ក្នុង​កិច្ចប្រជុំ​​លើក​ទី​ពីរ លោក​គីម ជុង​អ៊ុន​​នឹង​មាន​ប្រៀប​​លើ​លោក​​ដូណាល់ ត្រាំ​?

16-10-2018 11:28 am 1024
លោកគីម ជុងអ៊ុន​(ឆ្វេង)​​និងលោក​ដូណាល់ ត្រាំក្នុងកិច្ចប្រជុំនៅសិង្ហបុរី

​កិច្ចប្រជុំ​លើក​ទី​ពីរ​រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន នឹង​ធ្វើឡើង​ក្នុងពេល​ឆាប់ៗ​នេះហើយ​។ ដ្បិត​មិនទាន់​ប្រកាស​ពី​កាលបរិច្ឆេទ​ច្បាស់លាស់ ប៉ុន្ដែ​លោក​ដូណាល់ ត្រាំ​អះអាងថា​នឹង​រៀបចំឡើង​ក្រោយ​ការបោះឆ្នោត​សភា​អាមេរិក​នៅ​ថ្ងៃទី​០៦​វិច្ឆិកា​។ ស្របពេល​កិច្ចប្រជុំ​ជិត​ចូល​មកដល់ មាន​ការសន្និដ្ឋាន​ជាច្រើន​លើកឡើងថា លោក​គីម ជុង​អ៊ុន​នឹង​មានប្រៀប​នៅក្នុង​កិច្ចប្រជុំ​នេះ​។ លោក​គីម​នឹង​ទាមទារ​លក្ខខណ្ឌ​ដោះដូរ​មានតម្លៃ​ស្មើនឹង​ការលះបង់​របស់​កូរ៉េខាងជើង ជុំវិញ​ការរំលាយ​នុយក្លេអ៊ែ​រ​។ បើសិន​លោក​ត្រាំ​មិន​ព្រម នោះ​លោក​គីម​នឹង​ដើរ​ចេញពី​កិច្ចប្រជុំ​នេះ ហើយ​វា​ក៏​នឹង​ក្លាយជា​កិច្ចប្រជុំ​ចុងក្រោយបង្អស់​រវាង​អាមេរិក​និង​កូរ៉េខាងជើង​។

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

សំឡេង៖

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​សន្យា​នឹងចូលរួម​កិច្ចប្រជុំ​លើក​ទី​ពីរ​ជាមួយ​លោក​គីម ជុង​អ៊ុន​តប​តាម​ការស្នើសុំ​។ កាលបរិច្ឆេទ​និង​ទីតាំងនៅ​មិនទាន់​ប្រកាស​ទេ ប៉ុន្ដែ​អាច​ធ្វើឡើង​បន្ទាប់ពី​អាមេរិក​រៀបចំ​ការបោះឆ្នោត​សភា​នៅ​ថ្ងៃទី​០៦​វិច្ឆិកា​រួចរាល់ ហើយ​ចំពោះ​ទីកន្លែង​ត្រូវ​ជួបគ្នា​ក៏​មិនមែន​នៅ​ប្រទេស​សិង្ហ​បុរី​ទៀត​ដែរ​។ នេះ​គឺជា​ការ​បោះជំហាន​ឈានទៅរក​ផ្លូវ​វិជ្ជមាន នៃ​ទំនាក់ទំនង​អាមេរិក​និង​កូរ៉េខាងជើង ខណៈ​ចំណងមិត្ដភា​ពរ​វាងបុរស​ខ្លាំង​ទាំងពីរ​ទើប​ដុះ​ពន្លក​តិចៗ​។​

​នៅក្នុង​កិច្ចប្រជុំ​ជា​ប្រវត្ដិសាស្ដ្រ​លើកដំបូង កាលពី​ថ្ងៃទី​១២​មិថុនា​ក្នុងប្រទេស​សិង្ហ​បុរី មេដឹកនាំ​ទាំង​ពីរបាន​ព្រមព្រៀង​លើ​ចំណុច​សំខាន់ៗ​គួរឲ្យកត់សម្គាល់​។ លទ្ធផល​ផ្លែផ្កា​សម្រេចបាន​ក្រោយ​កិច្ចប្រជុំ ឆ្លុះបញ្ចាំង​ថា​កិច្ចប្រជុំ​នេះ​មិនមែនជា​រឿង​ឥតប្រយោជន៍​ឡើយ​។ សូម្បី​ប្រធានាធិបតី​អាមេរិក​ក៏​លាន់​មាត់​កោតសរសើរ​លោក​គីម ជុង​អ៊ុន និង​អះអាងថា​លោក​ទទួលបាន​ជោគជ័យ​ធំធេង​បំផុត​ក្នុងពេល​ជួប​ជាមួយ​លោក​គីម​។ ក្រោយ​កិច្ចប្រជុំ​បានបញ្ចប់ គេ​សង្គេតឃើញថា​កូរ៉េខាងជើ​ង​បាន​ព្យាយាម​ធ្វើតាម​សេចក្ដីប្រកាស​រួម ហើយ​អាមេរិក​ក៏​ដូចគ្នា​។ កូរ៉េខាងជើង​បាន​ផ្អាក​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ ប្ដេជ្ញា​រំលាយ​ទីតាំង​ធ្វើតេស្ដ​នុយក្លេអ៊ែរ ហើយ​ព្រម​អនុញ្ញាតឲ្យ​មាន​ការចុះ​ត្រួតពិនិត្យពីអ្ន​ក​ជំនាញ​អន្ដរជាតិ​ផង​។ ចំណែក​អាមេរិក​វិញ​បានប្រកាស​ផ្អាក​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ជាមួយ​កូរ៉េខាងត្បូង ជា​រឿង​មួយ​ដែល​កូរ៉េខាងជើង​ចង់បាន​បំផុត​។

