​$២០០​លាន ក្នុង​មួយ​ខែ​តុលា​

07-11-2018 5:15 pm 535
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​មួយ​ខែ​តុលា ឆ្នាំនេះ អគ្គនាយកដ្ឋាន​ពន្ធ​បាន​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ជិត​២០០​លាន​ដុល្លារ​អាមេរិក ។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៧ ការប្រមូល​ចំណូល​ពន្ធ​-​អាករ បាន​កើន​ឡើង​ជាង​៤៣​លាន​ដុល្លារ​អាមេរិក ស្មើនឹង ៣១,៥៤ ភាគរយ ...

​ក្នុង​ខែ​តុលា ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ បាន​ចំនួន ៧២៨,៤៨ ប៊ី​លាន​រៀល  ប្រមាណ ១៨២,១២ លាន​ដុល្លារ​អាមេរិក ស្មើនឹង ៩,៤៧ ភាគរយ នៃ​ផែនការ​ច្បាប់ ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ។​

​សេចក្តីប្រកាស​ដដែល​បញ្ជាក់ថា ប្រសិនបើ​ប្រៀបធៀប​នឹង​ចំណូល​ខែតុលា ឆ្នាំ​២០១៧ ការប្រមូល​ចំណូល​ពន្ធ​-​អាករ គ្រប់​ប្រភេទ​បាន​កើនឡើង​ចំនួន ១៧៤,៦៨ ប៊ី​លាន​រៀល ប្រមាណ ៤៣,៦៧ លាន​ដុល្លារ​អាមេរិក ស្មើនឹង ៣១,៥៤ ភាគរយ ។​

​យ៉ាងណាក៏ដោយ បើ​សរុប​ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​បាន​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ បាន​ចំនួន ៧.៤៩៤,៨៥ ប៊ី​លាន​រៀល ប្រមាណ ១.៨៧៣,៧១ លាន​ដុល្លារ​អាមេរិក ស្មើនឹង ៩៧,៤២ ភាគរយ​នៃ​ផែនការ ។

​ហើយ​បើសិនជា ធៀប​នឹង​ឆ្នាំ​២០១៧ ការប្រមូល​ចំណូល​ពន្ធ​-​អាករ គ្រប់​ប្រភេទ សម្រាប់​រយៈពេល​១០​ខែ ឆ្នាំ​២០១៨ បាន​កើនឡើង ១.១៨៨,៨៥ ប៊ី​លាន​រៀល ប្រមាណ ២៩៦,៩៨ លាន​ដុល្លារ​អាមេរិក ស្មើនឹង ១៨,៨៣ ភាគរយ ។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ រំពឹងថា ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៨ នឹង​អាច​ប្រមូល​បាន​គ្រប់​ផែនការ​កំណត់ដោយ​ច្បាប់ ចំនួន ៧.៦៩៣,៥០ ប៊ី​លាន​រៀល ប្រមាណ ១.៩២៣,៣៨ លាន​ដុល្លារ​អាមេរិក ៕

ព័ត៌មានផ្សេងទៀត