បញ្ហា​ប្រឈម​​ធំៗ​ចំនួន​៧​​នៅ​តំបន់​​អាស៊ី​​នា​សតវត្ស​​ទី​២១​នេះ តើ​មាន​អ្វីខ្លះ​?

23-10-2018 4:39 pm 1847
រូបភាព​​ផែនទី​​​​តំបន់​អាស៊ី

​តំបន់​អាស៊ី​ជា​តំបន់​ដ៏​មាន​សក្ដានុពល​មួយ​ក្នុង​ពិភពលោក មិន​ថា​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​យោធា​។ ក្នុង​តំបន់​នេះ​ក៏មាន​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ជាច្រើន និង​ប្រទេស​មហាអំណាច​មួយចំនួន​ដែរ ជាក់ស្ដែង​ដូចជា​ចិន ជប៉ុន កូរ៉េខាងត្បូង​ជាដើម​។ តែ​យ៉ាងណាមិញ​អាស៊ី​នៅមាន​បញ្ហា​ប្រឈម​កើតឡើង​ដែរ ដូច្នេះ​ដើម្បី​បំពេញ​សក្ដានុពល​របស់​ខ្លួនឲ្យបាន​ទាំង​ស្រុង តំបន់​អាស៊ី​ចាំបាច់​ត្រូវតែ​យកឈ្នះ​លើ​ឧបសគ្គ​ធំៗ​ចំនួន​៧​។ តើ​ឧបសគ្គ​ទាំងនោះ​មាន​អ្វីខ្លះ​?

​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

​ជាការ​ពិតណាស់ថា​តំបន់​អាស៊ី​កំពុងតែ​មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់ ហើយ​តំបន់​មួយ​នេះ​ក៏មាន​សក្ដានុពល​ខ្លាំង​សម្រាប់​ពិភពលោក​ទាំងមូល​។ ប៉ុន្ដែ​ទន្ទឹមនឹង​ការរីកចម្រើន​បញ្ហា​ប្រឈម​ក៏​នៅតែ​កើតមានឡើង​ដែរ ក្នុង​សតវត្ស​ទី​២១​នេះ​។ ដូច្នេះ​តំបន់​អាស៊ី​ត្រូវតែ​យកឈ្នះ​លើ​ឧបសគ្គ​ធំៗ​ចំនួន​៧ បើ​ចង់បាន​សក្ដានុពល​ពេញលេញ​។​

​ទី​១៖ ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​អាច​ទទួលបានកាន់​តែ​ប្រសើរ នៃ​តម្លៃ​លក់​ផលិតផល​ក្នុង​ពិភពលោក​

អាស៊ី​គឺជា​អ្នក​នាំមុខគេ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​អន្ដរជាតិ​។ ប៉ុន្ដែ​ជា​ការពិត​ដែលថា​ប្រទេស​មួយចំនួន​ដូចជា​ចិន ឥណ្ឌា និង​ឥណ្ឌូនេស៊ី​ជាដើម ផលិតផល​ដែល​លក់​នៅក្នុង​ទីផ្សារ​ពិភពលោក​កំពុង​ទទួលបាន​តម្លៃ​ទាប បើ​ប្រៀបធៀប​នឹង​ខ្សែសង្វាក់​តម្លៃ​ទំនិញ​សកលលោក​។ តួយ៉ាង​មាន​ផលិតផល​គ្រឿង​អេឡិចត្រូនិច រថយន្ដ កាត់ដេរ​សម្លៀកបំពាក់ និង​ការបម្រើ​សេវាកម្ម​មួយចំនួនទៀត​។ កិច្ចខិតខំ​ប្រឹងប្រែង​មាន​កាន់តែច្រើន ទាមទារ​នូវ​តម្លៃ​ល្អប្រសើរ​ជាង​មុន សម្រាប់​ពង្រឹង​ទីផ្សារ ពង្រឹង​ដើមទុន ពង្រឹងសមត្ថភាព​បុគ្គលិក ពង្រឹង​ផ្នែក​បច្ចេកវិទ្យា និង​បង្កើន​ការច្នៃ​ប្រតិដ្ឋ​។​

