ជប៉ុន​​​​នឹង​ស្នើ​ឲ្យ​ក្រុមហ៊ុន​ហ្វេ​សប៊ុក​​បង្កើ​ន​​ការការពារ​​ទិន្នន័យ​​អ្នក​ប្រើប្រាស់​

22-10-2018 2:48 pm 604
រូបភាព​ឡូហ្គោ​ក្រុមហ៊ុន​ហ្វេស​ប៊ុក

​រាជរដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់ថា នឹង​ប្រាប់​ដល់​ក្រុមហ៊ុន​ហ្វេ​សប៊ុក​ឲ្យ​បង្កើន​ការការពារ​ទិន្ន​ន័យ​អ្នកប្រើប្រាស់ បាន​កាន់តែ​ប្រសើរ​ជាង​មុន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មា​ន​ក្យូ​ដូ​។ អ្វីដែល​ជប៉ុន​លើកឡើង​នៅពេលនេះ បន្ទាប់ពី​ក្រុមហ៊ុន​ហ្វេ​សប៊ុក​មាន​រឿងអាស្រូវ​បែកធ្លាយ​ព័ត៌មា​នឯកជន​អ្នកប្រើប្រាស់​៨៧​លាន​នាក់​។ ការ​បែក​ធ្លា​នេះ​ជាប់ទាក់ទង​នឹង​ក្រុមហ៊ុន​Cambridge Analytica​របស់​ចក្រភព​អង់គ្លេស​។

​ជប៉ុន​ថា​ការគ្រប់គ្រង​ទិន្នន័យ​អ្នកប្រើប្រាស់​របស់​ក្រុមហ៊ុន​ហ្វេ​សប៊ុក នៅ​មិនទាន់​រឹងមាំ​ល្អ​ទេ ជាហេតុ​ធ្វើឲ្យមាន​អ្នកចូល​មើលដោ​យគ្មាន​ការអនុញ្ញាត​។ គណៈកម្មការ​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ជប៉ុន នឹង​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ទាក់ទង​បញ្ហា​នេះ តែ​នៅ​មិនដឹងថា​សេចក្ដីថ្លែងការណ៍​នឹង​បញ្ជាក់​ពី​អនុសាសន៍ ការបង្គាប់បញ្ជា ឬ​ដាក់ទណ្ឌកម្ម​យ៉ាងណាទេ​។ គណៈកម្មកា​បដិសេធ​មិន​អធិប្បាយ​លម្អិត​។​

​ជា​ការកត់សម្គាល់ ក្រោយ​មាន​ព័ត៌មាន​បែកធ្លាយ​ទិន្នន័យ​អ្នកប្រើប្រាស់​៨៧​លាន​នាក់ ថ្មីៗ​នេះ​ក្រុមហ៊ុន​ហ្វេ​សប៊ុក​បានប្រកាសថា មាន​ការវាយប្រហា​រលើ​ទិន្នន័យ​អ្នកប្រើប្រាស់​ប្រមាណ​ជា​៣០​លាន​នាក់​ទៀត​។ បន្ទាប់ពី​ផ្ទុះ​រឿង​ផ្ទួនៗ​ដូច្នេះ បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក បាន​ឃ្លាំមើល​ក្រុមហ៊ុន​ហ្វេ​សប៊ុក​យ៉ាង​យកចិត្ដទុកដាក់​៕

ព័ត៌មានផ្សេងទៀត