អាមេរិក​​ចាប់ផ្ដើម​​ការបោះឆ្នោត​​ពាក់​កណ្ដាល​​អាណត្ដិ​​នៅ​ថ្ងៃទី​០៦​​វិច្ឆិកា​នេះ​

06-11-2018 9:52 am 547
  ស្តាប់
ការបោះឆ្នោត​​ពាក់កណ្ដាលអាណត្ដិនៅអាមេរិក
ស្តាប់ជាសំឡេង

​ជា​រៀងរាល់​បួន​ឆ្នាំ​ម្ដង​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្ដិ តែង​រៀបចំឡើង​ក្នុង​ខែវិច្ឆិកា ហើយ​នៅ​ឆ្នាំ​២០១៨​នេះ​ក៏​មិន​ខុសពី​បួន​ឆ្នាំមុន​ដែរ ការបោះឆ្នោត​ត្រូវ​រៀបចំ​នៅ​ថ្ងៃទី​០៦​វិច្ឆិកា​។ ឆ្នាំ​២០១៨​ប្រជាជន​អាមេរិក​ប្រមាណ​ជាង​៣៤​លាន​នាក់​ត្រូវ​ចូលរួម​ក្នុង​ការបោះឆ្នោត ដែល​តួលេខ​នេះ​កើនឡើង​ខ្ពស់ជាង​ឆ្នាំ​២០១៤​មានតែ​២៧​លាន​កន្លះ​ប៉ុណ្ណោះ​។ មណ្ឌលបោះឆ្នោត​ចាប់ផ្ដើម​បើក​នៅ​ម៉ោង​៦​ព្រឹក​ម៉ោង​ក្នុង​តំបន់ ហើយ​បិទ​វិញ​នៅពេល​ល្ងាច បន្ទាប់មក​ការរាប់​សន្លឹកឆ្នោត​នឹង​ចាប់ផ្ដើម​ភ្លាមៗ​។​

​អាសនៈ​ចំនួន​៣៥​នៃ​១០០​អាសនៈ​នៅក្នុង​ព្រឹទ្ធសភា និង​អាសនៈ​ទាំង​៤៣៥​នៅក្នុង​រដ្ឋសភា នឹង​ក្លាយជា​គោលដៅ​សម្រាប់​គណបក្សនយោបាយ​ប្រជែង​គ្នា​ដណ្ដើមយក​។ ការបោះឆ្នោត​នេះ​ក៏​ធ្វើឡើង​សម្រាប់​ជ្រើសរើស​អភិបាលរដ្ឋ​ចំនួន​៣៦​នៃ​រដ្ឋ​ទាំង​៥០​របស់​អាមេរិក​ផងដែរ​។ តាម​ការស្ទង់មតិ​ថ្មីៗ​បង្ហាញថា គណបក្ស​សាធារណរដ្ឋ​របស់លោក​ដូណាល់ ត្រាំ ទំនងជា​បន្ដ​គ្រប់គ្រង​អាសនៈ​ភាគច្រើន​នៅក្នុង​ព្រឹទ្ធសភា​ដដែល​។ ប៉ុន្ដែ​សំឡេង​នៅក្នុង​រដ្ឋសភា​វិញ​អាច​នឹង​ប្រកៀក​ប្រកិត​គ្នា ទោះបី​កន្លងមក​មាន​ការសន្និដ្ឋាន​ថា​គណបក្ស​ប្រជាធិបតេយ្យ​អាច​នឹង​នាំមុខ​ក៏ដោយ​។​

​បញ្ហា​សេដ្ឋកិច្ច ជនអន្ដោប្រវេសន៍ សន្ដិសុខ​សង្គម ស្ថិតក្នុង​ចំណោម​បញ្ហាសំខាន់ៗ​ដែល​គណបក្សនយោបាយ​ប្រជែង​គ្នា​មុន​កាបោះឆ្នោត​។ ក្នុង​គោលបំណង​ដណ្ដើមយក​អាសនៈ​នៅក្នុង​សភា បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​បាន​វាយប្រហារ​ដោយ​ពាក្យសម្ដី​ធ្ងន់ៗ លើ​គោលនយោបាយ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​។

​ពេលនេះ​កំពុងមាន​ការផ្ដោត​យកចិត្ដទុកដាក់​យ៉ាង​ខ្លាំង ព្រោះ​គេ​ចង់ដឹងថា​តើ​គណបក្ស​សាធារណរដ្ឋ អាច​បន្ដ​គ្រប់គ្រង​ដោយ​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ទាំងពីរ​ទៀត​ឬ​យ៉ាងណា​។ ប្រសិនបើ​គណបក្ស​សាធារណរដ្ឋ​ចាញ់​សំឡេង​ភាគច្រើន​ក្នុង​សភា​ណាមួយ​ក៏ដោយ លោក​ប្រធានាធិបតី​នឹងត្រូវ​ប្រឈម​ការលំបាក​ខ្លាំង ក្នុងការ​អនុវត្ដ​គោលនយោបាយ​របស់លោក​៕

ព័ត៌មានផ្សេងទៀត