​ទី​២៖ ត្រូវ​ធ្វើឲ្យមាន​សក្ដានុព​ល​ខ្លាំង​បំផុត​នៃ​នគរូបនីយកម្ម​

​បណ្ដា​រោងចក្រ​និង​មជ្ឈមណ្ឌល​សេវាកម្ម​ជាច្រើន​ក្នុង​តំបន់​អាស៊ី បាន​ជួល​ជនអន្ដោប្រវេសន៍​ក្រីក្រ​ឲ្យមក​ធ្វើការ ដោយ​ពួកគេ​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅ​រស់នៅក្នុង​ទីក្រុង​ឬ​រាជធានី រំពឹង​អាច​ទទួលបាន​ជីវិត​ល្អប្រសើរ​។ ប៉ុន្ដែ​ក្ដីសង្ឃឹម​របស់​ពួកគេ​ជារឿយៗ​ត្រូវ​បរាជ័យ ដោយ​ត្រូវ​ទៅ​រស់នៅក្នុង​តំបន់​អនាធិបតេយ្យ​ក្នុង​ទីក្រុង​វិញ​។ ករណីនេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស​ចិន ដែលមាន​ជនអន្ដោប្រវេសន៍​ក្នុងស្រុក​ភាគច្រើន មិនបាន​ទទួល​សេវា​សង្គម​ទេ​។ ជា​ការចាំបាច់​ដែល​ត្រូវ​រៀបចំ​ឲ្យបាន​ល្អប្រសើរ នៅក្នុង​ទី​ក្រុងមាន​ប្រជាជន​ចំណាកស្រុក​ទៅ​បំពេញការងារ​ច្រើន​។ នៅតាម​ទីក្រុង​ទំនើប​មួយចំនួន​ក្នុង​តំបន់​អាស៊ី​ដូចជា​សិង្ហ​បុរី ហុងកុង តូ​ក្យូ និង​សេ​អ៊ួ​ល​ជាដើម កំពុងស្ថិត​ពីក្រោយ​ទីក្រុង​ក្នុងប្រទេស​លោកខាងលិច​នៅឡើយ ក្នុង​ការស្វែងរក​ការបង្កើត​ថ្មី​និង​គំនិត​ច្នៃ​ប្រតិដ្ឋ​ថ្មី​។

​ទី​៣៖ ត្រូវ​ផ្ដល់ឱកាស​ឲ្យ​ប្រជាជន​អាស៊ី​ទាំងអស់​

​ការរើសអើង​ជាតិ​សាសន៍ ប្រកាន់​បក្សពួក ការ​ធ្វើទុក្ខបុកម្នេញ មាន​ច្រើន​នៅ​ទ្វីបអាស៊ី​។ ដូច្នេះ​ដើម្បី​ការពារ​សេដ្ឋកិច្ច​និង​សង្គម​ឲ្យសម្រេចបាន​សក្ដានុពល​ពេញលេញ ចាំបាច់​ត្រូវ​ពិនិត្យមើល​ករណីនេះ​ឡើងវិញ​។ មាន​ស្ដ្រី​ជនជាតិ​ជប៉ុន ស្ដ្រី​នៅអាស៊ី​ខាងត្បូង ដែល​ទទួល​រងទុក្ខវេទនា​។ ក្រៅពីនេះ​មាន​កុមារ​ជាច្រើន​ត្រូវបាន​បង្ខិតបង្ខំ​ឲ្យ​រៀប​ការទាំង​វ័យក្មេង​និង​ត្រូវ​បានសម្លាប់​។ ចំពោះ​ជនជាតិដើម​ភាគតិច​នៅ​អាស៊ី ដូចជា​ក្រុមទីបេ ក្រុម​អ៊ុយ​ហ្គួ​រ​នៅ​ចិន ក្រុម​តាមិ​ល​នៅ​ស្រីលង្កា និង​ក្រុម​វណ្ណៈ​ទាប​នៅ​ឥណ្ឌា កំពុង​ទទួល​ការគំរាមកំហែង​ដោយសារតែ​ការរើសអើង​និង​ការ​ធ្វើទុក្ខបុកម្នេញ​។​

