ចិន​​ចង់​ក្លាយជា​​មហាអំណាច​​យោធា​​លេខ​មួយ​​ក្នុង​លោក​​នៅ​ឆ្នាំ​២០៥០

06-11-2018 3:56 pm 729
រូបភាព​យោធាចិន

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​ធ្លាប់​បានប្រកាសថា លោក​ចង់ឲ្យ​ប្រទេ​ស​ចិន​ក្លាយជា​មហាអំណាច​យោធា​លេខ​មួយ​ក្នុង​លោក​នៅ​ឆ្នាំ​២០៥០​។ បច្ចុប្បន្ន​ចិន​កំពុង​អភិវឌ្ឍ​សមត្ថភាព​យោធា តាមរយៈ​ការធ្វើ​ទំនើបកម្ម​យ៉ាង​ឆាប់រហ័ស ហើយ​ចិន​ក៏បាន​បង្កើន​កញ្ចប់​ថវិកា​ការពារជាតិ​យ៉ាងច្រើន​ផងដែរ​។ បច្ចុប្បន្ន​អាមេរិក​គឺជា​មហាអំណាច​យោធា​លេខ​មួយ ប៉ុន្ដែ​ក្នុងពេល​ប៉ុន្មាន​ទសវត្ស​ខាងមុខ អាមេរិក​នឹងមាន​គូប្រជែង​ដ៏​ធំ នោះ​គឺ​ប្រទេស​ចិន​នេះឯង​។ តើ​សព្វថ្ងៃ​ចិន​កំពុង​ព្យាយាម​បង្កើន​សមត្ថភាព បច្ចេកវិទ្យា​យោធា​យ៉ាងណាខ្លះ​?

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

សំឡេង៖

​បើ​យោងតាម​ការចាត់​ចំណាត់ថ្នាក់​របស់​Global Firepower Index បច្ចុប្បន្ននេះ​មហាអំណាច​យោធា​លេខ​មួយ​ក្នុង​លោក គឺ​សហរដ្ឋអាមេរិក ខណៈ​រុស្ស៊ី​ឈរ​នៅ​លេខ​ពី​រហើយ​ចិន​ឈរ​នៅ​លេខ​បី​។ ប៉ុន្ដែ​យ៉ាងណាក៏​ដោយ​​ចិន​មាន​មហិច្ឆតា​ខ្ពស់បំផុត ដោយ​ចង់​ក្លាយជា​មហាអំណាច​យោធា​លេខ​មួយ​ក្នុង​លោក​នា​ឆ្នាំ​២០៥០​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង​។ លោក​ស៊ី​ក៏បាន​ប្រកាស​បង្កើន​កញ្ចប់​ថវិកា​ការពារជាតិ​រហូតដល់​១,១១​ពាន់​ពាន់​លាន​យ័ន ស្មើនឹង​ប្រមាណ​១៧៥​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១៨​។ ចំនួន​នេះ​កើនឡើង​៧​ភាគរយ​បើ​ប្រៀបធៀប​កាលពី​ឆ្នាំមុន​។​

​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​យោធា​ចិន​បានធ្វើ​ទំនើបកម្ម​យ៉ាង​ឆាប់រហ័ស​។ បើ​គិតពី​ខែមករា​ដើមឆ្នាំ​២០១៨​មក ចិន​បាន​បញ្ចេញ​សាច់ដុំ​យោធា​តាមរយៈ​ការបង្ហាញ​យន្ដហោះ​ចម្បាំង​បំបាំង​កាយ យន្ដហោះ​គ្មាន​មនុស្ស​បើក នាវាចម្បាំង រួមទាំង​មី​ស៊ី​ល​ផងដែរ​។ បើ​និយាយ​ពី​កងទ័ព​ចិន​ដែលមាន​ប្រមាណ​ជាង​៣​លាន​៧​សែន​នាក់ ក៏បាន​ពង្រឹងសមត្ថភាព​ហ្វឹកហាត់​យ៉ាង​ខ្លាំងក្លា​បំផុត​។ ចំពោះ​ក្រុម​អ្នកវិទ្យាសាស្ដ្រ​ចិន បានធ្វើ​ការងារ​ឥត​សម្រាក​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា ក្នុងន័យ​ផ្លាស់ប្ដូរ​សមត្ថភាព​យោធា ផ្លាស់ប្ដូរ​យុទ្ធសាស្ដ្រ​ក្នុង​ការប្រយុទ្ធ រួមទាំង​ផ្លាស់ប្ដូរ​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​

