រដ្ឋាភិបាល​ព្រមាន​ដកខ្លួន​ពី​IPU​ជាថ្មី ក្រោម​ហេតុផល​ការពារ​ដែន​អធិបតេយ្យ​កម្ពុជា

27-10-2018 4:35 pm 1159
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ជា​ថ្មី តាមរយៈ​សេចក្តី​បំភ្លឺថា កម្ពុជា​នឹង​អាច​ដក​ខ្លួន​ចេញពី​សមាជិកភាព​សហ​ភាព​អន្តរ​សភា IPU ក្រោម​ហេតុផល​ការពារ​ដែន​អធិបតេយ្យ​កម្ពុជា ។ លោក​អះអាង​បន្តថា លិខិត​បំភ្លឺ​នេះ ពុំមែន​ជា​ការឆ្លើយតប​ទៅនឹង​សំណើ​របស់​សហភាព​អន្តរ​សភា IPU កាលពី​ថ្ងៃ​ទី​១៨ ខែតុលា អំពី​ការដោះលែង​លោក កឹម សុខា និង​បើកផ្លូវ​ឱ្យ​ដំណើរការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​រូបនេះ​បានបញ្ជាក់​ថា សេចក្តីបំភ្លឺ​នេះ គឺ​គ្រាន់តែ​ជា​ការបញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ប៉ុណ្ណោះ ប៉ុន្តែ កម្ពុជា​នៅតែ​អនុវត្ត​កិច្ច​សហការ​ភាព​ជា​ដៃគូ​ជាមួយ IPU ដដែល ...

​រដ្ឋាភិបាល​កម្ពុជា​បាន​ព្រមាន​សារជាថ្មី​ថា អាច​នឹង​ដក​ខ្លួន​ចេញពី​សមាជិកភាព​សហ​ភាព​អន្តរ​សភា IPU ក្រោម​ហេតុផល ដើម្បី​ការពារ​ដែន​អធិបតេយ្យ និង​ផលប្រយោជន៍​កម្ពុជា ។ នេះ​បើ​តាម​សេចក្តីបំភ្លឺ របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី​២៦ ខែតុលា ។​

​ត្រង់​ចំណុច​ទី​៥ នៃ​សេចក្តីបំភ្លឺ​បានបញ្ជាក់​ថា « កម្ពុជា រក្សា​សិទ្ធិ​ពេញលេញ និង​គ្រប់​ពេលវេលា ក្នុង​កិច្ច​ដក​បេក្ខភាព​របស់​ខ្លួន ចេញ​ពី​អង្គការ​អន្តរជាតិ​ណាមួយ​នោះ ប្រសិនបើ​មាន​ការឈ្លានពាន ឬ​ជ្រៀតជ្រែក​ធ្ងន់ធ្ងរ​ណាមួយ ទៅលើ​ដែន​អធិបតេយ្យ និង​ផលប្រយោជន៍​កម្ពុជា ក៏ដូចជា ប្រជាជាតិ​អធិបតេយ្យ​មួយចំនួន ដែល​បាន​ប្រតិកម្ម​ដកខ្លួន​ចេញពី​អង្គការ​អន្តរជាតិ​មួយចំនួន ដែល​គេ​យល់ឃើញថា ប្រឆាំង ឈ្លានពាន លើ​ដែន​អធិបតេយ្យ និង​ផលប្រយោជន៍​របស់​គេ ។ »

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា ការលើកឡើង​ក្នុង​សេចក្តីបំភ្លឺ​នេះ គឺ គ្រាន់តែ​ជា​ការបញ្ជាក់​ពី​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការការពារ​ដែន​អធិបតេយ្យភាព ឯករាជ្យភាព​របស់​កម្ពុជា​ប៉ុណ្ណោះ ក៏ប៉ុន្តែ កម្ពុជា​នៅតែ​អនុវត្ត​កិច្ច​សហការ​ភាព​ជា​ដៃគូ​ដដែល​…
​សំឡេង​លោក ផៃ ស៊ីផា​ន ៖

​យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផា​ន បានបញ្ជាក់​ថា ការឆ្លើយបំភ្លឺ​នៅក្នុង​លិខិត​ដែល​ចុះ​ថ្ងៃ​ទី​២៦​នោះ គឺជា​ការឆ្លើយតប​ជាទូទៅ ពុំមែន​ជា​ការឆ្លើយតប​ចំពោះ​ករណី​សំណើ​ឱ្យ​ដោះលែង លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពី​សំណាក់ សហភាព​អន្តរ​សភា IPU នោះទេ …
​សំឡេង​លោក ផៃ ស៊ីផា​ន ៖

​លោក​បញ្ជាក់ថា ចំពោះ​ការស្នើ​របស់​សហភាព​អន្តរ​សភា IPU ចំពោះ​ករណី​លោក​កឹម សុខា និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ត្រូវ​ស្នើ​ទៅ​កាន់​តុលាការ ។ លោក​បញ្ជាក់​បន្តថា កម្ពុជា​គោរព​តាម​រដ្ឋធម្មនុញ្ញ ដោយ​អំណាច​នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ មាន​ឯករាជ្យ​ដាច់ដោយឡែក​ពីគ្នា ។​

​កាលពី​ថ្ងៃ​ទី​១៨ ខែតុលា សហភាព​អន្តរ​សភា IPU បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​មាន​សេរីភាព​ពេញលេញ​វិញ ដោយ​ថា​ការចាប់ខ្លួន​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ទេ ។​

​សេចក្តីសម្រេច​របស់​ស​ហ​ភាព​អន្តរ​សភា IPU ក៏​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បង្ហាញ​ភស្តុតាង​ចំពោះ​ការចាប់​ឃុំខ្លួន​លោក កឹម សុខា និង​ការរំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ចុងឆ្នាំ​២០១៧ ។​

​បើទោះបីជា​មាន​ការជំរុញ​ជា​ញឹកញាប់​ពី​សំណាក់​ស្ថាប័ន​អន្តរជាតិ ឱ្យ​ដោះលែង​លោក​កឹម សុខា ក្តី តែ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់បាន​លើកឡើង​ថា មិន​លើកលែង​ឱ្យ​លោក កឹម សុខា ទេ ដោយ​ចាត់ទុកថា អតីត​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​រូបនេះ មានបំណង​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា នាំ​ប្រទេស​ឱ្យ​ធ្លាក់​ក្នុង​សង្គ្រាម ។​

​យ៉ាងណាម៉ិញ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃ​ទី​១៩ ខែតុលា លោកស្រី Federica Mogherini តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប បានបញ្ជាក់​ថា លោកស្រី​បាន​ជួប​ជាមួយ​ភាគី​កម្ពុជា និង​មី​យ៉ាន់​ម៉ា​ដាច់ដោយឡែក​ពីគ្នា ជជែក​ពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ។​

​សម្រាប់​កម្ពុជា លោកស្រី​បាន​បញ្ជាក់ថា លោកស្រី​បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​របស់​កម្ពុជា​ផ្សេងទៀត ។ លោកស្រី​បាន​ប្រាប់ថា អ្វី​ដែល​សហភាព​អឺរ៉ុប​រំពឹង​នោះ គឺ​កម្ពុជា​អាច​ចៀសផុត​ពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដោយ​ត្រូវ​ធ្វើឱ្យ​មាន​ភាពប្រសើរឡើង លើ​ដំណើរការ​នយោបាយ​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។​

​គូសបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​១៩ ខែតុលា កន្លងទៅ គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ សម្តែង​ការខកចិត្ត​នឹង​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​សិទ្ធិមនុស្ស IPU ទាក់ទង​ទៅនឹង​ការទាមទារ​ឱ្យ​កម្ពុជា មាន​ការចរចា​នយោបាយ ពិសេស​គឺ​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​លោក កឹម សុខា និង​បើក​ផ្លូវ​នយោបាយ ដល់​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ ។​

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់បាន​អះអាង​ប្រាប់​វិទ្យុ​វាយោ​ថា កម្ពុជា​អាច​នឹង​ដកខ្លួន​ចេញពី​សមាជិកភាព ប្រសិនបើ​សហភាព​អន្តរ​សភា IPU មាន​ចេតនា​វាយប្រហារ ប្រឆាំង​កម្ពុជា ៕

ព័ត៌មានផ្សេងទៀត