លោក​ដូណាល់ ត្រាំ​៖​​អា​រ៉ាប៊ីសាអូឌីត​នៅ​ពុំទាន់​ចេះ​ប្រើ​ប្រាស់​​អាវុធ​​របស់​​អាមេរិក​ទេ​

05-11-2018 3:41 pm 302
  ស្តាប់
​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ  ចាត់ទុក​អា​រ៉ាប៊ីសាអូឌីតថា​ពុំទាន់​ចេះ​ប្រើប្រាស់​អាវុធ​របស់​អាមេរិក វាយប្រហារ​ក្រុមប្រឆាំង​នៅក្នុង​ប្រទេស​យេមែន​ទេ​។ លោក​ត្រាំ​និយាយ​ដូច្នេះ​ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​មួយ ដែល​ទើប​ចេញផ្សាយ​នៅ​ថ្ងៃទី​០៥​វិច្ឆិកា​នេះ​។ លោក​ត្រាំ​បាន​បន្ថែមថា ចាប់តាំងពី​មាន​ការវាយប្រហារ​ខុស​គោលដៅ កាលពី​ថ្ងៃទី​០៩​ខែសីហា​នៅ​ក្នុងប្រទេស​យេមែន ស​បញ្ជាក់ថា​អា​រ៉ាប៊ីសាអូឌីតនៅ​ពុំទាន់មានជំនាញ ពុំទាន់​ចេះ​ប្រើប្រាស់​អាវុធ​អាមេរិក​ឡើយ​។​

​កាលនោះ​ក្រុមចម្រុះ​អារ៉ាប់​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត បាន​បើក​ការវាយប្រហារ​លើ​រថយន្ដ​ដឹក​សិស្សសាលា ក្នុង​ខេត្ដ​Saada​នៅ​ភាគ​ខាងជើង​ប្រទេស​យេមែន សម្លាប់​មនុស្ស​ជាង​៥០​នាក់ ភាគច្រើន​ជា​អនីតិជន​។ លោក​ត្រាំ​ថា​នេះ​គឺជា​ហេតុការណ៍​ដ៏​គួរឲ្យ​រន្ធត់​និង​អាក្រក់​បំផុត ហើយ​លោក​មិន​សប្បាយចិត្ដ​ទេ នៅពេល​មាន​គ្រោះថ្នាក់​កើតឡើង​លើ​ក្មេងៗ​ជា​មនុស្ស​មិន​ដឹងអី​ផង​នោះ​។ លោក​មានរឿង​ជាច្រើន​ត្រូវ​ពិភាក្សា​ជាមួយ​អា​រ៉ាប៊ីសាអូឌីត ព្រោះ​លោក​មិន​ត្រូវការ​អ្នក​ដែល​គ្មាន​ជំនាញ មិនដឹង​ពី​របៀប​ប្រើប្រាស់​អាវុធ​អាមេរិក​ដូច្នេះ​ទេ​។​

​នៅក្នុង​បទសម្ភាសន៍​លោក​ដូណាល់ ត្រាំ​កត់សម្គាល់ថា អាមេរិក​កំពុង​តាមដាន​យ៉ាង​យកចិត្ដទុកដាក់​ពី​ស្ថានការណ៍​នៅ​ក្នុងប្រ​ទេស​យេមែន​។ យេមែន​ពេលនេះ​ប្រហែល​ក្លាយជា​ទីតាំង​រងគ្រោះ​ដ៏​អាក្រក់​បំផុត​នៅលើ​ផែនដី​។​

​សូម​រម្លឹកថា សង្គ្រាម​នៅ​ប្រទេស​យេមែន​រវាង​ក្រុមប្រឆាំង​រដ្ឋាភិបាល ជាមួយនឹង​ក្រុម​ឧទ្ទាម​ហូ​ធី​ដែល​ចូលមក​ដណ្ដើម​អំណាច បានចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០១៥​រហូតដល់​បច្ចុប្បន្ន​។ អាមេរិក​គាំទ្រ​អា​រ៉ាប៊ីសាអូឌីត​ក៏ដូចជា​រដ្ឋាភិបាល​យេមែន ឲ្យ​ដឹកនាំ​សម្ព័ន្ធ​អារ៉ាប់​បើក​ការវាយប្រហា​រលើ​ក្រុម​ឧទ្ទាម​ហូ​ធី​។ សង្គ្រាម​នេះ​បានសម្លាប់​ជន​ស៊ីវិល​ជាង​៦​ពាន់​នាក់ របួស​ជិត​៥​ម៉ឺន​នាក់ និង​ប្រជាជន​ជម្លៀស​ខ្លួន​ជាង​៣​លាន​នាក់​។ យេមែន​ក៏​កំពុង​ជួប​វិបត្ដិ​ស្បៀងអាហារ​ផងដែរ ដោយមាន​ប្រជាជន​ជាច្រើន​កំពុង​ត្រូវការ​ជំនួយ​ស្បៀងអាហារ​ជាបន្ទាន់​៕

ព័ត៌មានផ្សេងទៀត