តើលោក​​ ជាម ច័ន្ទនី ជា​ន​រណា​​?​

26-10-2018 2:16 pm 5710
លោក ជាម ច័ន្ទនី

​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ជាម ច័ន្ទនី បាន​ទទួលអនិច្ចកម្ម​នៅ​គេហដ្ឋាន​របស់លោកក្នុងរាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​២៥ តុលា ដោយ​ជំងឺមហារីក​ខួរក្បាល​។ លោក ជាម ច័ន្ទនី ជា​តំណាងរាស្ត្រ​ឆ្នើម​មួយរូប​របស់​គណបក្ស​ប្រឆាំង​ជាមួយ​លោក សម រង្ស៊ី ចំនួន​៤​អាណត្តិ ដោយ​អាណត្តិ​ចុងក្រោយ​លោក​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកនយោបាយ​ប្រឆាំង មិន​ចុះ​ញ៉ម​នឹង​គណបក្សកាន់អំណាចរ​បស់​លោក​ហ៊ុន សែន  ហើយ​លោក​ក៏​ជា​អ្នកនយោបាយ​បាន​ភ្លក្ស​គ្រប់​រស់ជាតិ​ផងដែរ​។​

​លោក ជាម ច័ន្ទនី ជា​អតីត​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ធំ និង ជា​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​នេះ​។ លោក ជាម ច័ន្ទនី ហៅ ជាម ច័ន្ទ​រ័ត្ន កើត​នៅ​ថ្ងៃ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​១៩៦១ នៅ ភូមិ​ផ្ទះ​ខ្ពស់ ឃុំ​តុង​រ៉ុង ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។ នៅ ឆ្នាំ​១៩៧០ ម្ដាយ​របស់លោក​បាន​នាំ​លោក​មក​រស់នៅ​ភ្នំពេញ ហើយ​លោក​បានចាប់ផ្ដើម​សិក្សា​នៅ​ភ្នំពេញ​អស់​រយៈពេល ៥​ឆ្នាំ ដោយ​រៀន​នៅ​សាលាបឋមសិក្សា សន្ធរម៉ុក ថ្នាក់ ទី​៨​។​

​នៅ ឆ្នាំ​១៩៧៥​ប្រទេស​កម្ពុជា​ធ្លាក់​ទៅក្នុង​របប​គ្រប់គ្រង ប៉ុល ពត គ្រួសា​រលោក ជាម ច័ន្ទនី ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ឱ្យទៅ ខេត្ត​បាត់ដំបង ដោយ​ទទួលរង​នូវ​ការធ្វើ​ទុក្ខទោស​ដូច​ប្រជាពលរដ្ឋ​ដទៃទៀត​ដែរ​។

​ឆ្នាំ​១៩៧៩ ពោលគឺ​ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ លោក​បាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​នៅ ខេត្ត​កំពង់ចាម​។ ឆ្នាំ​១៩៨១ លោក​បាន​ចេញចូល​រក​ស៊ី​នៅតាម​ជំរំ​ជនភៀសខ្លួន​ខ្មែរ នៅ​ព្រំដែន​ថៃ ធ្វើឱ្យ​លោក​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង នៅពេលដែល​ឃើញ​អង្គការសហប្រជាជាតិ ចែក​ស្បៀងអាហារ​ដល់​ជនភៀសខ្លួន​ខ្មែរ ខណៈដែល​នៅក្នុង​ប្រទេស​កំពុងតែ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​។​

រស់នៅ​ជំរំ លោក​ជាម ច័ន្ទនី បាន​សិក្សា​វិជ្ជា​សង្គ្រាម​នយោបាយ​អស់​រយៈ​ពេល ៨ ខែ​។ បន្ទាប់មក​លោក​បាន​ចូលរួម​ធ្វើ​កងទ័ព​រណសិរ្ស​ជាតិ រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់ លោកតា សឺ​ន សាន ដែលជា​ភាគី​មួយ​នៃ​រដ្ឋាភិបាលចម្រុះ​ត្រីភាគី ដែល​ត្រូវបាន​បង្កើតឡើង​នៅ ឆ្នាំ​១៩៨២ នៅ ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង ទី​ក្រុងប៉ារីស ឆ្នាំ​១៩៩១ លោក ច័ន្ទនី ដែល​បាន​សិក្សា​នៅ​មហាវិទ្យាល័យ​ឯ​ជំរំ អស់​រយៈពេល​ពីរ​ឆ្នាំ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ជំរំ​នានា​ដែរ គឺ​លោក​ត្រូវបានធ្វើ​មាតុភូមិនិវត្តន៍​មកកាន់​មាតុប្រទេស​វិញ​។​

