អាល្លឺម៉ង់​​នឹងដាក់​​សម្ពាធ​ចិន​​ឲ្យ​បង្កើន​​ការគ្រប់​គ្រង​អាវុធ​

07-11-2018 9:12 am 192
​រដ្ឋមន្ដ្រីការបរទេស​អាល្លឺម៉ង់​លោក​ហេ​កកូ ម៉ាស​(Heiko Maas)

​រដ្ឋមន្ដ្រីការបរទេស​អាល្លឺម៉ង់​លោក​ហេ​កកូ ម៉ាស​(Heiko Maas)​បាន​និយាយថា ក្នុងពេល​ជួបពិភាក្សា​ជាមួយ​ភាគី​ចិន​ក្នុង​ក្រុង​ប៉េកាំង​នាពេល​ឆាប់ៗ លោក​នឹងដាក់​សម្ពាធ​លើ​ប្រទេស​ចិន​ឲ្យ​បង្កើន​ការគ្រប់គ្រង​អាវុធ​។ លោក​លើកឡើងថា​អាវុធ​មាន​មូលដ្ឋាន​ក្នុង​លំហ​អាកាស និង​អាវុធ​បំពាក់​លើ​មនុស្ស​យន្ដ លែង​ជា​ការស្រមើស្រមៃ​ទៀតហើយ​វា​នឹង​ក្លាយជា​ការពិត​។​

​លោក​រដ្ឋមន្ដ្រីការបរទេស​អាល្លឺម៉ង់​បន្ដថា វា​ជា​ការចាំបាច់​ក្នុង​ការបង្កើត​របប​ដ​ក​ហូត​អាវុធ​។ អាវុធ​ក្នុង​ដែនអាកាស​និង​អាវុធ​ស្វ័យប្រវត្ដិ មិនយូរប៉ុន្មាន​នឹង​ក្លាយជា​ការពិត​លែង​ជាការ​ប្រតិដ្ឋ​ទៀតហើយ​។ ដូច្នេះ​ត្រូវ​មានច្បាប់​គ្រប់គ្រង​លើ​បច្ចេកវិទ្យា​អភិវឌ្ឍ​អាវុធ​ប្រភេទ​ថ្មី​ដែលមាន​ប្រសិទ្ធភាព​។

​ក្រៅពី​សំដៅលើ​ប្រទេស​ចិន​លោក​ម៉ាស​ក៏​បញ្ជាក់ដែរថា លោក​នឹងដាក់​សម្ពាធ​លើ​អាមេរិក​និង​រុស្ស៊ី​ដូចគ្នា ឲ្យ​បន្ដ​ប្រកាន់ខ្ជាប់​នូវ​សន្ធិសញ្ញា​ហាមឃាត់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​(INF)​ចុះ​ក្នុង​ឆ្នាំ​១៩៨៧​។ លោក​នឹង​ខិតខំ​ជំរុញ​ឲ្យ​ចិន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នេះដែរ​ក្នុង​ពេលអនាគត​៕

ព័ត៌មានផ្សេងទៀត