វង់ភ្លេង​ត្រៃលក្ខណ៍ ឬ​វង់ភ្លេង​កន្ទាំ​មីង ជា​ប្រភេទ​វង់ភ្លេង​កំដរ​សព​សឹងតែ​បាត់បង់​

01-11-2018 5:35 pm 332
  ស្តាប់
@Cambodian Living Arts (CLA).
ស្តាប់ជាសំឡេង

​វង់ភ្លេង​ត្រៃលក្ខណ៍ ឬ​វង់ភ្លេង​កន្ទាំ​មីង ជា​វង់ភ្លេង​កំដរ​សព​ស្ទើរតែ​ជិត​បាត់បង់ និង​ពុំ​សូវ​មាន​អ្នក​ស្គាល់​វង់ភ្លេង​នេះ នោះទេ ។ វង់​ភ្លេង និង​ចម្រៀង​កន្ទាំ​មីង ត្រូវបាន​គេ​ប្រគំ និង​ច្រៀង ក្នុង​ពិធី​កំដរ​បុណ្យសព ដែល​មាន​លក្ខណៈ​បែប​ស្រ​ងេះ ស្រោច និង​សោកសៅ ។ លក្ខណៈពិសេស​របស់​វង់ភ្លេង​នេះ គឺ​តន្ត្រីករ ត្រូវបាន​រៀបចំ​ទីតាំង​អង្គុយ និង​សម្តែង​មិន​ឯកភាព​គ្នា​ទេ ។ បើ​អ្នក​មិន​ដឹង​រឿង ប្រាកដ​ជា​យល់ថា អ្នក​លេងភ្លេង លេង​ភ្លាវ តែ​ធាតុពិត វា​គឺជា​រូបមន្ត​សម្គាល់​នៃ​តន្ត្រី​មួយ​នេះ​ទៅវិញ ...

​ពាក្យ​ថា «​ត្រៃ​លក្ខណ៍​» ត្រូវបាន​រួម​បញ្ចូល​នូវ​ពាក្យ​ចំនួន​ពីរ គឺ «​ត្រៃ​» និង «​លក្ខណ៍​» ។ ត្រៃ​ជា​ពាក្យ​សំស្ក្រឹត មានន័យ​ថា ចំនួន​បី ឬ​ប្រជុំ​បី ។ លក្ខណ៍ ឬ​លក្ខណៈ ជា​ពាក្យ​បាលី មានន័យ​ថា ជា​គ្រឿង​សម្គាល់ ឬ​គ្រឿង​ចំណាំ ។​

​បើ​តាម​ន័យ​ក្នុង​ពុទ្ធ​សាសនា «​ត្រៃ​លក្ខណ៍​» គឺ​សំដៅយក​អ្វីៗ​ដែល​មាន​រូប តែង​មាន​លក្ខណៈ​បី​យ៉ាង គឺ​ទុក្ខំ អនិច្ចំ អន​ត្តា ។​

​វង់ភ្លេង​ត្រៃលក្ខណ៍ មាន​អ្នក​សម្តែង​ចំនួន​តែ​៣​នាក់​ប៉ុណ្ណោះ គឺ​អ្នក​វាយ​គងធំ​ពីរ​និង​ស្គរធំ​ម្នាក់  អ្នក​វាយ​ពាទ្យ​គង​ម្នាក់ និង​អ្នក​ផ្លុំស្រឡៃ​ម្នាក់ ។

​វង់ភ្លេង​ត្រៃលក្ខណ៍ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ហៅ​ជា​ពាក្យ​សាមញ្ញ តាម​ការ​ឮ​សូរសៀង​នៃ​តន្ត្រី នេះ​រៀងៗ​ខ្លួន​ដូចជា កន្ទ្រាំ​មីង កន្ទាំ​មីង ទាំ​មីង ជាដើម ។ មាន​ខ្លះ​ហៅថា «​ធម្ម​មីង​» ទៅទៀត ព្រោះ​ភ្លេង​នេះ មាន​លក្ខណៈ​ផ្លូវធម៌​គួរ​សង្វេគ ស្រងេះ​ស្រោច និង​សោកសៅ ។​

