លោក​គង់ គាំ ​កំពុង​ត្រូវគេ​​សង្ស័យថា​​ជា​រនុកក្នុង​ របស់​​គណបក្ស​ប្រជាជន​? ​

05-11-2018 10:58 am 8140
  ស្តាប់
លោកហ៊ុន សែន និងលោកគង់ គាំ
ស្តាប់ជាសំឡេង

​ការទទួលស្គាល់ ការបោះឆ្នោត ថា​ត្រឹមត្រូវ​, ការមិនជឿ​ពី​ការ​រស់​ឡើងវិញ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​, ការ​ចំអក​ដល់​ក្រុមប្រឆាំង​គ្នាឯង ដែល​បារម្ភ​ពី​ការព្រមាន​ដក​ប្រព័ន្ធ អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ...​បាន​ធ្វើឲ្យ​មានមន្ទឹលថា លោក​គង់ គាំ ដែលជា​អ្នក​ស្និទ្ធស្នាល​បំផុត​នឹង​លោក​សម រង្ស៊ី និង​ជា​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​រនុកក្នុង របស់​គណបក្ស​ប្រជាជន​កម្ពុជា ។​

​កាលពី​ថ្ងៃទី​០៤ វិច្ឆិកា លោក​គង់ គាំ ដែលជា​អ្នក​ស្និទ្ធស្នាល​បំផុត​នឹង​លោក​សម រង្ស៊ី និង​ជា​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានលើកឡើង​តាមរយៈ​ការផ្តល់​កិច្ចសម្ភាសន៍ ជាមួយ​វិទ្យុ​វា​យោ ថា​អ្នក​ដែល​បារម្ភ​រឿង​អឺរ៉ុប​ដក​ប្រព័ន្ធ អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នោះ គឺជា​ក្រុម​បំពុល​សង្គម និង​បំភិតបំភ័យ​ដល់​កម្មករ ហើយ​ថា ការបោះឆ្នោត​អាណត្តិ​ទី​៦ កាលពី​ថ្ងៃទី​២៩ កក្កដា ដោយ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​បាន​ធ្វើឡើង​យ៉ាង​ត្រឹមត្រូវ មិន​ក្លែងក្លាយ ដូច​ក្រុមប្រឆាំង​ចោទ​នោះឡើយ​។​

​ការលើកឡើង​យ៉ាង​ដូច្នេះ ហាក់ដូចជា​វាយប្រហារ​ធ្ងន់ៗ ទៅលើ​ក្រុម​អ្នកនយោបាយ​បក្សប្រឆាំង គ្នាឯង ដែល​ចាត់ទុក​ការបោះឆ្នោត​នៅ​កម្ពុជា​អាណត្តិ​ទី​៦ ថា​ជា​ការបោះឆ្នោត​ក្លែងក្លាយ និង​កំពុងតែ​បារម្ភ​រឿង​សហភាព​អឺរ៉ុប ដែល​អាច​នឹង​ពិចារណា​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា​។​

​លោក​គង់ គាំ កំពុង​ធ្វើឲ្យ​មហាជន​ទូទៅ​មាន​ការងឿងឆ្ងល់​យ៉ាងខ្លាំង នៅពេលដែល​ឃើញ​លោក ដែល​ធ្លាប់ជា​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា បាន​ផ្តាច់ខ្លួន​មក​រួមរស់​ជាមួយ​អតីត​គណបក្សប្រឆាំង កាលពីពេល​កន្លងទៅ ថា​អាចជា​រនុកក្នុង របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចូលទៅ​នៅក្នុង​ជំរុំ​របស់​បក្សប្រឆាំង​យូរ​មកហើយ ។ ដោយ​លោក បែរជា​ចេញ​មុខមក​ប្រកាស​សរសើរ​ការបោះឆ្នោត ដែល​មជ្ឈដ្ឋាន​អន្តរជាតិ​មួយចំនួន និង​អតីត​គណបក្សប្រឆាំង ចាត់ទុកជា​ការបោះឆ្នោត​ក្លែងក្លាយ បែបនេះ​ទៅវិញ​។ ជាងនេះទៀត លោក​គង់ គាំ ហៅ​ការបារម្ភ​ចំពោះ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា ពី​សំណាក់​សហភាព​អឺរ៉ុប ថា​ជា​ពួក​បំពុលសង្គម និង​កំពុង​បំភ័យ​កម្មករ ខណៈ​លោក ងាក​មក​សរសើ​រការ​ដឹកនាំ​របស់លោក​ហ៊ុន សែន ថា​បានធ្វើឲ្យ​សេដ្ឋកិច្ចជាតិ​រីកចម្រើន​ខ្លាំង​។​

​ខណៈដែល​មហាជន​ដាក់​ការសង្ស័យ​លើ​លោក​គង់ គាំ​នេះ ស្រាប់តែ​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញមក​បន្ទ​រ​បន្ថែម តាមរយៈ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម ដោយ​ដាក់​ចំណងជើង លើ​សំណេរ​របស់ខ្លួន​ថា​«​តើ​គង់ គាំ ជា​CIA​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឬទេ​?»

​លោក​សុខ ឥសាន បាន​លើកមកបង្ហាញ​នូវ​ទឡ្ហីករណ៍​មួយចំនួន ដូចជា ការបង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ ការ​ទទួលស្គាល់ថា គណបក្ស​សង្គ្រោះ​ជាតិ រលាយ​អត្តសញ្ញាណ​យ៉ាង​ពិតប្រាកដ ដែល​នៅសល់​ត្រឹមតែ​ឈ្មោះ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណោះ និង​ការរិះគន់​ក្រុមប្រឆាំង​គ្នាឯង ដែល​បារម្ភ​ពី​ការដក​EBA ថា​គ្រាន់តែ​ជាការ​បំពុលសង្គម និង​បំភ័យ​កម្មករ​...​ជាដើម​។​

​ប៉ុន្តែ​ភ្លាមៗ នៅ​ព្រលប់​ថ្ងៃទី​០៤ វិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ធ្លាប់ជា​អ្នក​ស្និទ្ធស្នាល​បំផុត​នឹង​លោក​គង់ គាំ ដែរ បាន​ឆ្លើយតប​ភ្លាមៗ តាមរយៈ​អង្គភាព​ព័ត៌មាន Fresh News ដែល​ស្និទ្ធ​លោក​ថា ការលើកឡើង​របស់លោក សុខ ឥសាន ដែលថា លោក​គង់ គាំ ជា CIA របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ត្រឹមត្រូវ​ទេ​។ លោក​ហ៊ុន សែន ថា ការ​ថ្លែង​របស់លោក​គង់ គាំ គឺ​ចេញពី​ឆន្ទះ​របស់​លោកពិត មិន​ពាក់ព័ន្ធ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។ លោក​ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា លោក​គង់ គាំ បាន​ចាកចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ផ្លូវការ ដោយមាន​លិខិត​ត្រឹមត្រូវ​៕

ព័ត៌មានផ្សេងទៀត