​ទន្ទឹមនឹង​ការ​អនុវត្ដ​តាម​កិច្ចព្រមព្រៀង ចង់​ឬ​មិន​ចង់​ភាព​ខ្វែងគំនិត​ច្បាស់​ណាស់​នៅតែមាន​អ៊ីចឹង​។ ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​ដែល​កូរ៉េខាងជើង​បាន​សន្យា​ហាក់​ដើរ​ទៅមុខ​យឺតយ៉ាវ ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជួបពិភាក្សា​គ្នា​ឡើងវិញ​ម្ដង​ជា​ពីរដង​។ អាមេរិក​ធ្លាប់​ប្រកាស​ដាច់អហង្ការ​នឹងមិន​ដក​ទណ្ឌកម្ម​ចេញពី​កូរ៉េខាងជើង​ដាច់ខាត បើ​គ្មាន​ការរំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​ទាំងស្រុង​។ ចំណែក​កូរ៉េខាងជើង​វិញ នៅ​ប្រកាន់​ជំហរ​តាម​ការសន្យា​គឺ​នឹង​រំលាយ​នុយក្លេអ៊ែរ ប៉ុន្ដែ​ក៏​ត្រូវមាន​ផល​តបស្នង​ពី​អាមេរិក​វិញ​ដែរ​។ រឿងរ៉ាវ​ទាំងអស់នេះ នឹង​ក្លាយជា​ប្រធានបទ​សំខាន់​សម្រាប់​កិច្ចប្រជុំ​លើក​ទី​ពីរ រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។

​តើ​ក្នុង​កិច្ចប្រជុំ​លើក​នេះ កូរ៉េខាងជើង​ជា​អ្នកមាន​ប្រៀប​លើ​អាមេរិក ជុំវិញ​ការទាមទារ​លក្ខខណ្ឌ​ដោះដូរ​នឹង​ការរំលាយ​នុយក្លេអ៊ែរ​?

​ជាមួយ​អ្វីដែល​បាន​លះបង់ កូរ៉េខាងជើង​គិតថា​ខ្លួន​សម​នឹង​ទទួលបាន​ការដោះដូរ​មានតម្លៃ​ស្មើ​ពី​ទីក្រុង​វ៉ាស៊ីនតោន​។ នៅ​អង្គការសហប្រជាជាតិ​កាលពី​ខែកញ្ញា និង​កាលពី​ថ្ងៃទី​១១​តុលា ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​ត្រីភាគី​ជាមួយ​ចិន​និង​រុស្ស៊ី មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងជើង​បាន​គូសបញ្ជាក់​ពី​ការចង់បាន សម្រាប់​ផែនការ​អនុវត្ដ​ការរំលាយ​នុយក្លេអ៊ែរ​ត​ទៅមុខទៀត​។ ប្រទេស​ចិន​និង​រុស្ស៊ី​បាន​គាំទ្រ​ការទាមទារ​របស់​ក្រុង​ព្យុងយ៉ាង ជា​ថ្នូរ​នឹង​ការរំលាយ​នុយក្លេអ៊ែ​រ​។ តាមពិត​ចិន​និង​រុស្ស៊ី​ធ្លាប់​ទទូច​ឲ្យ​អាមេរិកនិង​អង្គការ​សហប្រជាជាតិ បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដែរ ប៉ុន្ដែ​អាមេរិក​និង​អង្គការសហប្រជាជាតិ​មិន​យល់ព្រម​។​

