អាស៊ាន​​នឹង​ចេញ​​សេចក្ដី​ថ្លែងការណ៍​រួម​​​​បង្ហាញ​​​ការព្រួយបារម្ភ​​ពី​សកម្មភាព​​​ចិន​

07-11-2018 10:18 am 306
  ស្តាប់
រូបភាព​ដែនសមុទ្រ​ចិនខាងត្បូង
ស្តាប់ជាសំឡេង

​ក្នុងពេល​ឆាប់ៗ​ខាងមុខ​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន នឹង​រួមគ្នា​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់ខ្លួន​ជា​សាធារណៈ ចំពោះ​សកម្មភាព​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ តាមរយៈ​ពង្រាង​សេចក្ដីថ្លែងការណ៍​ដែល​សារព័ត៌មាន​ជប៉ុន​NHK​ទទួលបាន សេចក្ដីថ្លែងការណ៍​រួមមួយ​នឹង​ចេញ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៣​វិច្ឆិកា​ក្នុងប្រទេស​សិង្ហ​បុរី​។ កិច្ចប្រជុំ​ជា​បន្ដបន្ទាប់​ទៀត​នឹងមាន​ការចូលរួម​ពី​ជប៉ុន ចិន និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​។​

​ពង្រាង​សេចក្ដីថ្លែងការណ៍​បាន​និយាយថា អាស៊ាន​បានកត់សម្គាល់​ពី​ការព្រួយបារម្ភ​មួយចំនួន អំពី​ការទាមទារ​ដែន​អធិបតេយ្យ និង​សកម្មភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ សេចក្ដីថ្លែងការណ៍​បន្ដ​ថា វា​បាន​បំផ្លាញ​ដល់​ទំនុកចិត្ដ ហើយ​អាចធ្វើឲ្យ​អន្ដរាយ​ដល់​សន្ដិភាព សន្ដិសុខ ស្ថិរភាព​នៅក្នុង​តំបន់​។ នៅពេលដែល​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ាន​កាលពី​ឆ្នាំមុន សេចក្ដីថ្លែងការណ៍​រួម​មិនបាន​បញ្ចូល​ការព្រួយបារម្ភ​នេះ​ទេ ព្រោះ​ហ្វីលីពីន​ចង់​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន​។ ប៉ុន្ដែ​ក្នុងឆ្នាំនេះ​មាន​ការប្រែប្រួល ដើម្បី​ឆ្លុះបញ្ចាំង​ពី​ជំហរ​របស់​សិង្ហ​បុរី​ក្នុង​ការគោរព​តាមច្បាប់​អន្ដរជាតិ​។​

​សមុទ្រ​ចិន​ខាងត្បូង​ជា​ដែន​ដែល​ចិន​កំពុងមាន​ជម្លោះ​ជាមួយ​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និង​ព្រុយ​ណេ​។ ចិន​អះអាង​កាន់កាប់​ដែន​នេះ​ស្ទើរ​ទាំងស្រុង ប៉ុន្ដែ​ត្រូវ​ប្រទេស​ពាក់ព័ន្ធ​ជំទាស់​។ មិន​ខ្វល់​ពី​ការជំទាស់​ឬ​ប្រកែក​របស់​បណ្ដា​រដ្ឋ​នានា ចិន​ធ្វើ​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​បន្ដបន្ទាប់ ដូចជា​ការសាងសង់​កោះ​សិប្បនិម្មិត ការសាងសង់​មូលដ្ឋាន​យោធា​លើ​ដែន​កោះ ការ​ដាក់ពង្រាយ​សព្វាវុធ​ជាដើម​។ ចិន​ប្រកាសថា​គេ​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន មិន​ប៉ះពាល់​នរណា​ឡើយ ដូច្នេះ​ក៏​គ្មាន​ភាគី​ណា​អាច​ហាមឃាត់​ចិន​បានដែរ​៕

ព័ត៌មានផ្សេងទៀត