​ទី​៤៖ ដោះស្រាយ​វិបត្ដិ​ប្រជាសាស្ដ្រ​

បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី ប្រឈម​នឹង​បញ្ហា​កំណើនប្រជាជន​ដែល​ពិបាក​នឹង​ដោះស្រាយ​។ នៅ​តំបន់​អាស៊ី​ភាគ​ខាងកើត ភាព​ដែល​អាច​មានកូន​បាន​ធ្លាក់ចុះ​ទាប​ជាង​អត្រា​ដែល​ជំនួស​ប្រជាជន​វ័យ​ចាស់ជរា កម្លាំង​ពលកម្ម​បាន​ថយចុះ ហើយ​នៅ​ជប៉ុន​ចំនួន​ប្រជាជន​បាន​ធ្លាក់ចុះ​។ បញ្ហា​នេះ​រដ្ឋាភិបាល​រក​ដំណោះស្រាយ​ឆ្លើយតប​យឺតយ៉ាវ ចំពេល​ដែល​នៅ​អាស៊ី​ខាងត្បូង នៅ​ឥណ្ឌូនេស៊ី​និង​ហ្វីលីពីន មាន​យុវជន​កាន់តែច្រើន​សម្រុក​ចូលធ្វើការ​ក្នុង​វិស័យ​នានា ប៉ុន្ដែ​ភាគច្រើន​នៃ​ពួកគេ​គ្មាន​ការអប់រំ​ខ្ពង់ខ្ពស់​ទេ រីឯ​ការងារ​ទៀតសោត​ក៏​មិន​គ្រប់គ្រាន់​។ វា​ជា​កត្ដា​ធ្វើឲ្យ​រំជើបរំជួល​យ៉ាង​ឆាប់រហ័​សនៅក្នុង​សង្គម​។​

ទី​៥៖ ជួសជុល​នយោបាយ​មិន​ប្រក្រតី​​

អាស៊ី​កំពុងស្រែ​ករក​លទ្ធិប្រជាធិបតេយ្យ​និង​អភិបាលកិច្ច​ល្អ ដើម្បី​កែលម្អ​មូលដ្ឋានគ្រឹះ​សម្រាប់ឲ្យ​សេដ្ឋកិច្ច​រឹង​មាំ និង​ធ្វើឲ្យ​វណ្ណៈ​កណ្ដាល​ក្នុងសង្គម​មាន​លក្ខណៈ​ស​ម​រម្យ​។ ប៉ុន្ដែ​យ៉ាងណាក៏ដោយ​វិធានការ​មួយចំនួន មិន​ដើរ​តាម​លទ្ធិប្រជាធិបតេយ្យ​ទេ ហើយក៏​គ្មាន​លទ្ធិប្រជាធិបតេយ្យ​ចាស់ទុំ​ដែរ​។ ផ្ទុយ​ពី​ការរំពឹងទុក​របស់​អ្នកវិទ្យាសាស្ដ្រ​នយោបាយ ការអភិវឌ្ឍ​សេដ្ឋកិច្ច​​​ជំរុញ​ឲ្យ​​មាន​លទ្ធិប្រជាធិបតេយ្យ​​តិចតួច​​នៅអាស៊ី​។​

​ទិដ្ឋភាព​នយោបាយ​នៅ​អាស៊ី​កំពុងមាន​វិបត្ដិ​ធ្ងន់ធ្ងរ ជាមួយនឹង​បញ្ហា​ប្រជាធិបតេយ្យ​នៅ​ជប៉ុន នៅ​កូរ៉េខាងត្បូង ពាក់ព័ន្ធ​នឹង​ក្រុមគាំទ្រ​ជំនួញ​ផ្ដាច់មុខ​នៅ​ហុងកុង ម៉ាឡេស៊ី និង​សិង្ហ​បុរី ដែល​មិន​គោរព​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​​។ ក្រៅពីនេះ​បញ្ហា​អតិថិជន​ចិន​នៅ​កម្ពុជា នៅ​ឡាវ បញ្ហា​ប្រជាធិបតេយ្យ​ទន់ខ្សោយ​នៅ​ក្នុងប្រទេស​ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ុង​ហ្គោល ស្រីលង្កា បង់​ក្លា​ដែស​និង​នេ​ប៉ាល់ ក៏​កំពុង​ធ្វើឲ្យ​រង្គោះរង្គើ​ដល់​ស្ថានភាព​នយោបាយ​ក្នុង​តំបន់​អាស៊ី​ដែរ​។ ដោយឡែក​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​យោធា​នៅ​ប្រទេស​ថៃ ប៉ា​គី​ស្ថាន និង​មីយ៉ាន់​ម៉ា ព្រមទាំង​ការគ្រប់គ្រង​តាមបែប​ផ្ដាច់ការ​នៅក្នុង​ប្រទេស​ចិន នៅ​កូរ៉េខាងជើង និង​វៀតណាម ក៏​ជា​ផ្នែក​ដ៏​សំខាន់​ផ្សេងទៀត​បង្ក​ជា​វិបត្ដិនយោបាយ​។​

