អ្នកភូមិ​នៅ​ក្បែរ​រណ្ដៅ​សំរាម​ជើងឯក​បារម្ភ​ពី​សុខភាព​ខណៈ​បន្ត​ប្រើ​ទឹក​អណ្ដូង​មាន​ក្លិនស្អុយ​

28-10-2018 11:22 am 4181
  ស្តាប់
ពលរដ្ឋម្នាក់ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ កំពុងសប់ទឹកអណ្ដូងនៅខាងមុខផ្ទះ។ រូបថត៖ vayofm
ស្តាប់ជាសំឡេង

ស្ថិត​នៅ​ជាយ​ទីក្រុង​ភ្នំពេញ ក្បែរ​ពី​ទីលាន​ចាក់សំរាម​ជើងឯក ភូមិ​បា​គូ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ មាន​ប្រជាពលរដ្ឋ​ជិត​៥០០​គ្រួសារ​កំពុង​ប្រឈម​បញ្ហា​សុខភាព ដោយសារតែ​គ្មាន​ទឹកស្អាត​ប្រើប្រាស់​។ អណ្តូង​មួយចំនួន ដែល​ធ្លាប់តែ​ជា​ប្រភព​ទឹក​សំខាន់ សម្រាប់​ពលរដ្ឋ​បាន​ចាប់ផ្តើម​មាន​ក្លិនស្អុយ​អ​សោច ដែល​អ្នក​ភូមិ​ជឿថា មាន​ទឹក​កខ្វក់ ហូរ​ចេញពី​រណ្តៅ​ចាក់សំរាម​ជើងឯក ចូលទៅក្នុង​អណ្តូងទឹក​របស់​ពួកគាត់​។ បើ​ទោះបី​មាន​ការព្រួយបារម្ភ អំពី​ផលប៉ះពាល់​ដល់​សុខភាព ក្រុម​អ្នក​ភូមិ​នៅតែ​បន្ត​ប្រើប្រាស់ ទឹក​អណ្ដូង ដែល​ពួកគាត់​ខ្លះ​ប្រៀប្រ​ដូច​ទៅ​នឹង​ទឹក​លូ និង​ទន្ទឹង​រងចាំ​ការផ្គត់ផ្គង់​ទឹកស្អាត អស់​ជាច្រើន​ឆ្នាំ​មកហើយ​។​

​រណ្ដៅ​ចាក់សំរាម​ជើង​មាន​ផ្ទៃដី​៣១​ហិកតា គឺជា​កន្លែង​ផ្ទុក​កាកសំណល់​គ្រប់បែបយ៉ាង ពីរាជធានីភ្នំពេញ ដែល​មាន​ចម្ងាយ​ប្រហែល​១៥​គីឡូ​ម៉ែត ពី​កណ្ដាល​ទីក្រុង​​។ រណ្ដៅ​ចាក់សំរាម​ដ៏​ធំ​មួយ​នេះ បាន​ជះ​ឥទ្ធិពល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ រាប់​ចាប់​តាំង​អនាម័យ​បរិស្ថាន និង​ការបំពុល​ប្រភពទឹក​។​

សំឡេង​ម៉ូទ័រ​ប៉ូម​ទឹក​អណ្ដូង បាន​លាន់​រងំ​នៅ​ខាង​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់ ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ ដែល​មាន​ចម្ងាយ​ប្រហែល​១​គីឡូ​ម៉ែត​ប៉ុណ្ណោះ ពី​រណ្ដៅ​សំរាម​ជើងឯក​។ លោក សំ សៅ ជា​ម្ចាស់​អណ្ដូងទឹក​នេះ បាន​អះអាង​ថា រយៈពេល​ជាង​២​ឆ្នាំ​មកហើយ ដែល​អណ្ដូងទឹក​របស់​លោក តែង​មាន​ក្លិនស្អុយ​យ៉ាង​អសោច ប្រៀប​ដូចជា​ទឹកលូ​កខ្វក់ នៅ​រៀង​រាល់​ពេល​ចាប់ផ្ដើម​បូមទឹក​ចេញ​មក​ប្រើប្រាស់​ម្ដងៗ​។ ទឹក​ដែល​ក្លិនស្អុយ​បែបនេះ ត្រូវ​ជំនួស​មកវិញ​ដោ​ទឹក​ដែល​មាន​ក្លិន​ធម្មតា នៅ​ពេល​លោក សៅ មូម​វាចោ​លពី​៣​ទៅ​៥​នាទី​។​

​សំឡេង​លោក សំ សៅ​៖

បុរស​វ័យ​៦៣​ឆ្នាំ​រូប​នេះ​    ​មាន​ការសង្ស័យថា ទឹក​អណ្ដូង​របស់លោក ដែល​រង​ការបំពុល​ដោយ​ក្លិនស្អុយ​បែបនេះ គឺ​បណ្ដាលមកពី​ជាតិ​កខ្វក់ ហូរ​ចេញពី​បាត​រណ្ដៅ​សំរាម​ជើងឯក​។​