​ស្របពេល​ចិន​កំពុង​ព្យាយាម​បង្កើន​សមត្ថភាព​យោធា មិនយូរ​ទេ​ចិន​នឹង​ក្លាយជា​គូប្រជែង​ធំ​បំផុត​របស់​អាមេរិក ទោះបី​ពេលនេះ​បច្ចេកវិទ្យា​យោធា​អាមេរិក​គ្មាន​នរណា​អាច​ប្រៀបបាន​ក្ដី​។ ក្នុងពេល​ប៉ុន្មាន​ទសវត្ស​ខាងមុខ ចិន​នឹង​ធ្វើឲ្យ​អាមេរិកភ័យ​ខ្លួន​ក្នុង​វិស័យ​សំខាន់ៗ​ដូចជា ប្រព័ន្ធ​វៃឆ្លាត​សិប្បនិម្មិត វិទ្យសាស្ដ្រ​ព័ត៌មានវិទ្យា​ជាដើម ព្រោះ​ចិន​បាន​ត្រៀមខ្លួន​រួចជាស្រេច​។​

តើ​អ្វី​ជា​ទឡ្ហីករណ៍​បង្ហាញ​ពី​ការកើនឡើង​ផ្នែក​បច្ចេកវិទ្យា​របស់​ចិន​?

​មាន​ចំណុច​សំខាន់ៗ​ចំនួន​បី​ដែល​យើង​អាច​ពិចារណា​បាន ទីមួយ ចិន​បាន​ប្រើប្រាស់​ការច្នៃ​ប្រតិដ្ឋ​របស់​បណ្ដា​ប្រទេស​ដទៃ តាមរយៈ​ការផ្ទេរ​បច្ចេកវិទ្យា​ឬ​ទិញយក​ក្រុមហ៊ុន​បរទេស​និង​ទេពកោសល្យ​របស់គេ​តែម្ដង​។ ចិន​បាន​ផ្លាស់ប្ដូរ​វិស័យ​វិស្វកម្ម​ជាមួយ​ពួក​បស្ចិមប្រទេស និង​បានធ្វើ​ចារកម្ម​លើ​វិស័យ​ឧស្សាហកម្ម​ផងដែរ ស្ថិតក្រោម​ការគាំទ្រ​ពី​រដ្ឋ​។

​យោងតាម​ការវិភាគ​ផ្នែក​សន្ដិសុខ​មួយ​បានឲ្យដឹងថា ចន្លោះ​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១៣ យោធា​ចិន​បាន​លួច​ទិន្នន័យ​សម្ងាត់​ពី​អង្គការ​ជាង​១៤០​នៅ​ជុំវិញ​ពិភពលោក​។ នៅ​ឆ្នាំ​២០១៤ ក្រសួង​យុត្ដិធម៌​អាមេរិក​បាន​ចោទប្រកាន់​មន្ដ្រី​យោធា​ចិន​៥​រូប ថា​បាន​ចូល​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត​ប្រឆាំងនឹង​ក្រុមហ៊ុនអា​មេរិក​។​

​ចំណុច​ទី​ពីរ ចិន​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការប្រមូល​ធនធាន​ជា​អាទិភាព សម្រាប់​វិស័យ​បច្ចេកវិទ្យា និង​គម្រោង​ស្រាវជ្រាវ​និង​អភិវឌ្ឍ​(R&D) តាមរបៀប​ដែល​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន​មិនអាច​ធ្វើបាន ដោយសារ​ដែន​កំណត់​នៃ​អំណាចរដ្ឋាភិបាល​។ ការឧបត្ថម្ភ​ពី​សំណាក់​រដ្ឋាភិបាល​លើ​គម្រោង​ស្រាវជ្រាវ​និង​អភិវឌ្ឍ ការកំណត់​បទប្បញ្ញត្ដិ ឧបសគ្គ​ទីផ្សារ និង​ការការពារ​សិទ្ធិ​ឯកជន បាន​ផ្ដល់ឱកាស​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ចិន មាន​សក្ដានុពល​យ៉ាងខ្លាំង​ក្នុង​ការប្រកួតប្រជែង​ជាមួយ​ដៃគូ​បរទេស​។ ឧទាហរណ៍​ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​Tencent​និង​ក្រុមហ៊ុន​Alibaba ជា​ក្រុមហ៊ុន​យក្ស​ចិន​កំពុង​ល្បីល្បាញ​ក្នុង​ឆាក​អន្ដរជាតិ​។​

​ចំណុច​ទី​បី​ជា​ចំណុច​ចុងក្រោយ ប្រទេស​ចិន​បាន​បង្កើន​ការចំណាយ​លើ​ការស្រាវជ្រាវ​របស់ខ្លួន​យ៉ាងច្រើន​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ចាប់ពី​ឆ្នាំ​២០១២​ដល់​២០១៧ ការចំណាយ​ផ្នែក​ស្រាវជ្រាវ​និង​ការអភិវឌ្ឍ​របស់​ចិន បាន​កើនឡើង​ដល់​៧០.៩​ភាគរយ គឺ​កើនឡើង​រហូតដល់​១,៧៦​ពាន់​ពាន់​លាន​យ័ន​។ គណៈកម្មការ​វិទ្យាសាស្ដ្រ​អាមេរិក​រំពឹងថា ចិន​នឹង​វ៉ា​ដាច់​អាមេរិក​ក្នុង​ការវិនិយោគ​លើ​ការសិក្សា​ស្រាវជ្រាវ​និង​ការអភិវឌ្ឍ​នៅ​ចុងឆ្នាំ​២០១៨​នេះ​ផង​។​

