មន្ត្រីជាន់ខ្ពស់​ចិននឹង​ជំរុញ​ប្រជាជន​ចិន​ឲ្យមក​កម្សាន្ត​និង​វិនិយោគនៅ​ខេត្តសៀមរា​ប​

05-11-2018 10:24 am 4583
  ស្តាប់
ស្តាប់ជាសំឡេង

​បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប ទស្សនា​ប្រាសាទង្គរវត្ត និង​ប្រាសាទបុរាណ​មួយចំនួនទៀត អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន លោក Zhang Chunxian បាន​សំឡឹង​ឃើញ​ពី​សក្តានុពល​របស់​ខេត្តសៀមរាប​។ លោក Zhang Chunxian ថា បញ្ចប់​បេសកកម្ម​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ លោក​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​ទាំងនេះ ទៅកាន់​ប្រជាជន​ចិន​ឲ្យមក​កម្សាន្ត​និង​វិនិយោគ នៅក្នុង​ខេត្តសៀមរាប​របស់​កម្ពុ​ជា កាន់តែច្រើន​បន្ថែមទៀត​។ នេះ​បើតាម​លោក Zhang Chunxian​ថ្លែង​​ប្រាប់​លោក​ឃឹម ប៊ុន​សុង​អភិបាលខេត្ត​សៀមរាប​កា​លពី​ពេល​ថ្មីៗ​នេះ​។​

បើតាមការបញ្ជាក់ដោយសារព័ត៌មានកម្ពុជា ក្នុង​រយៈពេល ៩​ខែ​ឆ្នាំ​២០១៨​នេះ មាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ចូលមក​ទស្សនា​ខេត្តសៀមរាប​មាន​ចំនួន ៤.៤៥០.៧៣៨​នាក់ មាន​ការកើនឡើង​៨.៤៧​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូច គ្នា​កាលពី​ឆ្នាំ​២០១៧​។ ក្នុងនោះ ភ្ញៀវទេសចរ​ចិន មាន​ចំនួន​៨៣១.៨០១​នាក់ កើនឡើង ៥០.៦២​ភាគរយ ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១ ក្នុងចំណោម​ភ្ញៀវ​ទេស​ចរអន្តរជាតិ​សរុប​។ ក្រៅពី​ខេត្តសៀមរាប ភ្ញៀវទេសចរ​និង​អ្នក​វិនិយោគិន​ចិន បាន​កើនឡើង​យ៉ាងគំហុក​ផងដែរ នៅ​តំបន់​ទេសចរណ៍ ស្ថិតនៅ​ខេត្ត​ព្រះសីហនុ​។ 

​ចំនួន​ភ្ញៀវទេសចរ​ចិន​កើនឡើង​លើសលុប​លើ​ភ្ញៀវ​បរទេស​ដទៃទៀត ក៏​ដោយសារ​ប្រជាជន​កម្ពុជា​និង​ប្រជាជន​ចិន​ មានចំណងមិត្តភាព សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ស្អិតរ​មួ​ត​ជាមួយគ្នា​យូរ​មកហើយ​។ នេះ​បើតាម​ការលើកឡើង ដោយ​លោក​អភិបាលខេត្ត​សៀមរាប​។ ដើម្បី​ទទួល​ភ្ញៀវទេសចរ​ថ្មីៗ​នៅ​ពេលខាងមុខ អាជ្ញាធរខេត្ត បាននិងកំពុង​ពង្រឹង​និង​ពង្រីក​វិសាលភាព នៃ​ការ​បម្រើសេវា​ទេសចរណ៍​ក្នុង​ខេត្ត​ឲ្យ​កាន់តែ​ល្អប្រសើរ​។ នៅក្នុង​នោះ​រួមមាន ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់​អគ្គិសនី ប្រព័ន្ធ​ទឹកស្អាត​និង​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​សាធារណៈ ការកែលម្អ​សោភណភាព​ក្រុង​។ ពិសេស គឺ​ការការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​៕

ព័ត៌មានផ្សេងទៀត