ក្រុមបាតុករ​​អ៊ីរ៉ង់​​នាំគ្នា​​ដុត​ទង់ជាតិ​​និង​ប្រាក់​ដុល្លារ​​ប្រឆាំង​​ទណ្ឌកម្ម​ថ្មី​​អាមេរិក​

05-11-2018 10:52 am 324
រូបភាព​ក្រុមបាតុករអ៊ីរ៉ង់ដុតក្រដាសប្រាក់និងទង់ជាតិអាមេរិក

​ប្រជាជន​អ៊ីរ៉ង់​រាប់ពាន់នាក់​កាលពី​ថ្ងៃទី​០៤​វិច្ឆិកា បាននាំគ្នា​តវ៉ា​ប្រឆាំងនឹង​សហរដ្ឋអាមេរិក ដែល​ចាប់ផ្ដើម​ដាក់ទណ្ឌកម្ម​ជាថ្មី​លើ​ការលក់​ប្រេង​របស់​អ៊ីរ៉ង់​នៅ​ថ្ងៃទី​០៥​វិច្ឆិកា​នេះ​។ ការតវ៉ា​កាលពី​ថ្ងៃទី​០៤​វិច្ឆិកា ក្រៅតែពី​ប្រឆាំង​អាមេរិក ក៏មាន​គោលបំណង​មួយទៀត គឺ​រម្លឹក​ដល់​វិបត្ដិ​ចំណាប់ខ្មាំង​នៅ​ស្ថានទូត​អាមេរិក​ឆ្នាំ​១៩៧៩​។ ប៉ុន្ដែ​អ្វីដែល​ផ្ដោត​សំខាន់​នៅពេលនេះ ពាក់ព័ន្ធ​ការសម្រេច​របស់​អាមេរិក​លើ​ការដាក់ទណ្ឌកម្ម​។​

​ប្រជាជន​ដែល​ចូលរួម​ក្នុង​ការតវ៉ា បាននាំគ្នា​ដុត​ទង់ជាតិ ដុត​ប្រាក់​ដុល្លារ​អាមេរិក និង​ខ្លះ​លើក​រូបលោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ក្នុងន័យ​រិះគន់​ប្រឆាំង​សហរដ្ឋអាមេរិក​។ ពួកគេ​បានប្រកាស​នឹង​ប្រឆាំង​ដាច់ខាត​ចំពោះ​ទណ្ឌកម្ម​ថ្មី​អាមេរិក ហើយ​ទណ្ឌកម្ម​នេះ​នឹង​ធ្វើឲ្យមាន​ការរួប​រួម​កាន់តែ​ខ្លាំង​នៅ​អ៊ីរ៉ង់​។ ពួកគេ​នឹងមិន​ធ្វើតាម​ការចង់បាន​រប​ស់លោក​ដូណាល់ ត្រាំ​ដាច់ខាត​។ ចំពោះ​មេបញ្ជាការ​កងទ័ព​ជាន់ខ្ពស់​អ៊ីរ៉ង់​បាន​និយាយ​នៅមុខ​ក្រុមបាតុក​រថា អ៊ីរ៉ង់​នឹង​ប្រឆាំង​ដាច់ខាត ហើយនឹង​យកឈ្នះ​លើ​បញ្ហា​សេដ្ឋកិច្ច យកឈ្នះ​សង្គ្រាមចិត្ដសាស្ដ្រ​អាមេរិ​ក​។ សូមបញ្ជាក់ថា ទីក្រុង​វ៉ាស៊ីនតោន​បានប្រកាស​នឹង​ដាក់ទណ្ឌកម្ម​លើ​បុគ្គល និង​អង្គការ​ឯកជន​យ៉ាងហោចណាស់​៧០០ ដែលមាន​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​៕

ព័ត៌មានផ្សេងទៀត