ខ្លាំង​បាត់​! ចិន​គ្រោង​​បង្ហោះ​​ព្រះ​ចន្ទ​​សិប្បនិម្មិត​​បំភ្លឺ​​ក្នុង​ទីក្រុង​​មួយ​​កាត់បន្ថយ​​ការប្រើ​​អគ្គិសនី​

20-10-2018 2:39 pm 531
ព្រះចន្ទសិប្បនិម្មិតចិន​នឹងមានពន្លឺភ្លឺជាងព្រះចន្ទធម្មតា៨ដង

​តាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​តុលា ប្រទេស​ចិន​គ្រោង​នឹង​បង្ហោះ​ព្រះ​ចន្ទ​សិប្បនិម្មិត​នៅ​ឆ្នាំ​២០២០ ដើម្បី​ប្រើប្រាស់​ជំនួស​អំពូល​តាម​ដងផ្លូវ និង​កាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី​នៅក្នុង​ទីក្រុង​។ ទីក្រុងChengdu ដែល​ស្ថិត​ភាគ​និរតី​ក្នុង​ខេត្ដ​ស៊ី​ឈន់ កំពុង​ផលិត​ផ្កាយរណប​សម្រាប់​បំភ្លឺ ដែល​អាច​ជះ​ពន្លឺ​ដូចជា​ព្រះ​ចន្ទ​អ៊ីចឹង​ដែរ តែ​ភ្លឺ​ខ្លាំង​ជាង​ព្រះ​ចន្ទ​៨​ដង​។

​ព្រះ​ចន្ទ​សិប្បនិម្មិត​ដែល​ផលិត​ដោយ​មនុស្ស​នេះ នឹង​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​ផ្កាយរណប​Xichang​ក្នុង​ខេត្ដ​ស៊ី​ឈន់​។ ព្រះ​ចន្ទ​សិប្បនិម្មិត​ចំនួន​បី​ទៀត នឹង​បង្ហោះ​នៅ​ឆ្នាំ​២០២២ ប្រសិនបើ​ការធ្វើ​តេស្ដ​សាកល្បង​លើកទីមួយ​ទទួលបាន​ជោគជ័យ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រធាន​ផ្នែក​វិទ្យាសាស្ដ្រ​ប្រចាំ​តំបន់ ដែល​ទទួលខុសត្រូវ​លើ​គម្រោង​ផលិត​ព្រះ​ចន្ទ​សិប្បនិម្មិត​។​

​ទោះបីជា​វា​ជា​ការសាកល្បង​លើកដំបូង​ក៏ពិតមែន ប៉ុន្ដែ​ផ្កាយរណប​ដែល​គេ​ហៅថា​ជា​ព្រះ​ចន្ទ​សិប្បនិម្មិត គ្រោង​បង្ហោះ​បន្ថែម​នៅ​ឆ្នាំ​២០២២ នឹង​ក្លាយជា​កម្មវិធី​មាន​សក្ដានុពល​ពិតប្រាកដ​មួយ ផ្ដល់​ផលចំណេញ​ច្រើន​មិនធម្មតា​សម្រាប់​ប្រជាជន​។ ព្រះ​ចន្ទ​សិប្បនិម្មិត​នេះ​ដំណើរការ​ដោយ​ជះ​ពន្លឺ​ពី​ព្រះអាទិត្យ​និង​បញ្ចេញ​ពន្លឺ​នៅ​ពេលយប់ អាច​ជំនួស​អំពូល​តាមផ្លូវ​ក្នុង​ទីក្រុង​បាន​។ វា​អាច​សន្សំសំចៃ​បាន​ប្រមាណ​១,២​ពាន់​លាន​យន់ ស្មើនឹង​ប្រមាណ​១៧០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ជា​ការចំណាយ​លើ​អគ្គិសនី​ក្នុង​ទីក្រុង​Chengdu ប្រសិនបើ​វា​អាច​ជះ​ពន្លឺ​បាន​៥០​គីឡូម៉ែត្រ​ការ៉េ​៕

ព័ត៌មានផ្សេងទៀត