កូនប្រុស​​លោក​ខា​ស៊ូ​ជី​​ស្នើសុំ​សាកសព​​ឪពុក​​យកមក​ធ្វើបុណ្យ​

05-11-2018 9:40 am 283
រូបថត​លោកចាម៉ល ខាស៊ូជី

​កូនប្រុស​របស់​អ្នកកាសែត​អា​រ៉ាប៊ីសាអូឌីត​លោក​ចាម៉​ល ខា​ស៊ូ​ជី​កាលពី​ថ្ងៃអាទិត្យ បាន​អំពាវនាវ​សុំ​សាកសព​ឪពុក​ដើម្បី​យកមក​បញ្ចុះ​និង​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ក្នុងពេល​ផ្ដល់​បទសម្ភាសន៍​ដល់​បណ្ដាញ​សារព័ត៌មាន​CNN លោក​សាឡា​ស​(Salah)​និង​លោក​អាប់​ឌុល​ឡា​ស ខា​ស៊ូ​ជី​(Abdullah Khashoggi) ជា​កូនប្រុស​លោក​ចាម៉​ល ខា​ស៊ូ​ជី បាន​និយាយថា បើ​គ្មាន​សាកសព​ក្រុមគ្រួសារ​និង​សាច់ញាតិ ហាក់​ពិបាក​នឹង​រៀបចំ​ពិធីបុណ្យ​សព​ណាស់​។ ពួកគេ​បន្ដថា វា​មិនមែនជា​ស្ថានភាព​ធម្មតា​ទេ មិនមែនជា​ការសម្លាប់​ធម្មតា​ទេ​។ ប៉ុន្ដែ​អ្វីដែល​ពួកគេ​ចង់បាន គឺ​យក​សាកសព​ឪពុក​មក​បញ្ចុះ​និង​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​សង្ឃឹម​នឹង​រកឃើញ​សាកសព​ក្នុងពេល​ឆាប់ៗ​។​

​សូម​រម្លឹកថា លោក​ចាម៉​ល ខា​ស៊ូ​ជី​មាន​អាយុ​៥៩​ឆ្នាំ ជា​អ្នកកាសែត​ល្បីឈ្មោះ​ជនជាតិ​អា​រ៉ាប៊ីសាអូឌីត ធ្លាប់​សរសេរ​អត្ថបទ​រិះគន់​សែ​រាជវង្ស​និង​រដ្ឋាភិបាល​អា​រ៉ាប៊ីសាអូឌីត​ផងដែរ​។ លោក​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​០២​ខែតុលា ក្រោយពេល​លោក​ចូលទៅក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ាប៊ីសាអូឌីត​ប្រចាំ​ទីក្រុ​ង​អ៊ី​ស្ដង់​ប៊ុ​ល​ប្រទេស​តួ​ក​គី ដើម្បី​ស្នើសុំ​ឯកសារ​រៀបការ​។ បន្ទាប់ពីនោះ​មាន​ព័ត៌មាន​ថា លោក​ត្រូវ​បានសម្លាប់​នៅក្នុង​ស្ថាន​កុងស៊ុល ប៉ុន្ដែ​គ្មាន​ព័ត៌មាន​ច្បាស់លាស់​ហើយក៏​មិនដឹងថា​នរណា​ជា​អ្នកបញ្ជា​ដែរ​៕

ព័ត៌មានផ្សេងទៀត