​ងាក​មក​ចាប់អារម្មណ៍​ពី​បច្ចេកវិទ្យា​ល្បឿន​លឿន ចិន​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​ឲ្យឈ្មោះ​ថា​Hypersonic​។ បច្ចេកវិទ្យា​ល្បឿន​លឿន​នេះ អាចឲ្យ​យើង​ធ្វើដំណើរ​ពី​ទីក្រុង​ប៉េកាំង​ទៅ​ទីក្រុង​ញូវយ៉ក ចំណាយពេល​តែ​២​ម៉ោង​ប៉ុណ្ណោះ ធម្មតា​ត្រូវ​ចំណាយពេល​ពេល​១៣​ម៉ោង​។ ចិន​កំពុង​អភិវឌ្ឍ​យាន​ល្បឿន​លឿន​ឈ្មោះ​DF-ZF ដើម្បី​បង្កើន​សមត្ថភាព​បាញ់​មី​ស៊ី​ល​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ធម្មតា បាន​កាន់តែ​លឿន​ជាង​មុន និង​មាន​សមត្ថភាព​កម្ចាត់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដែលមាន​ស្រាប់​។ នៅពេលដែល​ចិន​អាច​ផលិត​និង​ធ្វើតេស្ដ​ដោយ​ជោគជ័យ​មី​ស៊ី​ល​ល្បឿន​លឿន​នេះ វា​នឹង​ក្លាយជា​អាវុធ​ដ៏​គ្រោះថ្នាក់​បំផុត​ក្នុង​លោក ហើយ​ចិន​អាច​ប្រើប្រាស់​ទប់​ទល់នឹង​សត្រូវ​ពេល​មាន​ជម្លោះ​កើតឡើង​។​

​ប្រទេស​ចិន​ក៏​កំពុងមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ក្នុង​វិស័យ​ទំនាក់ទំនង​តាម​អ៊ី​ន​ធឺ​ណេត​និង​វិទ្យាសាស្ដ្រ​កុំព្យូទ័រ​ក៏ដូចជា​ការសរសេ​រកូដ​។ កាលពី​ខែសីហា​ឆ្នាំ​២០១៦​ចិន​បាន​បង្ហោះ​ផ្កាយរណប​មួយ​ដើម្បី​ជួយ​សម្រួល​ដល់​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណេត និង​ការពិសោធន៍​នានា​របស់​ក្រុម​ស្រាវជ្រាវ​។ ចិន​គ្រោង​នឹង​សាងសង់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដ៏​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក ជំរុញ​ឲ្យ​ដំណើរការ​បញ្ជូន​ព័ត៌មាន​កាន់តែ​ឆាប់រហ័ស​ជាង​មុន​។

​សម្រាប់​បច្ចេកវិទ្យា​អេឡិចត្រូ​ម៉ាញ៉េទិច​វិញ ចិន​ក៏​ស្ថិតក្នុង​ដំណាក់កាល​មួយ​ឈានមុខ​ដែរ​។ ចិន​មាន​កាំភ្លើង​ដែល​ប្រើ​បច្ចេកវិទ្យា​អេឡិចត្រូវ​ម៉ាញ៉េទិច មាន​សមត្ថភាព​បាញ់​បាន​ឆ្ងាយ​និង​មាន​ល្បឿន​មិនគួរឲ្យ​ជឿ​។ កាំភ្លើង​ទាំងនេះ​មាន​ថាមពល​ខ្លាំងណាស់ អាច​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ដោយសារ​តែមាន​ល្បឿន​ខ្លាំង​។ តាម​រូបភាព​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ចិន​នាពេល​ថ្មីៗ គេ​កំពុង​សង្ស័យថា​ជា​ការពិសោធន៍​កាំភ្លើង​អេឡិចត្រូ​ម៉ាញ៉េទិច​សម្រា​ប់​បំពាក់​លើ​នាវាចម្បាំង​ចិន​។ បើ​ដូច្នេះ​មែន​មានន័យថា​ចិន​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​លោក ដែល​នឹង​ធ្វើតេស្ដ​អាវុធ​ប្រភេទ​នេះ​ក្នុង​សមុទ្រ​នាពេល​ដ៏​ខ្លី​ខាងមុខ​។​

​តាម​អ្វីដែល​កំពុង​ខិតខំ​និង​ការប្ដេជ្ញាចិត្ដដ៏​មុតមាំ តើ​ចិន​អាច​នឹង​សម្រេចបាន​មហិច្ឆតា ក្លាយជា​មហាអំណាច​យោធា​លេខ​មួយ​ក្នុង​លោក​នៅ​ឆ្នាំ​២០៥០ ដូច​គោលដៅ​បានកំណត់​ឬទេ​? យើង​មានតែ​រង់ចាំ​មើល​ទាំងអស់គ្នា​៕

ព័ត៌មានផ្សេងទៀត