បើ​តាម​លោក ឈុំ ឈិន ប្រធាន​ភូមិ​បា​គូ​ឲ្យដឹងថា ពលរដ្ឋ​នៅក្នុង​ភូមិ​របស់​លោក ចំនួន​៤៩២​គ្រួសារ​បាន​ប្រើប្រាស់​ទឹក​អណ្ដូង​តាំងពីដើម​មក ក៏​ប៉ុន្តែ​នៅ​រយៈពេល​ចុងក្រោយ​នេះ លោក​បាន​ទទួល​ការរាយការណ៍​ពី​ពលរដ្ឋ​ប្រមាណ​៥​គ្រួសារ ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹក​អណ្ដូង​មាន​ក្លិនស្អុយ​។

​សំឡេង​លោក ឈុំ ឈិន​៖

​បើទោះបី​អណ្ដូងទឹក​របស់​ពលរ​ដ្ឋ​ផ្សេង​ទៀត មិន​មាន​បញ្ហា​ក្លិនស្អុយ​ក៏ដោយ ក៏​អ្នក​ភូមិ​បាន​សម្ដែង​ក្ដីបារម្ភ​ចំពោះ​សុខភាព ខណៈ​ពួកគាត់​គ្មាន​ជម្រើស​អ្វី​ផ្សេង ក្រៅពី​ការប្រើ​ទឹក​អណ្ដូង ដែល​សង្ស័យ​ថា​មិន​មាន​អនាម័យ​។​

កំពុង​តែ​មើល​ទូរទស្សន៍​នៅ​សំ​យ៉ាប​មុខ​ផ្ទះ​នា​ពេល​ថ្ងៃត្រង់ អ្នកស្រី គង់ ស៊ី​ណាត អាយុ​៥០​ឆ្នាំ ជា​អ្នក​រស់នៅ​ក្នុងភូមិ​បា​គូ បាន​លើកឡើង​ថា អ្នកស្រី​មានការ​ខ្លាចរអា នៅពេល​បាន​ដឹងថា​ទឹក​អណ្ដូង​របស់​អ្នក​ជិតខាង​មាន​ក្លិនស្អុយ ក៏ប៉ុន្តែ​អ្នកស្រី​នៅតែ​បន្ត​បរិភោគ​ទឹក​អណ្ដូង​របស់​អ្នកស្រី ដោយសារតែ ពុំមាន​លទ្ធភាព​ទិញ​ទឹកបរិសុទ្ធ​ដែល​មាន​តម្លៃ​ថ្លៃ​។​

​សំឡេង​អ្នកស្រី គង់ ស៊ី​ណាត​៖

​ជីដូន​ដែល​មាន​ចៅ​ជាច្រើន​នាក់ នៅក្នុង​បន្ទុក​រូបនេះ​បាន​ត្អូញត្អែ​ថា ការបន្ត​បរិភោគ​ទឹក​អណ្ដូង​ដូច​សព្វថ្ងៃនេះ បាន​នាំ​ឲ្យ​អ្នកស្រី និង​ចៅៗ​មាន​ជំងឺ និង​រាគរូស​ជា​ញឹកញាប់​។ ស្ត្រី​រូប​នេះ​ក៏​បាន​ស្នើ​សុំឲ្យ​មាន​ការត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត ទៅក្នុង​ភូមិស្ថាន​អ្នកស្រី​ឲ្យបាន​ឆាប់​។​

សំឡេង​អ្នកស្រី គង់ ស៊ី​ណាត​៖

​អ្នកស្រី សឿង សេរី ចៅ​សង្កាត់​ដង្កោ ឲ្យដឹងថា បា​គូ គឺ​ជា​ភូមិ​តែមួយគត់ ក្នុងចំណោម​ភូមិ​ទាំង​៦ ក្នុង​សង្កាត់​របស់​អ្នកស្រី ដែល​ពុំ​ទាន់​មាន​ទឹកស្អាត​ប្រើប្រាស់​។ ចៅសង្កាត់​រូប​នេះ​បន្តថា អ្នកស្រី ក៏​ដូចជា​ក្រុម​ពលរដ្ឋ បាន​ដាក់​សំណើរ​ពាក់ព័ន្ធ​បញ្ហា​នេះ ទៅកាន់​សាលា​រាជធានី​ភ្នំពេញ និង​រដ្ឋាករទឹក​ជាច្រើន​លើក ក៏​ប៉ុន្តែ​នៅ​មិនទាន់មាន​ដំណោះស្រាយ​រហូតមកទល់​ពេលនេះ​។