​ចាប់អារម្មណ៍​ពី​កិច្ចប្រជុំ​លើក​ទី​ពីរ​រវាង​លោក​ត្រាំ​និង​លោក​គីម​វិញ សម្រាប់​ហេតុផល​ជាក់ស្ដែង​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ពី​កិច្ចប្រជុំ​នេះ កូរ៉េខាងជើង​ច្បាស់​ជាមាន​ចេតនា​ចង់បាន​ការលះបង់​ពី​អាមេរិក​វិញ​ម្ដង​។ បើ​គ្មាន​ផល​តបស្នង​នោះ​កូរ៉េខាងជើង​នឹងមិន​លះបង់​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ដាច់ខាត​។ ចំពោះ​វិធានការ​ដោះដូរ​ឲ្យ​កូរ៉េខាងជើង អាចជា​ការប្រកាស​បញ្ចប់សង្គ្រាម​កូរ៉េ ឬក៏​ការដក​ទណ្ឌកម្ម​ដែល​អាមេរិក​ដាក់​លើ​កូរ៉េខាងជើង​។ ដោយសារតែ​ទណ្ឌកម្ម​នេះ ធ្វើឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កូរ៉េខាងជើង​រង​ផលប៉ះពាល់ ហើយ​ប្រជាជន​និង​មន្ដ្រី​កូរ៉េខាងជើង ក៏​កំពុង​សម្លឹងមើល​ការដឹកនាំ​របស់លោក​គីម ជុង​អ៊ុន ពី​ការបើកឱកាស​ចូលរួម​ក្នុង​អាជីវកម្ម​ពិភពលោក​ខាងក្រៅ​។ ទាក់ទង​នឹង​ការប្រកាស​បញ្ចប់សង្គ្រាម​លើ​ឧបទ្វីប​កូរ៉េ ប្រសិនបើ​មាន​ការចុះ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ នោះ​ក៏​អាច​បើកទ្វារ​ឲ្យមាន​កិច្ចពិភាក្សា​ពី​ការដក​កងទ័ព​អាមេរិក​ចំនួន​២៨,៥០០​នាក់​ចេញពី​កូរ៉េខាងត្បូង​ផងដែរ​។

​នៅ​អាមេរិក​កំពុងមាន​បញ្ហានយោបាយ ដូច្នេះ​ជា​ឱកាស​សម្រាប់​លោក​ដូណាល់ ត្រាំ គួរ​រក្សា​ការចរចា​ជាមួយ​កូរ៉េខាងជើង ព្រោះ​ទំនាក់ទំនង​នេះ​អាចធ្វើឲ្យ​លោក​ទទួលបាន​ជោគជ័យខា​ង​គោលនយោបាយ​ការបរទេស និង​ទទួលបាន​ប្រជាប្រិយភាព​ក្នុងនាម​ជា​ប្រធានាធិបតី​។ គ្មាន​ប្រធានាធិបតី​អាមេរិក​ណាមួយ មាន​ចំណងមិត្ដភាព​ល្អប្រសើ​រ​ជាមួយ​កូរ៉េខាងជើង ដូច​លោក​ដូណាល់ ត្រាំ​ឡើយ​។ ហេតុនេះ​លោក​ត្រាំ​ចាំបាច់​ត្រូវ​ពិចារណា​ពី​ផល​វិជ្ជមាន​និង​ផល​អវិជ្ជមាន នៃ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​។ មានការ​សន្មត់​ថា​លោកត្រាំ​ចង់​បានការច​រចា​ជាជាង​សង្គ្រាម ហើយ​បើ​ចង់​ទទួលបាន​ចំណុច​នេះ លោក​ត្រាំ​ត្រូវតែ​ហ៊ាន​លះបង់​។

​ផ្ទុយទៅវិញ​ខុសពី​លោក​ដូណាល់ ត្រាំ លោក​គីម ជុង​អ៊ុន​គ្មាន​ការព្រួយបារម្ភ​ច្រើន​ទេ​។ កូរ៉េខាងជើង​ធ្លាប់​រង​សម្ពាធ​ខ្លាំងណាស់​មកហើយ​ប៉ុន្ដែ​នៅ​អាច​តតាំង​បាន​។ បើសិន​លោក​ត្រាំ​មិន​ផ្ដល់ឲ្យ​តាម​អ្វីដែល​លោក​គីម​ចង់បា​ន ឬ​មិន​ពេញចិត្ដ​នឹង​ការដោះដូរ លោក​គីម​អាច​ដើរ​ចេញពី​កិច្ចចរចា​ភ្លាម ទៅ​បង្ក​ការគំរាមកំហែង​ដូច​ធ្លាប់ធ្វើ​កន្លងមក​។ ជារួម​ទៅ នៅពេលដែល​កិច្ចប្រជុំ​លើក​ទី​ពីរ​រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន​ចាប់ផ្ដើម លោក​គីម​នឹង​មានប្រៀប​ខ្លាំង​ជាង ហើយ​សម្ពាធ​ត្រូវ​ធ្លាក់​លើ​អាមេរិក​វិញ​ម្ដង ដើម្បីឲ្យ​អាមេរិក​បោះបង់​ទណ្ឌកម្ម​មួយចំនួន​ដាក់​លើ​កូរ៉េខាងជើង​។ ប្រសិនបើ​ភាគី​ទាំងពីរ​នៅតែ​រឹងទទឹង មិនអាច​ស្វែងរក​ចំណុច​ត្រូវរ៉ូវ​ឃើញ កិច្ចប្រជុំ​លើក​ទី​ពីរ​នេះ​នឹង​ក្លាយជា​កិច្ចប្រជុំ​លើកចុងក្រោយ​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងជើង​៕

ព័ត៌មានផ្សេងទៀត