​ពេលមកដល់​មាតុប្រទេស លោក​ជាម ច័ន្ទនី មិនបាន​ចូលរួម​ជាមួយ​គណបក្ស លោកតា សឺ​ន សាន ទេ គឺ​លោក​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ គណបក្ស​ខ្មែរ​អព្យាក្រឹត​។ ប៉ុន្តែ​នៅក្នុង​ការបោះឆ្នោត ឆ្នាំ​១៩៩៣ គណបក្ស​នេះ មិន​បានឈ្នះ​អាសនៈ​រដ្ឋសភា​ណាមួយ​ទេ​។ បន្ទាប់ពី​បរាជ័យ​ក្នុង​ការបោះឆ្នោត​នាពេលនោះ លោក​បាន​ចូល​បម្រើ​កង​យោធពលខេមរភូមិន្ទ ដែល​កាលនោះ ជា​រដ្ឋាភិបាលចម្រុះ​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី ទី ១ និង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ទី​២​។​

​ដំបូង​លោក​ធ្វើជា​ទ័ព​នៅ ភូមិ​ធិបតេយ្យ ខេត្ត​បាត់ដំបង បន្ទាប់មក​បាន​ផ្លាស់​មក​ក្រសួង​ការពារជាតិ ហើយ​ត្រូវបានតែងតាំង​ជា​នាយការិយាល័យ ទី​៥ នៅ​កងពល​ឆត្រយោង ៩១១ ក្រោម​ការគ្រប់គ្រង​របស់លោក ចាប ភក្តី​។​

​ក្រោយមក​ចាប់តាំងពី​ឆ្នាំ​១៩៩៥ លោក​បាន​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​។​លោក ជាម ច័ន្ទនី លោក​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកនយោបាយ​ប្រឆាំង​មិន​ចុះ​ញ៉ម​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។ ក្នុង​ជីវិត​នយោបាយ​របស់ខ្លួន លោក ជាម ច័ន្ទនី បាន​ភ្លក្ស​រួចហើយ​រសជាតិ​ពីរ​ក្នុងចំណោម​ហានិភ័យ​ធំៗ ៣ ដែល​អ្នកនយោបាយ​តែងតែ​ជួបប្រទះ គឺ ទីមួយ​ត្រូវគេ​ធ្វើឃាត ទី​ពីរ ត្រូវ​ជាប់គុក និង​ទី​បី ត្រូវ​រត់ចោលស្រុក​។​

​នៅ​ឆ្នាំ​១៩៩៧ បន្ទាប់ពី​ព្រឹត្តិការណ៍​ដ៏​បង្ហូរឈាម នៅ​កណ្តាល​រាជធានី​ភ្នំពេញ ពេលនោះ​លោក​ក៏​ត្រូវរបួស​ដែល​បាន​គេចខ្លួន​ទៅ ប្រទេស​ថៃ ក្នុងឋានៈ​ជា​សមាជិក​ជាន់ខ្ពស់​របស់​សហភាព​អ្នកប្រជាធិបតេយ្យ​ដែលមាន​គណបក្ស ហ្វ៊ុនស៊ិនប៉ិច គណបក្ស​លោកតា សឺ​ន សាន គណបក្ស​ជាតិខ្មែរ និង គណបក្ស​ខ្មែរ​អព្យាក្រឹត​។ ៧​ខែ​ក្រោយមក លោក​ជាម ច័ន្ទនី និង​អ្នកនយោបាយ​ផ្សេងទៀត បាន​វិល​ចូល​ស្រុក​វិញ​ក្រោម​ការសម្របសម្រួល​ពី​អង្គការសហប្រជាជាតិ ដើម្បី​មក​ចូលរួម​ការបោះឆ្នោត ឆ្នាំ​១៩៩៨​។​

