ឥណ្ឌា​​សម្ពោធ​​ដាក់​បង្ហាញ​​ជា​ធា​រណៈ​​រូបសំណាក​​ខ្ពស់ជាង​គេ​​បំផុត​​ក្នុង​លោក​

01-11-2018 8:49 am 711
រូបសំណាកលោក​Sardar Vallabhbhai Patel ជា​មេដឹកនាំ​ឯករាជ្យ​មួយរូប​របស់​ឥណ្ឌា

​នៅ​ទីបំផុត​រូបសំណាក​ដែល​ខ្ពស់ជាង​គេ​បំផុត​ក្នុង​លោក ត្រូវបាន​សម្ពោធ​និង​ប្រកាស​ដាក់​បង្ហាញ​ជា​សាធារណៈ​ហើយ ។ នោះ​គឺ​រូបសំណាក​លោក​Sardar Vallabhbhai Patel ជា​មេដឹកនាំ​ឯករាជ្យ​មួយរូប​របស់​ឥណ្ឌា​។ រូបសំណាក​នេះ​មាន​កម្ពស់​១៨២​ម៉ែត្រ​សាងសង់​ពី​ដែក​និង​សំរឹទ្ធ ចំណាយ​ថវិកា​អស់​២៩.៩​ពាន់​លាន​រ៉ូ​ពី ស្មើនឹង​ប្រមាណ​៤៣០​លាន​ដុល្លារ​អាមេរិក​។​

​រូបសំណាក​ត្រូវបាន​សាងសង់​នៅក្នុង​រដ្ឋ​Gujarat​ប្រទេស​ឥណ្ឌា ដើម្បី​ឧទ្ទិស​ដល់​លោក​Pate ដោយ​ត្រូវ​ប្រើ​កម្មករ​ជាង​២​ពាន់​នាក់ ជាមួយនឹង​កម្មករ​ចិន​រាប់រយ​នាក់ ចំណាយពេល​អស់​៣៣​ខែ​។ ចំពោះ​ថ្លៃ​សាងសង់​រដ្ឋាភិបាល​ក្នុង​រដ្ឋ​Gujarat ជា​អ្នកចំណាយ​ជាង​ពាក់កណ្ដាល ក្រៅពីនេះ​ជា​មូលនិធិ​របស់​រដ្ឋាភិបាល​សហព័ន្ធ​និង​ការឧបត្ថម្ភ​ពី​សាធារណជន​។​

​នាយករដ្ឋមន្ដ្រី​ឥណ្ឌា​លោក​Narendra Modi ដែល​ចូលរួម​ពិធី​សម្ពោធ​និង​ប្រកាស​ដាក់​បង្ហាញ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ពុធ បាន​និយាយថា​រូបសំណាក​តំណាងឲ្យ​សាមគ្គីភាព និង​ជា​និមិត្ដរូប​នៃ​សុចរិតភាព​របស់​ឥណ្ឌា​នេះ នឹង​ក្លាយជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏​សំខាន់​មួយ​។​

​ប៉ុន្ដែ​អ្នកស្រុក​វិញ​នាំគ្នា​រិះគន់ថា​ជាការ​ចាយលុយ​ខ្ជះខ្ជាយ និង​ថា​គួរតែ​ប្រើប្រាស់​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​សាងសង់​ឲ្យ​ល្អ​ប្រសើរជាង​នេះ​។ កាលពី​ថ្ងៃ​អង្គារ​ក៏មាន​ប្រជាជន​នាំគ្នា​ទៅ​តវ៉ា​ក្បែរ​រូបសំណាក​ផងដែរ  រហូត​ក្លាយជា​អំពើហិង្សា​និង​ចាប់ឃុំខ្លួន​ជាច្រើន​នាក់​។ ពួកគេ​ទៅ​តវ៉ា​ដើម្បី​ទាមទារ​សំណង​ពី​រដ្ឋាភិបាល​។ ជា​សំណង​ថ្លៃ​ដី​ដែល​រដ្ឋាភិបាល​ប្រើ​ធ្វើជា​ទីតាំង​សង់​រូបសំណាក​៕

ព័ត៌មានផ្សេងទៀត