សង្គ្រាមស៊ីវិល​ស៊ី​រី​៖​ជំនួយ​មនុស្សធម៌​បាន​បញ្ជូន​ដល់​ជំរុំ​Rukban​ផ្ទុក​មនុស្ស​៥​ម៉ឺន​នាក់​

04-11-2018 1:15 pm 339
  ស្តាប់
​ជំរុំជនភៀសខ្លួន​Rukbanនៃប្រទេសស៊ីរី
ស្តាប់ជាសំឡេង

​តាម​គម្រោង​ក្បួន​រថយន្ត​ដឹក​ជំនួយ​មនុស្សធម៌ អង្គការ​សហ​ប្រជា​ជាតិ និង​អឌ្ឍចន្ទ​ក្រហម​SARC គ្រោង​ទៅដល់​ជំរុំ​Rukban ប្រទេស​ស៊ី​រី នៅ​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៨​។ ប៉ុន្តែ ដោយសារ​មូលហេតុ​សន្តិ​សុខ ក៏ត្រូវ​ពន្យារពេល រហូតដល់​ថ្ងៃ​សៅរ៍​ទី​៣​ខែវិច្ឆិកា ទើប​ក្បួន​រថយន្ត​ធ្វើដំណើរ​ដល់​គោលដៅ ក្រោម​ការការពារ​ពី​កងកម្លាំង​រុស្ស៊ី ដែល​ឈរជើង​នៅក្នុង​ប្រទេស​ស៊ី​រី​។ 

​ក្បួន​ជំនួយ​មនុស្សធម៌​ទ្រង់ទ្រាយ​ធំ​នេះ មាន​រថយន្ត​ចំនួន​៧៨​គ្រឿង ផ្ទុក​ទៅដោយ​កញ្ចប់​ចំណីអាហារ សំលៀកបំពាក់​និង​ថ្នាំពេទ្យ និង​អមដោយ​បុគ្គលិក​អឌ្ឍចន្ទ​ក្រហម​SARC ព្រមទាំង​ក្រុមការងារ​ជំនាញ​ខាង​វ៉ាក់សាំង​ចំនួន​១០៧​នាក់​។ ក្រៅតែពី​យក​ជំនួយ​ទៅ​ចែកជូន​ជនភៀសខ្លួន ក្រុមការងារ​ទាំងនេះ ត្រូវ​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​សង្គ្រោះបន្ទាន់ ដើម្បី​ការពារ​កុមារ​ចំនួន​១​ម៉ឺន​នាក់ ប្រឆាំងនឹង​ជំងឺ​កញ្ជ្រឹល ជំងឺ​ស្វិតដៃជើង និង​ជំងឺ​ដ៏​សាហាវ​ដទៃទៀត​។ នេះ​បើតាម​អ្នកសម្របសម្រួល​មនុស្ស​ធម៌ របស់​អង្គការសហប្រជាជាតិ​លោក​Ali Al-Za'tari​។​

​នេះ​ជា​ជំនួយ​មនុស្សធម៌​លើកដំបូង ដែល​បាន​ដឹក​ទៅដល់​ជំរុំ​ជនភៀសខ្លួន​Rukban  ចាប់តាំងពី​ខែមករា​មក​។ ជំរុំ​Rukban ស្ថិតនៅ​ក្បែរ​មូលដ្ឋាន​យោធា​Tanf​របស់​អាមេរិក​ស្ថិតក្នុង​ប្រទេស​ស៊ី​រី និង​ជា​ប្រជុំ​ព្រំប្រទល់​រវាង​ប្រទេស​ស៊ី​រី​-​ហ្សកដានី​-​អ៊ីរ៉ាក់​។ ជំរុំ​មាន​មនុស្ស​៥​ម៉ឺន​នាក់​រស់នៅ ក្នុងស្ថានភាព​លំបាក​ខ្លាំង​។ ថ្មីៗ​នេះ មាន​កុមារ​មួយចំនួន​បាន​ធ្លាក់ខ្លួន​ស្លាប់ ដោយសារ​ជំងឺ ព្រោះ​កង្វះ​ថ្នាំពេទ្យ​សម្រាប់​ព្យាបាល ខណៈ​ស្ត្រី​មាន​ផ្ទៃពោះ​មួយចំនួនទៀត​សម្រាលកូន ដោយ​ពុំមាន​ការថែទាំ​ត្រឹមត្រូវ​តាមបែប​វេជ្ជសាស្ត្រ​។​

​ជនភៀសខ្លួន​ទាំងនេះ បាន​ធ្វើដំណើរ​ពី​តំបន់​ផ្សេងៗ​គ្នា​នៃ​ប្រទេស​ស៊ី​រី មក​រស់នៅក្នុង​ជំរុំ​Rukban កាលពី​ឆ្នាំ​២០១៥​។ ពួកគេ​ភៀសខ្លួន​ពី​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​IS​។ ជំរុំ​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​មួយ​នេះ បាន​រង​នូវ​ការរើសអើង​ពី​រដ្ឋាភិបាល​ស៊ី​រី ដោយ​បើតាម​ក្រុម​អង្កេត​ការណ៍​ថា កងទ័ព​ស៊ី​រី​បាន​កាត់ផ្តាច់​ផ្លូវ មិន​ឲ្យមាន​ការផ្គត់ផ្គង់​ជំនួយ​ទៅ​កាន់​ជំរុំ​Rukban​ឡើយ​។ យ៉ាងណាក៏ដោយ​ថ្មីៗ​នេះ រដ្ឋាភិបាល​ស៊ី​រី​បាន​អះអាងថា នឹង​រួមសហការ​ដើម្បី​ផ្តល់​ការសម្របសម្រួល សម្រាប់​ការ​ផ្តល់ជំនួយ ទៅកាន់​តំបន់​ទាំងអស់​នៅ​ក្នុងប្រទេស ដោយ​គ្មាន​ករណី​លើកលែង​៕

ព័ត៌មានផ្សេងទៀត