​ពេលនោះ​លោក​ច័ន្ទនី បាន​ចូលរួម​នយោបាយ​ជាមួយ​លោក​សម រង្ស៊ី បង្កើត​បក្ស​មួយទៀត គឺ​គណបក្ស សម រង្សី ដើម្បី​ត្រៀមខ្លួន​ចូល​បោះឆ្នោត​នៅ ឆ្នាំ​១៩៩៨​។​ការបោះឆ្នោត ឆ្នាំ​១៩៩៨ លោក ជាម ច័ន្ទនី បាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី មណ្ឌល បាត់ដំបង ហើយ​នៅ​ឆ្នាំ​២០០៣ លោក ច័ន្ទនី បាន​ជាប់​ជា​តំណាងរាស្ត្រ​នៅ ខេត្ត​កំពង់ចាម​។​ប៉ុន្តែ​យ៉ាងណា តំណែង​ជា​តំណាង​រា​ស្ត្រី​នេះ មិនបាន​ធ្វើឱ្យ​លោក​បាន​សុខ​នោះឡើយ​។​

​នៅ​ឆ្នាំ​២០០៥ លោក ជាម ច័ន្ទនី លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី និង​លោក ជា ប៉ូច ត្រូវបាន​រដ្ឋសភា ដក​អភ័យឯកសិទ្ធិ ដើម្បី​បើកផ្លូវ​ឲ្យ​តុលាកា​រចាត់ការ​។ លោក​ត្រូវបាន​សមត្ថកិច្ច​ឡោមព័ទ្ធ​ភ្ជង់​ឡាន ចាប់ខ្លួន​នៅក្បែរ​សួនច្បារ​នាគ​បាញ់​ទឹក នៅវេលា​ម៉ោង ៩ យប់ ក្នុង​ថ្ងៃ​ដដែល ហើយ​នាំទៅ​ឃុំខ្លួន នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ខណៈដែល​លោក សម រង្ស៊ី និង​លោក ជា ប៉ូច បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​។​

​លោក​ច័ន្ទនី បាន​ជាប់ពន្ធនាគារ​យោធា​អស់​រយៈពេល​មួយឆ្នាំ​បី​ថ្ងៃ ដោយ​ចោទថា មាន​ពាក់ព័ន្ធ​ទៅនឹង​ការរៀបចំ​កងទ័ព​ស្រមោល ដើម្បី​ទៅ​ដឹកនាំ​ក្រសួង​ការពារជាតិ ប្រសិនបើ​គណបក្សប្រឆាំង មានឱកាស​ឈ្នះឆ្នោត បាន​ឡើង​ដឹកនាំ​រដ្ឋាភិបាល​។ ក្រោយមក​លោក​ត្រូវបាន​តុលាការយោធា​ដោះលែង​ឱ្យមាន​សេរីភាព​វិញ នៅ​ព្រឹក​ថ្ងៃ ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០០៦​។​

​នៅ​ឆ្នាំ​២០១៣ លោក ជាម ច័ន្ទនី បាន​ជាប់​ជា​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ធំ និង ជា​សមាជិក​អចិន្ត្រៃយ៍​គណបក្ស ហើយ​ក​៏​បាន​ធ្លាក់ខ្លួន​ឈឺ ជំងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល​។​នៅ​រសៀល​ថ្ងៃទី​២៥ តុលា ឆ្នាំ​លោក​បាន​ទទួលអនិច្ចកម្ម​នៅ​គេហដ្ឋាន​របស់លោក​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ជន្នាយុ ៥៨ ចូល ៥៩ ឆ្នាំ ហើយ សាកសព​លោក​ត្រូវបាន​សាច់ញាតិ​តម្កល់​ធ្វើបុណ្យ​ចំនួន ៣​ថ្ងៃ មុននឹង​យកទៅ​បូជា​៕

ព័ត៌មានផ្សេងទៀត