​បច្ចុប្បន្ន វង់ភ្លេង​ត្រៃលក្ខណ៍ ដូចជា​ពុំ​សូវ​ឃើញ​មាន​លេង​ទូទៅ​ឡើយ ។

​ដើម​ទស្សវត្ស​១៩៩០ ឃើញ​គេ​ប្រគុំ​នៅក្នុង​ខេត្ត​សៀមរាប​មួយ​វង់ ហើយ​និង​ឮ​សំឡេង​ចាក់​ខ្សែអាត់ នៅក្នុង​ខេត្ត​សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ និង​ស្រុក​ខ្លះ​ក្នុង​ខេត្ត​បាត់ដំបង​ដែរ ។​

​ភ្លេង​ត្រៃលក្ខណ៍​គេ​ប្រើប្រាស់​សម្រាប់​ប្រគំ​កំដរ​ពិធី​តម្កល់សព ឬ​ក្នុង​ពិធី​លើកសព​ប៉ុណ្ណោះ ប្រសិនបើ​គេ​ដង្ហែ​សព​ចាកចេញ​ពី​ផ្ទះ​ហើយ គេ​មិន​ប្រគំ​បន្តទៀត​ទេ ។ ពាទ្យ​គង ដែល​ប្រគំ​ក្នុង​វង់​តន្ត្រី​នេះ មាន​ផ្លែ​តែ​ប្រាំបី ឬ​ប្រាំបួន មាន​រាង​ជា​ចំណិត​ព្រះ​ខែ ។​

​រូប​ពាទ្យ​គង​វង់​នេះ មាន​ឆ្លាក់​នៅ​ប្រាសាទអង្គរវត្ត ។ ចំពោះ​រូប​ស្រ​ឡៃ ក៏​មាន​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​ដែរ ។ ឧបករណ៍​នេះ មាន​រាង​មូល​តូច ប៉ោង​កណ្តាល​ធំ​ជាង​ខ្លុយ​បន្តិច មាន​សំឡេង​រ៉ែ មិនសូវ​តឹង​ណែន​ដូច​ស្រឡៃ​តូច ឬ​ស្រឡៃ​ធំ សម្រាប់​លេង​ក្នុង​វង់​ភ្លេងពិណពាទ្យ​ទេ ។ គេ​ហៅ​ស្រឡៃ​នេះ​ថា «​ស្រឡៃ​ត្រៃលក្ខណ៍​» គឺ​សម្រាប់​លេង​តែ​ក្នុង​វង់ភ្លេង​ត្រៃលក្ខណ៍​តែប៉ុណ្ណោះ ។

​នៅពេល​ប្រគំ​កំដរ តន្ត្រីករ​អង្គុយ​យក​ខ្នង​ទល់​គ្នា ជា​តំណាង​រូប​កាយ​មនុស្ស​ដែល​ស្លាប់​ទៅហើយ គឺ​អាយុ​ក្តី ធាតុភ្លើង​ក្តី វិញ្ញាណ​ក្តី សុទ្ធតែ​បែក​ចេញ​ពី​គ្នា​អស់ហើយ គឺ​មិន​ឯកភាព​គ្នា​ទេ ។​

​ចំណែកឯ​ការប្រគំ​ហាក់​មិនសូវ​ត្រូវ​គ្នា គឺ​ចង្វាក់​ដង្ហើម​ផិតៗ​គ្នា ចំណែក​សូរ​វិញ ក៏​គេ​មិន​រឹត ឬ​ធៀប​បាន​ត្រូវ​គ្នា​ជាក់លាក់​ដែរ គឺថា មានដំណើរ​មិន​ឯកភាពគ្នា ។ អ្នក​មិន​ដឹង​រឿង យល់​ថា​អ្នកភ្លេង​លេង​ភ្លាវ តែ​ធាតុពិត គឺ​ជា​រូបមន្ត​នៃ​វង់ភ្លេង​នេះ ដែល​ដូច​រូបរាងកាយ​មិន​ឯកភាពគ្នា ឬ​យក​ជា​ការ​មិន​បាន ។​

​វង់ភ្លេង​នេះ មាន​ខ្លះ​គេ​បន្ថែម​អ្នកចម្រៀង​ម្នាក់ទៀត សម្រាប់​ច្រៀង​អម ហើយ​អង្គុយ​អែប​ជា​មួយ​អ្នក​ផ្លុំស្រឡៃ ដើម្បី​អ្នក​ស្តាប់​ចាប់បាន ក៏ដូចជា​យល់​ស៊ីជម្រៅ​នៃ​អត្ថន័យ ៕

ព័ត៌មានផ្សេងទៀត