ថវិកាជាតិ​ឆ្នាំ​២០១៩​កម្ពុជា​គ្រោង​ចំណាយ​កើន​ដល់​ជិត​៧​ពាន់​លាន​ដុល្លារ​

26-10-2018 6:08 pm 296
  ស្តាប់
ស្តាប់ជាសំឡេង

​សម្រាប់​ឆ្នាំ ២០១៩​ខាងមុខនេះ រដ្ឋាភិបាល​កម្ពុជា គ្រោង​ចំណាយ​ថវិកា​ជាតិ​សរុប​ចំនួន ជាង​២១​លាន​លាន​រៀល (២៧ ១៦៤ ៩៩៦ លាន​រៀល ) ឬ​ប្រមាណ​ជា ៦.៧ ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​វិស័យ​នានារបស់​ខ្លួន​។ ចំនួន​នេះ​កើនឡើង ១១,៤% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែល​មាន​ប្រមាណ​៦០៣៣​លាន​ដុល្លារ​អាមេរិក​។

​បើ​តាម​ខ្លឹមសា​រ​សង្វេ​បប្រតិបត្តិ ស្តីពី​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ឆ្នាំ​២០១៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឲ្យដឹងថា ការចំណាយ​ចរន្ត​ថវិការដ្ឋ មាន​ចំនួន​១៧ ៩០៧ ៥៤៩​លាន​រៀល ឬ​ប្រហែល​ជាង​៤​ពាន់​លាន​ដុល្លារ កើនឡើង​១២,៣%​។ ចំណែក​ការចំណាយ​មូលធន​ថវិការដ្ឋ មាន​ចំនួន​៩ ២៥៧ ៤៤៧ លាន​រៀល ឬ​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ៩,៨% បើ​ប្រៀបធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៨​។

​រីឯ ចំណូល​សរុប​ថវិកា​ជាតិ​វិញ រដ្ឋាភិបាល​កម្ពុជា​គ្រោង​បង្កើន ២៦ ៧៥៩ ៩៩៦ លាន​រៀល ឬ​ប្រហែល​ជាង ៦,៥ ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ ចំណូល​ចរន្ដ​ថ្នាក់​ជាតិ​ឲ្យ​ស្មើនឹង ១៩ ៥៩៣ ១១១ លាន​រៀល ឬ ប្រមាណ​៤,៧ ពាន់​លាន​ដុល្លារ​អាមេរិក និង​ចំណូល​មូលធន​ថវិកាជាតិ​ត្រូវបាន​គ្រោង​ចំនួន ៥ ៧៦៦ ៩១៧ លាន​រៀល ឬ​ប្រហែល​ជាង ១៤០ លាន​ដុល្លារ​អាមេរិក កើនឡើង ១៥,៩% ធៀប​នឹង​ច្បាប់​ឆ្នាំ ២០១៨ ក្នុង​នោះ​ចំណូល​មូលធន​ដោយ​ហិរញ្ញប្បទាន​ពី​ក្រៅ​ប្រទេស​ស្មើនឹង​ប្រមាណ ២០% នៃ​ចំណាយ​ថវិការដ្ឋ​សរុប​ឆ្នាំ ២០១៩ ប៉ុណ្ណោះ​។​

​ក្រសួង​សេដ្ឋកិច្ច​បាន​បញ្ជាក់ថា តាម​ការព្យាករណ៍ កំណើន​សេដ្ឋកិច្ច​កម្ពុជា​បន្ត​សម្រេចបាន​ក្នុង​អត្រា​៧.១% ដែល​ប្រហាក់ប្រហែល​នឹង​កំណើន​ឆ្នាំ​២០១៨ ក្នុង​អត្រា​៦.៩%​។ នៅក្នុង​ឆ្នាំ​២០១៩ ផលិតផល​ក្នុងស្រុក (​ផ​សស​-GDP) ថ្លៃ​បច្ចុប្បន្ន​កើនឡើង​ដល់​១០៩ ៨៩៤ ៩៤៩ លាន​រៀល ឬ​ប្រមាណ ២៧ ២២២​លាន​ដុល្លារ​អាមេរិក ខណៈ​ផសស សម្រាប់​មនុស្ស​ម្នាក់ ត្រូវបាន​រំពឹងថា នឹង​កើនឡើង​ដល់​១ ៧០៦​ដុល្លារ ធៀប​នឹង​១ ៥៦៣​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨​។​