​សំឡេង​អ្នកស្រី សឿង សេរី​៖

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក បាន​ប្រាប់​វិទ្យុ​វាយោ​ថា រដ្ឋាករទឹក​រាជធានី​ភ្នំពេញ នៅ​មិនទាន់​មាន​លទ្ធភាព​ផ្គត់ផ្គង់​ទឹក ដល់​ពលរដ្ឋ​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ​បាន​នៅឡើយ​ទេ​។ លោក​បញ្ជាក់ថា ដើម្បី​អាច​ផ្គត់ផ្គង់​ទឹក​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​ជាយក្រុង​ភ្នំពេញ​បាន រដ្ឋាករ​ត្រូវ​ផលិត​ទឹក​យ៉ាងតិច ៦០​ម៉ឺន​ម៉ែត​គូ​ប ក្នុង​មួយ​ថ្ងៃ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​រដ្ឋាករទឹក អាច​ផលិត​បាន​ត្រឹមតែ​៥៦​ម៉ឺន​ម៉ែត​គូប​ប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ លោក ស៊ឹម ស៊ីថា អះអាងថាយ៉ាងយូ​នៅក្នុង​ឆ្នាំ​២០២៥ ពលរដ្ឋ​នៅ​ជាយ​ទីក្រុង​ភ្នំពេញ​ទាំងអស់ នឹង​មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្នា​។​

​សំឡេង​លោក ស៊ឹម ស៊ីថា​៖

​ពលរដ្ឋ​ម្នាក់ទៀត នៅក្នុង​ភូមិ​បា​គូ គឺ​លោក អ៊ី សំ​អ៊ុន ដែល​ជា​សន្ដិសុខ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ បាន​លើកឡើង​ថា មិន​ត្រឹមតែ​បញ្ហា​ទឹក​ស្អាត​ប៉ុណ្ណោះ ប៉ុន្តែ​ការរស់នៅ​របស់​លោក មាន​ការលំបាក​ជាង​មុន ដូចជា​មាន​ក្លិនស្អុយ​ឆ្អេះឆ្អាប​ពី​គនរ​សំរាម និង​មាន​កើត​សត្វ​រុយ​ជាច្រើន​។ លោក​បន្តថា អាជ្ញាធរ​បាន​យក​ទីតាំង​ក្បែរ​ផ្ទះ​របស់​លោក ធ្វើ​ជា​រណ្ដៅ​ចាក់សំរាម ហេតុ​នេះ​រដ្ឋាភិបាល​គួរតែ​បាន​គិតគូរ​ពី​បញ្ហា​ទឹក​ស្អាត និង​អនាម័យ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​នេះ​មុនគេ​។​

​សំឡេង​លោក អ៊ី សំ​អ៊ុន​៖

​របាយការណ៍​របស់​ក្រសួង​ឧស្សា​កម្ម និង​សិប្បកម្ម បានឱ្យដឹងថា ការ​ផ្គង់​ទឹកស្អាត នៅតាម​ទីប្រជុំជន​ក្នុងប្រទេស​កម្ពុជា បាន​កើនឡើង​ពី​៥២​ភាគរយ នៅ​ឆ្នាំ​២០០៨ ដល់​៨៦​ភាគរយ នៅ​ត្រឹម​ឆ្នាំ​២០១៧ ខណៈ​មាន​ពលរដ្ឋ​ជាង​២,៣​លាន​គ្រួសារ​បាន​ទទួល​សេវា​ទឹក​ស្អាត​។ ដោយឡែក​បើ​តាម​គោលនយោបាយ​ជាតិ ស្ដី​ពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ បាន​លើកឡើង​ថា ពលរដ្ឋ​កម្ពុជា​នៅតាម​តំបន់​ជនបទ​៥០​ភាគរយ ក្នុង​ឆ្នាំ​២០១៥ និង​១០០​ភាគរយ ក្នុង​ឆ្នាំ​២០២៥  ត្រូវតែ​មាន​សេវា​ទឹកស្អាត​ប្រើប្រាស់​។​

​ធនាគារ​ពិភពលោក​បាន​រកឃើញថា កង្វះខាត​អនាម័យ និង​ទឹក​ស្អាត ក្នុងប្រទេស​កម្ពុជា ជា​មូលហេតុ​ធ្វើឲ្យ​ពលរដ្ឋ​មាន​ជំងឺ ប៉ះពាល់​ដល់​វិស័យ​សុខភាព​សារ​ធា​រណៈ បាត់បង់​ខាង​ផ្នែក​សេដ្ឋកិច្ច ដែល​រាប់​ច​ញ្ចូ​ល​ទាំង​វិស័យ​ទេសចរណ៍ សុវត្ថិភាព​សង្គម  និង​បរិស្ថាន​ផងដែរ​។​

​លោក សំ សៅ ដែល​នៅតែ​បន្ត​ប្រើប្រាស់​ទឹក​ដែល​មាន​ក្លិនស្អុយ​ជា​រៀងរាល់ថ្ងៃ នៅក្នុង​ភូមិ​បា​គូ បាន​លើកឡើង​ថា លោក​នឹង​បញ្ឈប់​ការប្រើប្រាស់​ទឹក​អណ្ដូង​នេះ​ភ្លាម ដើម្បី​បញ្ចៀស​ពី​គ្រោះថ្នាក់​ដល់​សុខភាព នៅពេលណា​ដែល​មាន​បណ្ដាញ​ទឹកស្អាត ត​ចូលដល់​ភូមិ​របស់​លោក​៕

ដោយ៖ ទ្រី សុងហ៊ី

ព័ត៌មានផ្សេងទៀត