លោក​ខៀវ កាញារីទ្ធ​៖​កម្ពុជា​ចង់​អោយ​ស្ថានីយ​វិទ្យុ VOA និង​RFA​មាន​ការិយាល័យ​នៅ​កម្ពុជា​

06-11-2018 4:06 pm 7885
  ស្តាប់
ស្តាប់ជាសំឡេង

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក William A.Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​ចង់​ឲ្យ​ស្ថានីយ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​(VOA) និង​វិទ្យុ​អាស៊ីសេរី (RFA)​មាន​ការិយាល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ងាយស្រួល​ទាក់ទង​ការងារ​អ្វីមួយ​។​

​លោក​ខៀវ កាញ​រី​ទ្ធ ក៏​បាន​បញ្ជាក់​ប្រាប់​លោក William A. Heidt បន្តថា កម្ពុជា​មិន​បាន​បិទ​ការផ្សាយ​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​(VOA) និង​វិទ្យុ​អាស៊ីសេរី (RFA) នោះទេ ហើយ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅតែ​អាច​ស្តាប់​ការផ្សាយ​របស់​វិទ្យុ​ទាំងពីរ​នេះ​ជាធម្មតា​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានឲ្យ​ដឹង​បន្ថែមថា មូលហេតុ​ដែល​វិទ្យុ VOA និង RFA មិន​មាន​ផ្សាយ​នៅ​តាម​វិទ្យុ ដូច​ពេល​កន្លងមក​នោះ ដោយសារ​តែ​ស្ថានីយ​វិទ្យុ​ក្នុងស្រុក​ខ្លះ បាន​បំពាន​ការជួល​ផ្សាយ​បន្ត ដោយ​មិន​បាន​ឆ្លង​បែបបទ​ឲ្យបាន​ត្រឹមត្រូវ​ពី​ក្រសួង​ព័ត៌មាន​។​

​នៅក្នុង​ជំនួប​នោះ​ដែរ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​ប្រាប់​លោក​ខៀវ កាញារីទ្ធ ដែរ​ថា ពាក់ព័ន្ធ​នឹង​ការផ្សាយ​របស់​វិទ្យុ​ទាំងពីរ​ខាងលើ​នេះ កំពុងតែ​មាន​ការដោះស្រាយ​។​លោក​បន្តថា នៅ​ពេល​ដោះស្រាយ​រួចរាល់​នឹង​មាន​ការផ្សាយ​ឡើងវិញ​តាម​រលក​វិទ្យុ FM នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កាលពីពេល​កន្លង​មក​លោក​ខៀវ កាញារីទ្ធ ធ្លាប់​បាន​បញ្ជាក់​ម្តង​ហើយ​ថា រដ្ឋាភិបាល​មិន​បាន​បិទ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​(VOA) និង​វិទ្យុ​អាស៊ីសេរី (RFA)​នោះទេ ដោយ​វិទ្យុ​បរទេស​ទាំង​ពីរ​នេះ នៅតែ​អាច​ជួល​ម៉ោង​ផ្សាយ​បន្ត​ពី​វិទ្យុ​ក្នុងស្រុក​បាន ចំពោះ​វិទ្យុ​ណា​ដែល​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​៕

ព័ត៌មានផ្សេងទៀត