ឥទ្ធិពល​ព្រះរាជវាំង

02-11-2018 9:06 am 3735
ព្រះមហាក្សត្រខ្មែរ និង លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីបើកសម័យប្រជុំសភាអាណត្តិទី៦។

​ក្នុងសង្គម​ខ្មែរ​ស្ថាប័ន​ព្រះមហាក្សត្រ គឺមាន​តួនាទី​យ៉ាងសំខាន់ សម្រាប់​ដំណើរការ​របស់​ប្រទេសជាតិ​ទាំងមូល​។ ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ជា​ច្បាប់កំពូល​របស់​កម្ពុជា ព្រះមហាក្សត្រ​ត្រូវ​បានប្រគល់​តួនាទី ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង ជា​អាជ្ញាកណ្តាល​ក្នុង​ការដោះស្រាយ​បញ្ហា​ជាតិ​។ ប៉ុន្តែ​ក្នុង​ក្រសែភ្នែក​របស់​អ្នកវិភាគ​មួយចំនួន​យល់ថា ការផ្តល់​ឥទ្ធិពល​នៃ​អំណាច​ព្រះមហាក្សត្រ ក្នុង​ការដោះស្រាយ​ជម្លោះ​នយោបាយ ដូចជា​ពុំទាន់​ពេញលេញ​ឡើយ​។ តួយ៉ាង​ដូច​ជម្លោះ​នយោបាយ​ខ្មែរ​សព្វថ្ងៃ​។ បទវិភាគដោយ គួន សំបូរ៖

​សព្វថ្ងៃ​ស្ថាប័ន​ព្រះមហាក្សត្រ ទទួលបាន​ការគោរព​យ៉ាងខ្លាំង ពី​សំណាក់​ប្រជារាស្ត្រ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន មិន​ថា រាស្ត្រសាមញ្ញ អ្នកនយោបាយ ឬ​ព្រះសង្ឃ​។ គោរព​ដោយសារតែ​ព្រះអង្គ ជា​និមិត្តរូប​តំណាងឱ្យ​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ដោយ​មិន​រើសអើង និន្នាការ​នយោបាយ ពណ៌​សម្បុរ វណ្ណៈ សាសនា ឬ​ពូជសាសន៍​នោះឡើយ​។​

​ជាមួយគ្នានេះ ស្ថាប័ន​អង្គ​ព្រះមហាក្សត្រ ក៏មាន​តួនាទី​យ៉ាងសំខាន់​មួយទៀត គឺ​ការដោះស្រាយ​រាល់​បញ្ហា​នានា ជូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ និង ជាពិសេស រឿង​ជម្លោះ​នយោបាយ ដែល​ទាក់ទង​នឹង​ផលប្រយោជន៍ និង អាយុជីវិត​ប្រទេសជាតិ​។ ជាទូទៅ នៅពេលដែល​អ្នកនយោបាយ​ទ័ល​តម្រិះ ពួកគេ​តែង​ងាក​ទៅរក​ព្រះមហាក្សត្រ​ឱ្យជួយ​ធ្វើជា​អាជ្ញាកណ្តាល ដើម្បី​ដោះស្រាយ​។ ចំណែកឯ ប្រជារាស្ត្រ​សាមញ្ញ​វិញ នៅពេលដែល​ពួកគេ ជួប​គ្រោះអាសន្ន​គេ​តែងតែ​ដង្ហោយ​ហៅរក​អន្តរាគមន៍​ពី ព្រះមហាក្សត្រ​។​

​ទំនងជា​មើលឃើញ​យ៉ាង​ដូច្នេះហើយ បានជា​បញ្ញវន្ត​ខ្មែរ​មួយក្រុម និង ក្រុម​អតីតមន្ត្រី​គណបក្សប្រឆាំង តែងតែ​ដាក់​លិខិត​របស់ខ្លួន​ផ្ញើ​ទៅកាន់​អង្គ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះអង្គ លើ​បញ្ហា​ជម្លោះ​រវាង​អ្នកនយោបាយ​នៅ​កម្ពុជា​ដែល​កើតមាន​តាំងពី​ពាក់កណ្តាល​អាណ​តិ្ត​ទី​៥​មក​។ ជម្លោះ​នយោបាយ​ដ៏​រាំ​រៃ​នេះ ក្រុម​បញ្ញវន្ត​ខ្មែរ មើលឃើញថា កំពុងតែ​ឈានទៅរក​ការបែកបាក់​គ្នា​រវាង​ខ្មែរ និង ខ្មែរ​គ្នាឯង ដោយ​គ្មាន​ថ្ងៃ​បញ្ចប់​។​ដូច្នេះ​មានតែ​អង្គ​ព្រះមហាក្សត្រ​មួយអង្គ​គត់ ដែលមាន​ព្រះរាជ​កាតព្វកិច្ច​ជួយ​បង្រួបបង្រួម​ជាតិ និង ផ្សះផ្សារ​ភាព​បែកបាក់​គ្នា​នេះ​ឡើងវិញ​បាន​។

​ប៉ុន្តែ​ការលើកឡើង​របស់​អ្នកវិភាគ ខុសពី​ភាគី​រាជរដ្ឋាភិបាល​។ សម្រាប់​រដ្ឋាភិបាល ហៅ​ការមើលឃើញ​របស់​អ្នកវិភាគ ថា​គ្រាន់តែ​ជា​ល្បិចកល​ចង់​បំភ័ន្ត​មតិសាធារណ​: និង អាចជា​ឧបាយកល​ចង់​នាំ​ព្រះមហាក្សត្រ​ឱ្យ​ទ្រង់​រំលោភ​រដ្ឋធម្មនុញ្ញ និង រំលោភច្បាប់​ប៉ុណ្ណោះ​។​ហើយ​នៅ​កម្ពុជា គ្មាន​វិបត្តិ​នយោបាយ​កើតឡើង​ទេ ពោលគឺ​នយោបាយ​ទេ​ដែលមាន​វិបត្តិ​។​

​តើ​អ្វី​ទៅជា​តួនាទី​របស់​ស្ថាប័ន​ព្រះមហាក្សត្រ​?