ទី​៦៖ ប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច​

​ផលវិបាក​មួយ​ក្នុងចំណោម​ផលវិបាក​ជាច្រើន​កើតចេញពី​វិបត្ដិនយោបាយ គឺថា​នៅពេល​តំបន់​អាស៊ី​បាន​ផ្លាស់ប្ដូរ​ទៅរក​ចំណុចកណ្ដាល​នៃ​សេដ្ឋកិច្ច​សកលលោក តំបន់​អាស៊ី​ក៏បាន​ផ្លាស់ប្ដូរ​ទៅ​ចំណុចកណ្ដាល​នៃ​ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច​សកលលោក​ផងដែរ​។ តំបន់​អាស៊ី​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ទិដ្ឋភាព​ជាច្រើន​នៃ​ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច ក្នុងនោះ​មានដូចជា​ការ​ក្លែងបន្លំ​និង​ការលួចចម្លង ផលិតផល​គ្រឿងញៀន​ខុសច្បាប់ ការជួញដូរ​មនុស្ស ការរត់ពន្ធ អំពើពុករលួយ ការ​លាងលុយកខ្វក់ និង​ឧក្រិដ្ឋកម្ម​តាម​អ៊ី​ន​ធឺ​ណេត​។ ខណៈដែល​វិបត្ដិនយោបាយ​ជា​បុព្វហេតុ​មួយ​បង្កឲ្យមាន​ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច​កើតឡើង ពេលខ្លះ​តួអង្គ​រដ្ឋ​ខ្លួនឯង​ក៏​ជា​អ្នក​ឃុបឃិត​ជា​មួយក្រុម​ឧក្រិដ្ឋជន​។ វិធានការ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច គួរតែ​ត្រូវ​បង្កើតឡើង​ឲ្យបាន​ទាន់​ពេល​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ទី​៧៖ តើ​បណ្ដា​ប្រទេស​នៅ​អាស៊ី អាច​រស់នៅ​ជាមួយគ្នា​ដោយ​សន្ដិភាព និង​ភាព​សុខដុម​បាន​ឬទេ​?

​ស្របពេល​ដែល​កត្ដា​ជាច្រើន​បាន​ពង្រឹង​ការ​ស្ដារឡើងវិញ​ក្នុង​តំបន់​អាស៊ី​អស់​រយៈពេល​កន្លះ​ទសវត្ស​មកហើយ​នោះ សន្ដិភាព​ដែល​កំពុង​លេច​រូបរាង​ក្នុង​តំបន់​នេះ អាចជា​រឿង​សំខាន់បំផុត​។ ប៉ុន្ដែ​សព្វថ្ងៃ​ស្ថិរភាព​ពិតប្រាកដ​នៃ​ប្រទេស​អាស៊ី​ក្រោយ​សង្គ្រាម​ដឹកនាំ​ដោយ​អាមេរិក ត្រូវបាន​រង្គោះរង្គើ​ព្រោះតែ​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​។ រង្គោះរង្គើ​នៅពេល​ចិន​តស៊ូ​ជាមួយ​អាមេរិក​និង​បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ដ ដណ្ដើម​គ្នា​ដឹកនាំ​នយោបាយ​នៅ​អាស៊ី​។

​មាន​ការជជែក​វែកញែក​ជាច្រើន​លើកឡើងថា តើ​បញ្ហា​នេះ​នាំឲ្យមាន​ជម្លោះ​ផ្នែក​យោធា​រវាង​ចិន​និង​អាមេរិក​ដែរឬទេ​។ តែ​ក្នុងករណី​ណាក៏ដោយ អាមេរិក​ហាក់​កំពុងតែ​បាត់បង់​ការកាន់កាប់​ទៅលើ​ទ្វីបអាស៊ី​។ ជាក់ស្ដែង​រដ្ឋាភិបាល​អាមេរិក​ស្ថិតក្រោម​គ្រប់គ្រង​ដោយ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ កំពុង​ជួប​ភាព​រកាំរកូស​ជាមួយ​សម្ព័ន្ធមិត្ដ​មួយចំនួន​នៅអាស៊ី​។ ដូច្នេះ​មានន័យថា​វា​នឹង​ក្លាយជា​រឿង​ចាំបាច់​ណាស់​សម្រាប់​ប្រទេស​នៅ​អាស៊ី ក្នុង​ការសហការ​ល្អប្រសើ​រ​ជាមួយគ្នា​។ តែ​អ្វីដែល​កំពុងមាន​ការព្រួយបារម្ភ ហើយ​អាចជា​បញ្ហា​ប្រឈម​ដ៏​ធំ​រារាំង​ការរួបរួម គឺ​ភាព​តានតឹង​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន កូរ៉េខាងជើង ជប៉ុន តៃវ៉ាន់ ហុងកុង កូរ៉េខាងត្បូង និង​ប្រទេស​ឥណ្ឌា​៕

ព័ត៌មានផ្សេងទៀត