អាមេរិក​-​តួ​ក​គីសម្រេច​ដក​ទណ្ឌកម្ម​ចេញពី​មន្ត្រី​គ្នា​ទៅវិញទៅមក​

04-11-2018 5:16 pm 400
  ស្តាប់
លោកRecep Tayyip Erdoganនៅខាងឆ្វេងលោកដូណាល់ ត្រាំ
ស្តាប់ជាសំឡេង

​អាមេរិក​បានសម្រេច​ដ​ក​ទណ្ឌកម្ម ចេញពី​រដ្ឋមន្ត្រី​នៃ​ប្រទេស​តួ​ក​គី​ពីររូប រួមមាន​លោក Abdulhamit Gul រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​លោក Suleyman Soylu រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ដូច្នេះ​រដ្ឋមន្ត្រី​គ្រាក់ៗ​ទាំងពីរ​រូបនេះ អាច​ប្រើប្រាស់​ទ្រព្យសម្បត្តិ ដែលមាន​តម្កល់​នៅ​អាមេរិក​ឡើងវិញ និង​អាចធ្វើ​ជំនួញ​ឬ​រកស៊ី ជាមួយ​ពលរដ្ឋ​អាមេរិក​បាន​ធម្មតា​។​ ​ក្នុងពេល​ដំណាលគ្នា​នោះ តួ​ក​គី​ក៏បាន​ដក​បម្រាម​ធ្វើចរាចរណ៍ និង​លើកលែង​ការបង្ក​ក​ទ្រព្យសម្បត្តិ លើ​រដ្ឋមន្ត្រី​អាមេរិក​ពីររូប​ដូចគ្នា​។ រដ្ឋមន្ត្រី​ទាំងពីរ​រូបនោះ រួមមាន​លោក Jeff Sessions និង​លោក Kirsjten Nielse​។​នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​តួ​ក​គី​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​។​

​ការដក​ទណ្ឌកម្ម​ចេញពី​មន្ត្រី​នៃ​ប្រទេស​ទាំងសងខាង ទំនង​កើតចេញពី​ការ​ចា​គ្នា​តាម​ទូរស័ព្ទ រវាង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​និង​លោក Recep Tayyip Erdogan​ប្រធានាធិបតី​តួ​ក​គី កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​។ ការឈាន​ទៅ​សម្រេច​លើកលែង​ទណ្ឌកម្ម​នេះ ក្រោយ​តួ​ក​គី​បាន​ដោះលែង​គ្រូ​គង្វាល​អាមេរិកកាំង​លោក Andrew Brunson ដែល​អាមេរិក​ទទូច​ចង់បាន​ជា​យូរ​មកហើយ​។ លោក Andrew Brunson ត្រូវបាន​ឃុំខ្លួន នៅក្នុង​ប្រតិបត្តិ​ការង្ក្រាប​លើ​អ្នកចូលរួម​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ មិន​បានសម្រេច កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៦​។ លោក​បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពីបទ​ចារកម្ម​និង​គាំទ្រ​ក្រុម​ភេរ​វករ និង​ទើប​ត្រូវបាន​ដោះលែង​កាលពី​ខែ​មុន​។​

​សូមបញ្ជាក់ថា អាមេរិក​បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​តួក​គី​ពីរ​រូបកាលពី​ខែ​សីហា  ដោយសារ​រដ្ឋមន្ត្រី​ទាំងពីរ​ជា​អ្នកដើរតួ​សំខាន់ នៅក្នុង​ការចាប់ និង​ឃុំខ្លួន​គ្រូ​គង្វាល​អាមេរិក​។ ក្រោយមក​តួ​ក​គី​បាន​ចាត់វិធានការ​សងសឹក​ស្រដៀង​គ្នា​វិញ ដោយ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋមន្ត្រី​អាមេរិក​វិញ​។ បើទោះជា​បែបនេះ​ក្តី ភាគី​ទាំងពីរ មិនទាន់​សម្រេច​យ៉ាងណា លើ​តម្លៃ​ពន្ធ​ដែល​បានប្រកាស​តំឡើង​លើ​ទំនិញ​គ្នា ទៅវិញទៅមក​នៅឡើយ​ទេ​។ សម្រាប់​អាមេរិក នៅតែ​រក្សា​ការសម្រេចចិត្ត​របស់ខ្លួន ក្នុង​ការបង្កើន​ពន្ធ​ទ្វេរ​ដង​លើ​ផលិតផល អាលុយមីញ៉ូម និង​ដែក​ដែល​តួ​ក​គី​នាំចូល​អាមេរិក​ដដែល ខណៈ​តួ​ក​គី​ក៏​មិន​និយាយ​ពី​ពន្ធ​ដែល​បានប្រកាស​តំឡើង​លើ​ផលិតផល​ថ្នាំជក់ និង​រថយន្ត​អាមេរិក​នោះដែរ​៕

ព័ត៌មានផ្សេងទៀត