មេ​សហជីពប្រឆាំង​រំភើបចិត្ត​ក្រោយ​មាន​កិច្ច​អន្តរាគមន៍​ពី​លោក​ហ៊ុន សែន​

07-11-2018 11:44 am 3420
  ស្តាប់
ស្តាប់ជាសំឡេង

​មេដឹកនាំ​សហជីព ដែល​មាន​និន្នាការ​ប្រឆាំង និង​កំពុងតែ​រុំ​ព័ទ្ធ​ដោយ​ពាក្យបណ្តឹង​ស្ទើ​ជុំខ្លួន បាន​សម្តែង​ការ​ត្រេកអរ យ៉ាងខ្លាំង បន្ទាប់ពី​មាន​កិច្ច​អន្តរាគមន៍ ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ស្នើឲ្យ​ទម្លាក់ចោល​ការ​ចោទប្រកាន់ និង​តម្កល់​សំណុំរឿង​មិន​ចាត់ការ លើ​មេ​សហជីព​ទាំងនោះ ដើម្បី​ឲ្យ​ពួកគេ បន្ត​បំពេញការងារ​ដោយ​ស្ងប់ចិត្ត និង​មិន​មាន​ការ​ខ្លាចរអា ជុំវិញ​រឿង​ក្តីក្តាំ​នៅ​តុលាការ​នេះ​។

​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល ធ្វើឡើង​នៅក្នុង​កិច្ច​សំណេះសំណាល ជាមួយ​កម្មករ​-​កម្មការិនី ជាង​២​ម៉ឺន​នាក់ មកពី​រោងចក្រនានា ក្នុងស្រុកបាទី ​ខេត្ត​តាកែវ នា​ថ្ងៃ​ទី​០៧ វិច្ឆិកា​នេះ​។​

សំឡេង​

​មេដឹកនាំ​សហជីព​ដែល​កំពុង​ជាប់​បណ្តឹង នៅ​តុលាការ​ទាក់ទង​ទៅ នឹង​ការធ្វើ​បាតុកម្ម​កន្លងមក​នោះ រួមមាន លោក អាត់ ធន់ លោកស្រី យ៉ាង សុភ័ណ្ឌ និង លោក ប៉ាវ ស៊ីណា ជាដើម​។​
​លោក​ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា បាន​ប្រាប់​វិទ្យុ​វាយោ​ថា លោក​សប្បាយចិត្ត​បំផុត ចំពោះ​ការអន្តរាគមន៍ របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ស្នើ​ឲ្យ​ទម្លាក់បទ​ចោទ ដល់​មេដឹកនាំ​សហជីព​ទាំងអស់ ដែល​រង​នូវ​ការចោទប្រកាន់ មិនមែន​ជា​ការពិត​។ លោក​បន្តថា សម្រាប់​កិច្ច​អន្តរាគមន៍​នេះ គឺជា​ការបើកឱកាស​ឲ្យ​សហជីព មាន​កម្លាំងចិត្ត​បំពេញការងារ​ជូន​កម្មករ​-​កម្មការិនី​បន្តទៀត​។​

សំឡេង

​លោក​ប៉ាវ ស៊ីណា ជា​មេដឹកនាំ​សហជីព​មួយ​រូប ដែល​រង​នូវ​បណ្តឹង​ចំនួន​៧ រាប់​តាំងពី​បណ្តឹង​ចោទប្រកាន់​ពី​បទ​ដឹកនាំ​បាតុកម្ម នៅលើ​ផ្លូវវេង​ស្រេង កាលពី​ចុងឆ្នាំ​២០១៣ បណ្តឹង​របស់​ថៅកែ​រោងចក្រ ចោទប្រកាន់​ពីបទ​ញុះញង់ និង​បរិហាកេរ្តិ៍​ជាដើម​។​

​សម្រាប់​លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​មេ​សហជីព​មួយ​រូប ដែល​ជាប់​ពាក់ព័ន្ធ​ប្រមាណ​ជិត​៥០​បណ្តឹង បាន​សម្តែង​ការ​សាទរ និង​ត្រេកអរ ចំពោះ​ការស្នើឲ្យ​ទម្លាក់​ការចោទប្រកាន់នេះ​។ លោក​ថា កន្លង​មក​រូបលោក​នឹង​សហជីព រង​ការចោទប្រកាន់​ទាំង​អយុត្តិធម៌ ពី​សំណាក់​មន្ត្រី​មួយចំនួន ដោយ​មិន​មាន​ការស៊ើបអង្កេត​ច្បាស់លាស់​។​

សំឡេង

​សូមបញ្ជាក់​ថា ការស្នើឲ្យ​ទម្លាក់​ការចោទប្រកាន់ លើ​មេ​សហជីព​ទាំងនេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រគល់​ភារកិច្ច​ឲ្យទៅ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​ការងារ ជា​អ្នករៀបចំ​ពិនិត្យ​ដោះស្រាយ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត