មន្ត្រីជាន់ខ្ពស់​អាមេរិក​-​ចិន​នឹង​បន្ត​កិច្ចចរចា​សន្តិសុខនៅ​ថ្ងៃទី​៩​វិច្ឆិកា​

06-11-2018 5:30 pm 192
  ស្តាប់
ជំនួបពិភាក្សារវាងមន្រ្តីអាមេរិក(នៅខាងឆ្វេង)និងចិនកាលពីពេលកន្លងទៅ
ស្តាប់ជាសំឡេង

​ជំនួប​ពិភាក្សា ស្តីពី បញ្ហា​ន្តិ​សុខ​ជុំ​ទី​២ រវាង​អាមេរិក​និង​ចិន នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​។ កិច្ចពិភាក្សា​នេះ មាន​ការចូលរួម​ដោយ​លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​លោក Jim Mattis រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​។  ចំណែក​ភាគី​ចិន​វិញ មាន​ការអញ្ជើញ​ចូលរួម​ដោយ សមាជិក​ការិយាល័យ​នយោបាយ​ចិន​លោក Yang Jiechi និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Wei Fenghe​។​

​តាមពិតទៅ​ការពិភាក្សា​លើក​ទី​ពីរ​នេះ គ្រោង​ធ្វើ​នៅ​ខែតុលា ប៉ុន្តែ​ត្រូវ​ពន្យារពេល​ដោយសារ ភាគី​ទាំងពីរ​ជួប​ភាព​តានតឹង​នឹង​គ្នា​ជាថ្មី លើ​បញ្ហា​ធំៗ​មួយចំនួន​។ បញ្ហា​ដែល​ចូលមក​បង្អាក់​ការចរចា​នេះ​មាន ដូចជា​ជម្លោះ​ពាណិជ្ជកម្ម ដែល​មិនទាន់​អាច​ដោះស្រាយបាន និង​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​អះអាងថា​ជា​កម្មសិទ្ធិ​របស់ខ្លួន ខណៈ​អាមេរិក​ជំទាស់​និង​តែង​បញ្ជូន​នាវា​និង​យន្តហោះ ក្រវែល​ក្បែរ​នោះ ធ្វើឲ្យ​ចិន​មិន​ពេញចិត្ត​។​

យ៉ាងណា ជំនួប​រវាង​មន្ត្រីជាន់ខ្ពស់​អាមេរិក​និង​ចិន ដែល​គ្រោង​ធ្វើ​ក្នុង​សប្តាហ៍​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​សញ្ញា​វិជ្ជមាន ដែល​អាចជួយ​បន្ធូរបន្ថយ​កម្រិត​តានតឹង ដែល​បាននិងកំពុង​កើតឡើង​។ ជំនួប​នេះ ក៏​ទំនងចៀ​ស​មិន​ផុតពី​ការនិយាយ​គ្នា ពី​ការរៀបចំ​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​និង​លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន ដែល​គ្រោង​ធ្វើ​នៅ​ចុងខែ​វិច្ឆិកា​នេះ នៅ​ខាងក្រៅ​កិច្ចប្រជុំ​G20 នា​ប្រទេស​អា​ហ្សង់​ទីន​។ មានការ​សង្ឃឹមថា ជំនួប​រវាង​ថ្នាក់ដឹកនាំ នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​កំពូល​លើ​លោក​ទាំងពីរ​នេះ នឹង​អាច​បំបែក​ភាពទ័លច្រក នៃ​សង្គ្រាម​ពាណិជ្ជកម្ម ដែល​អូសបន្លាយ​រយៈពេល​ជា​យូរ​មកហើយ​៕

ព័ត៌មានផ្សេងទៀត