បោះឆ្នោត​​ពាក់កណ្ដាល​​អាណត្ដិ​​អាមេរិក​គណប​ក្ស​​ប្រជាធិបតេយ្យ​​ឈ្នះ​អាសនៈ​​ភាគច្រើន​​ក្នុង​រដ្ឋសភា​

07-11-2018 1:31 pm 1108
  ស្តាប់
ប្រជាជន​កំពុង​រង់ចាំ​លទ្ធផលឆ្នោត
ស្តាប់ជាសំឡេង

​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្ដិ​នៅ​អាមេរិក ដែល​ប្រព្រឹត្ដទៅ​កាលពី​ថ្ងៃទី​០៦​វិច្ឆិកា​បាន​បិទ​បញ្ចប់​ហើយ​។ តាម​លទ្ធផល​បឋម​បាន​បញ្ជាក់ថា គណបក្ស​ប្រជាធិបតេយ្យ​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋសភា​។ មានន័យថា​គណបក្ស​ប្រជាធិបតេយ្យ គ្រប់គ្រង​បាន​អាសនៈ​ច្រើនជាង​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋសភា​។ ដោយឡែក​នៅ​ព្រឹទ្ធសភា​វិញ គណបក្ស​សាធារណរដ្ឋ​នៅតែ​បន្ដ​គ្រប់គ្រង​អាសនៈ​ភាគច្រើន​ដដែល​។

​ចំពោះ​ចំនួន​អាសនៈ​ដែល​គណបក្ស​ទាំងពីរ​ទទួលបាន នៅ​មិនទាន់​បញ្ជាក់​ជា​ផ្លូវការ​ទេ ព្រោះ​ការរាប់​សន្លឹកឆ្នោត​មិនទាន់​បញ្ចប់​ទាំងស្រុង​។ យ៉ាងណាមិញ​ការកាន់កាប់​បាន​អាសនៈ​ភាគច្រើន​នៅ​រដ្ឋសភា ជា​លើកដំបូង​ក្នុង​រយៈពេល​៨​ឆ្នាំនេះ នឹង​អនុញ្ញាតឲ្យ​គណបក្ស​ប្រ​ជា​ធិបតេយ្យ​មាន​សិទ្ធិ​រារាំង ដល់​របៀបវារៈ​ឬ​គោលនយោបាយ​នានា​របស់លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ប្រសិនបើ​ពួកគេ​មិន​ពេញចិត្ដ​។​

​ដ្បិតថា​គណបក្ស​សាធារណរដ្ឋ​បាត់បង់​អាសនៈ​ភាគច្រើនៅ​រដ្ឋសភា​ក៏ដោយ ចំពោះ​លោក​ដូណាល់ ត្រាំ​នៅតែ​ចាត់ទុក​ការបោះឆ្នោត​នេះ​ជា​ជោគជ័យ​មួយ​។ លោក​លើកឡើង​ដូច្នេះ​ថា “​វា​គឺជា​ជោគជ័យ​ដ៏​អស្ចារ្យ​បំផុត ខ្ញុំ​សូម​អរគុណ​អ្នក​ទាំងអស់គ្នា ដែល​បាន​ចូលរួម​ការបោះឆ្នោត​។​”

​សូមបញ្ជាក់ថា ជា​រៀងរាល់​បួន​ឆ្នាំ​ម្ដង​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្ដិ តែង​រៀបចំឡើង​ក្នុង​ខែវិច្ឆិកា​។ ឆ្នាំ​២០១៨​ប្រជាជន​អាមេរិក​ប្រមាណ​ជាង​៣០​លាន​នាក់​បាន​ចូលរួម​ក្នុង​ការបោះឆ្នោត ដែល​តួលេខ​នេះ​កើន​ឡើង​​ខ្ពស់ជាង​ឆ្នាំ​២០១៤ មានតែ​២៧​លាន​កន្លះ​ប៉ុណ្ណោះ​។ ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្ដិ​នៅ​អាមេរិក ធ្វើឡើង​ដើម្បី​សើរើ​អាសនៈ​ចំនួន​៣៥​នៃ​១០០​អាសនៈ​នៅក្នុង​ព្រឹទ្ធសភា និង​ផ្លាស់ប្ដូរ​អាសនៈ​ទាំង​៤៣៥​អាសនៈ​នៅក្នុង​រដ្ឋសភា​។ ក្រៅពីនេះ​ដើម្បី​ជ្រើសរើស​អភិបាលរដ្ឋ​ចំនួន​៣៦ នៃ​រដ្ឋ​ទាំង​៥០​របស់​អាមេរិក​ផងដែរ​៕

ព័ត៌មានផ្សេងទៀត