​កំណើន​នេះ ត្រូវ​បាន​ទ្រទ្រង់​ដោយ​វិស័យ​អាទិភាព​ចំនួន​៣​សំខាន់ ១. កំណើនៃ​វិស័យ​ឧស្សាហកម្ម នៅ​បន្ត​រក្សា​ភាពរឹងមាំ ក្នុង​អត្រា​កំណើន​ប្រចាំ​ឆ្នាំ​ក្នុង​រង្វង់​១០% ដែល​គាំទ្រ​ដោយ​ភាពរឹងមាំ​នៃ​វិស័យ​សំណង់ និង​ការបន្ត​កំណើន​នៃ​វិស័យ​កាត់ដេរ​។ ទន្ទឹមនឹងនេះ ឧស្សាហកម្ម​ដំឡើង​យានយន្ត គ្រឿង​បង្គុំ​អេឡិចត្រូនិក គ្រឿងបន្លាស់ គ្រឿង​សង្ហារឹម កង់ និង​ស៊ីម៉ង់តិ៍ ទាំង​សម្រាប់​ការនាំចេញ និង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក នឹង​មាន​សន្ទុះ​កំណើន​ខ្ពស់​ផង​ដែរ​។ ២. វិស័យ​សេវាកម្ម នៅតែ​បន្ត​កំណើន​ប្រមាណ​៧% ដែល​គាំទ្រ ដោយ​កំណើន​នៃ​អនុវិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន តាមរយៈ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។

ទន្ទឹមនឹងនេះ អនុវិស័យ​អចលនទ្រព្យ ក៏​ត្រូវបាន​រំពឹងថា នឹង​បន្ត​កំណើន​ខ្ពស់​ផងដែរ​។ ដោយឡែក​អនុវិស័យ​ដឹកជញ្ជូន និង​គមនាគមន៍ ត្រូវបាន​រំពឹងថា នឹង​បន្ត​រក្សា​កំណើន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៨  ដែល​ជំរុញ​ដោយ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ ដូចជា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ការបើក​ឲ្យ​ដំណើរការ​ឡើង​វិញខ្សែ​ផ្លូវ​រថភ្លើង ទិស​ខាងជើង ពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត ការពង្រីក​ព្រលានយន្តហោះ និង​កំពង់ផែ និង​ការវិនិយោគ​ថ្មី​លើ​បច្ចេកវិទ្យា​ជំនាន់​ថ្មី (5G) ដល់​តំបន់​ដាច់ស្រយាល និង​ទី​៣. វិស័យ​កសិកម្ម អាច​សម្រេចបាន​កំណើន​ក្នុង​រង្វង់​១.៨% ដែល​ទ្រទ្រង់​ដោយ​អនុវិស័យ​ដំណាំ និង​ជលផល​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ីផា​ន បាន​អះអាង​ឲ្យដឹងថា ដើម្បី​សម្រេច​លើ​គម្រោង​ថវិកាជាតិ​ឆ្នាំ​២០១៩​នេះ រដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​ត្រៀម​ខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ​ជិត​២០០០​លាន​ដុល្លារ​ផងដែរ​។ លោក​ផៃ ស៊ីផា​ន អះអាងថា ការបង្កើន​ទំហំ​នៃ​ការខ្ចី​នេះ នឹង​មិន​បង្កើត​ជា​បន្ទុក​បំណុល​វណ្ឌ​ក​ដល់​កម្ពុជា​ទេ ព្រោះថា​នៅពេល​ដែល​សេដ្ឋកិច្ច​មាន​ការរីកចម្រើន​នោះ សមត្ថិ​ភាពសងរបស់​កម្ពុជា​ក៏​មាន​ខ្ពស់ជាង​មុន​ដែរ​។

​ការ​កំណ​ត​ទំហំ​កម្ចី​នេះ ត្រូវ​លោក​ផៃ ស៊ីផា​ន បញ្ជាក់ថា ដោយសា​៖​ទី​១ ទំហំ​នៃ​ការអភិវឌ្ឍ​ប្រទេស​មាន​ការកើនឡើង​។ ទី​២ គម្រោង​អភិវឌ្ឍន៍​ដែល​នឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន ក្នុង​ឆ្នាំ​២០១៩ គឺជា​គម្រោង​វិនិយោគ​ក្នុង​វិស័យ​អាទិភាព (​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ការបង្កើន​ផលិតភាព​សេដ្ឋកិច្ច និង​ផលិតភាព​កសិកម្ម​)​។ ទី​៣ សុទ្ធសឹងតែ​ជា​ឥណទាន​ដែល​មាន​កម្រិត​សម្បទាន​ខ្ពស់​។ ទី​៤ ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​បច្ចុប្បន្ន និង​ក្នុង​រយៈពេល​មធ្យម​នៅតែមាន ចីរភាព និង​ហា​នី​ភ័យ​កម្រិត​ទាប និង ទី​៥ ការ​បន្ដ​បង្កើន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការគ្រប់គ្រង និង​ការអនុវត្ត​គម្រោង​។