​តួនាទី​អង្គ​ព្រះមហាក្សត្រ គឺ​មានចែង​នៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ មាត្រា​៨ និង មាត្រា​៩​។ យោងតាម​មាត្រា​៨​បាន​ចែងថា «​ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង និរន្តរ៍ភាព​ជាតិ​។​ព្រះមហាក្សត្រ ទ្រង់​ជា​អ្នកធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង បូរាណ​ភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ជា​អ្នកធានា​ការគោរព​សិទ្ធិ និង សេរីភាព​របស់​ប្រជាពលរដ្ឋ និង ការគោរព​សន្ធិសញ្ញា​អន្តរជាតិ​«​។ រីឯ មាត្រា​៩ បានចែង​បន្ថែមថា «​ព្រះមហាក្សត្រ ទ្រង់មាន​តួនាទី​ខ្ពង់ខ្ពស់​ជា អាជ្ញាកណ្ដាល ដើម្បី​ធានា​ការប្រព្រឹត្តទៅ​នៃ​អំណាច​សាធារណៈ​ឱ្យមាន​ភាពទៀងទាត់​»​។​

​ម្លោះ​ហើយ​បានជា​ពលរដ្ឋ​ខ្មែរ ចាត់ទុក​ស្ថាប័ន​ព្រះមហាក្សត្រ​ជា​ម្លប់ និង ជា​ក្តីសង្ឃឹម ក្នុង​ការដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ ដូចជា​ពេល​មាន​វិបត្តិ​នយោបាយ​ជាដើម​។​ហើយ​ព្រះអង្គ​ក៏មាន​តួនាទី ដើម្បី​ទប់​កុំ​អ្នកនយោបាយ​ឈ្លោះទាស់ទែង​គ្នា និង កុំឱ្យ​នាំ​កម្ពុជា​ដើរ​ទៅរក​ភាព​ម​ហ​ត្តរា​យ ដូច​សម័យ​អតីតកាល​ផងដែរ​។​

​តើ​ស្ថាប័ន​ព្រះមហាក្សត្រ​បានកា​រ​ផ្តល់​តម្លៃ​ពិតប្រាកដ​ពី​អ្នកនយោបាយ​ពេញលិញ​ហើយ​ឬ​នៅ​? សំណួរ​នេះ ​ត្រូវបាន​អ្នកនយោបាយ​ខ្មែរ​បកស្រាយ​យកតែ​ឈ្នះ​រៀងៗ​ខ្លួន តាម​អ្វីដែល​ពួកគេ​ចង់បាន​។​

សម្រាប់​ក្នុង​ក្រសែភ្នែក​របស់​អ្នកវិភាគ​ខ្លះ បាន​មើលឃើញថា អ្នកនយោបាយ​ហាក់​មិនទាន់មាន​ឆន្ទៈ​ក្នុង​ការផ្តល់​«​អំណាច​»​ពិតប្រាកដ​ដល់​ព្រះមហាក្សត្រ​នៅឡើយ​។ អំណាច​របស់​ព្រះបរមរាជវាំង  ហាក់ដូចជា​ត្រូវបាន​អ្នកនយោបាយ យក​មកប្រើប្រាស់ ដើម្បី​កេងចំណេញ​នយោបាយ​របស់ប​ក្ស​ពួកខ្លួន​។​ការកេងចំណេញ​នេះ អាចធ្វើឱ្យ​ព្រះបរមរាជវាំង​មិនអាច​បំពេញ​ព្រះរាជតួនាទី​បាន​ពេញលេញ ដែល​ជាហេតុ​ធ្វើឱ្យមាន​ការរិះគន់​លើ​ស្ថាប័ន​ព្រះមហាក្សត្រ​នៃ​ភាពជា​អាជ្ញាកណ្តាល​។

​សរុបសេចក្តី​មកវិញ ដើម្បីឱ្យ​ព្រះអង្គ​អាចបំពេញ​ព្រះរាជតួនាទី​នេះ​បាន​ពេញលេញ លុត្រាតែ​ព្រះអង្គ​ទទួល​បានការ​គោរព និង ផ្តល់​តម្លៃ​ពិតប្រាកដ​ពី​អ្នកនយោបាយ​។​ការផ្តល់​តម្លៃ​ពិតប្រាកដ​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ គឺជា​រឿង​ចាំបាច់​សម្រាប់​ស្ថេរភាព​សង្គម ហើយ​នៅពេល​ស្ថាប័ន​កំពូល​មួយ​នេះ មាន​ឥទ្ធិពល​ខ្លាំង​ដូចដែល​ចែង​ក្នុង​ច្បាប់ នោះ​តម្លៃ​របស់​ព្រះមហាក្សត្រ លែងមាន​អ្នកណា​ហ៊ាន​មក​ប្រមាថ ដូច​មុន​តទៅ​ទៀតហើយ​៕

ព័ត៌មានផ្សេងទៀត