​យ៉ាងណាក៏ដោយ ស្ថិត​ក្នុង​សេចក្តីសន្និដ្ឋាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបញ្ជាក់​ថា ការរៀបចំ​ថវិកា​ឆ្នាំ​២០១៩​នេះ ទោះបីជា​ជួបប្រទះ នឹង​បញ្ហា​ប្រឈម និង​ហានិភ័យ​មួយ​ចំនួន​ក្តី ក៏​បញ្ហា​ទាំងអស់​ត្រូវបាន​ដោះស្រាយ ហើយ​ថវិកា​ត្រូវបាន​វិភាជន៍ សម្រាប់​អាទិភាព គោល​នយោបាយ​សំខាន់ៗ​ជា​សារ​វ័ន្ត​។​

​ក្នុងន័យនេះ ថវិកា​ឆ្នាំ​២០១៩ នឹង​ដើរតួនាទី​ជា​ឧបករណ៍ នៃ​គោលនយោបាយ របស់​រដ្ឋាភិបាល ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព ក្នុង​ការរក្សា ការពារ និង​ពង្រឹង​ថែម​ទៀត នូវ​សមិទ្ធផល​ដ៏​ធំធេង ដែល​កម្ពុជា​សម្រេចបាន​កន្លងមក ក៏​ដូចជា​ក្នុង​ការ​បុកគ្រឹះ​សម្រាប់​បម្រើឲ្យ​ការអភិវឌ្ឍ​របស់​កម្ពុជា ត​ទៅ​មុខ​ទៀត​។​

​ក្រសួង​សេដ្ឋកិច្ច​បាន​បញ្ជាក់ទៀតថា អាទិភាព​ចំណាយ​ថវិកា​ឆ្នាំ​២០១៩ គឺជា​ការឆ្លើយតប​ទៅនឹង​អាទិភាព និង​តម្រូវការ​ចាំបាច់​របស់​ក្រសួង ស្ថាប័ន​នានា ក្នុង​ការសម្រេចបាន​នូវ​គោលបំណង គោលនយោបាយ​របស់​ខ្លួន ក៏ដូចជា​គោលនយោបាយ​ជា​អាទិភាព​រួម​របស់​រដ្ឋាភិបាល ដែល​រួមមាន​៖ ការអភិវឌ្ឍ​ធនធានមនុស្ស ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ការបញ្ចុះ​តម្លៃ​អគ្គិសនី និង​ទឹក​ស្អាត ការជួសជុល និង​ថែទាំ​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្ត ដែល​ទទួលរង​ផលប៉ះពាល់ ដោយសារ​ទឹកជំនន់ ការពង្រីក​វិសាលភាព និង​ពង្រឹង​គុណភាព​នៃ​សេវា​សាធារណៈ​គ្រប់​ប្រភេទ ជា​ពិសេស​សេវា​អប់រំ សេវា​សុខាភិបាល សេវា​យុត្តិធម៌ និង​សេវា​មូលដ្ឋាន​ចាំបាច់​ដទៃទៀត និង​ការពង្រឹង​សមត្ថភាព​ស្ថាប័ន ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ព្រមទាំង​ការអនុវត្ត​របប​គាំពារ​សង្គម ដោយ​ឈរ​លើ​គោលការណ៍​ប្រសិទ្ធភាព ទាំង​ក្នុង​កម្រិត​វិភាជន៍ និង​ទាំង​ក្នុង​កម្រិត​ប្រតិបត្តិការ និង​បច្ចេកទេស​។​

​សរុបមក ថវិកា​ឆ្នាំ​២០១៩ គឺ​ត្រូវបាន​រៀបចំឡើង​តាម​គោលនយោបាយ ពង្រឹង​ការគ្រប់គ្រង​ថវិកា​ដោយ​ផ្តោត​ការយកចិត្តទុកដាក់ ជាពិសេស​លើ​មនុស្ស និង​ការកែទម្រង់​រចនាសម្ព័ន្ធ ដែល​មាន​អភិបាលកិច្ច​ជា​ស្នូល ហើយ​អាច​ប្រសិទ្ធ​ភ​នាម​បាន​ថា ជា “​ថវិកា​យុទ្ធសាស្ត្រ នៃ​ការរក្សា​សមិទ្ធផល​ដែល​សម្រេចបាន​ដោយ​លំបាក និង​ការបន្ត​បុកគ្រឹះ​ថ្មីៗ សម្រាប់​គាំទ្រ​ដល់​ការសម្រេច​បាន​នូវ​គោលដៅ សំខាន់ៗ​នៃ​កម្មវិធី​នយោបាយ របស់​រដ្ឋាភិបាល​នីតិកាល​ទី​៦ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រដ្ឋាភិបាល ដើម្បី​បន្ត​រក្សា​សន្តិភាព ស្ថេរភាព ក៏ដូចជា​ទ្រទ្រង់​នូវ​ដំណើរ​ការវិវឌ្ឍ​ឈាន​ឡើង​របស់​កម្ពុជា លើ​វិថី​នៃ​ការអភិវឌ្ឍ ប្រកបដោយ​គុណភាព និង​ចីរភាព​ត​ទៅ​មុខ​ឥតឈប់ឈរ​”៕

ព័ត៌មានផ្សេងទៀត