គណបក្សកាន់អំណាច​​អះអាងថា​​ខ្លួន​អនុវត្ត​​ព្រះរាជ​បណ្តាំ ​សម្តេច​សីហនុ​​យ៉ាង​ពេញលេញ​​

14-10-2018 4:24 pm 2363
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្ងៃទី​១៥ ខែតុលា គឺជា​ខួប​៦​ឆ្នាំ​នៃ​ការយាង​សោយ​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​កម្ពុជា​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រារព្ធ​ខួប​នេះ​នៅ​ទូទាំងប្រទេស ដោយមាន​ការរៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​ទីតាំង​តម្កល់​រូបសំណាក់​ព្រះអង្គ​ជិត​វិមានឯករាជ្យ និង​ណែនាំ​គ្រប់​វត្ត​អារាម​ឲ្យ​រៀបចំ​ពិធី​គោរព និង​ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ​ផងដែរ​។​

​អតីតព្រះមហាក្សត្រ​កម្ពុ​ជា ព្រះ​បរម​រតន​កោដ្ឋ សម្តេច ព្រះ​នរោត្តម សីហនុ គឺជា​ឥស្សរជន​លេចធ្លោ​បំផុត​នៅក្នុង​ឆាកនយោបាយ​កម្ពុជា​ក្នុង​រយៈកាល​ប្រមាណ​ជា​៧​ទសវត្សរ៍​កន្លងទៅ ហើយក៏​ជា​សាក្សី​ដ៏​សំខាន់បំផុត​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​ទំនើប​រាប់​ចាប់តាំងពី​កម្ពុជា​ស្ថិតក្រោម​អាណានិគម​បារាំង សម័យ​រុងរឿង​ក្រោយ​ឯករាជ្យ ទំព័រ​ខ្មៅ​ងងឹត​នៃ​របប​ខ្មែរក្រហម រហូតដល់​យុគសម័យ​សន្តិភាព ការផ្សះផ្សា​ជាតិ និង​ការបង្កើត​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩0​។

​អ្វីដែល​ប្រជារាស្ត្រ​ខ្មែរ​ចងចាំ​មិន​ភ្លេច​ពី​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា គឺ​ការទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង​មកវិញ នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។​សម្ដេចព្រះ​នរោត្តម សីហនុ ត្រូវបាន​រដ្ឋសភាជាតិ​កម្ពុជា ដែល​កើតឡើង​ក្រោយ​ការបោះឆ្នោត​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​លើកទីមួយ​នៅ​កម្ពុជា ជ្រើសតាំង​ជា​ព្រះមហាក្សត្រ​នៃ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាថ្មី​ម្ដងទៀត រហូតដល់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០០៤ ទើប​ដាក់រាជ្យ ឲ្យទៅ​ព្រះរាជបុត្រា​របស់ព្រះអង្គ គឺ​ព្រះបរមនាថ នរោត្តម សីហមុនី ឡើង​ស្នងរាជ្យ​បន្ត​។​

ជាងនេះទៅទៀត ព្រះអង្គ​គឺជា​តួអង្គ​ដ៏​សំខាន់បំផុត ក្នុង​ការដោះស្រាយ​វិវាទ​នយោបាយ​រវាង​ភាគី​នយោបាយ​នៅ​កម្ពុជា​កន្លងមក ដើម្បី​រក្សា​សុខសន្តិភាព​នៅ​ក្នុងប្រទេស និង​ទទួលបាន​ងារ​ជា​ព្រះបិតា​បង្រួបបង្រួម​ជាតិ​។ ព្រះអង្គ​តែង​ដើរតួ​ជា​អ្នកសម្របសម្រួល ដោះស្រាយ​វិវាទ​នយោបាយ ជា​បន្តបន្ទាប់ ស្របតាម​រដ្ឋធម្មនុញ្ញ កម្ពុជា ក្នុង​ព្រះរាជតម្រិះ ប្តេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ របបរាជានិយម និង​លទ្ធិប្រជាធិបតេយ្យ​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន អះអាង​នៅ​ថ្ងៃទី​១៤ តុលា ឆ្នាំ​២០១៨​នេះ ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុវត្ត​ព្រះរាជ​បណ្តាំ និង​ព្រះរាជតម្រិះ​របស់ ព្រះ​បរម​រតន​កោដ្ឋ ដោយ​ប្តេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ របបរាជានិយម និង​លទ្ធិប្រជាធិបតេយ្យ បាន​យ៉ាង​ខ្ជាប់ខ្ជួន​។​

​លោក​ថា «​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់ខ្ជាប់​គោលជំហរ​ធ្វើជា​សុខដុម​នីយកម្ម​សង្គម​កម្ពុជា ដោយ​ផ្អែកលើ​នយោបាយ​បង្រួបបង្រួម​ជាតិ ការផ្សះផ្សា​ជាតិ និង​វប្បធម៌​សន្ទនា​។ ប៉ុន្តែ​ការបង្រួបបង្រួម​ជាតិ ការផ្សះផ្សា​ជាតិ និង​វប្បធម៌​សន្ទនា​ត្រូវតែ​ផ្អែកលើ​គោលការណ៍​ច្បាស់លាស់​នោះ គឺ​តាម​គោលការណ៍​លទ្ធិ​ប្រជ​ធិបតេយ្យ និង​នីតិរដ្ឋ​»​។​

លោក​និយាយថា នេះហើយ គឺជា​ព្រះរាជ​បណ្តាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ ដែល​បន្សល់​ឲ្យ​កូនចៅ​គណបក្ស​ប្រជាជន​កម្ពុជា អនុវត្ត​តរៀង​ទៅ​។ គណបក្ស​ប្រា​ជនកម្ពុជា ប្តេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ឲ្យបាន​ជាដាច់ខាត និង​ប្តេជ្ញា​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ។​

​សូម​រំឭកថា ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​របស់​កម្ពុជា​បាន​យាង​សោយ​ទិវង្គត​កាលពី​ថ្ងៃទី​១៥ ខែ តុលា ឆ្នាំ ២០១២ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ក្នុង​ព្រះ​ជន្មាយុ​៩០ ព្រះវស្សា​៕

ព័ត៌មានផ្សេងទៀត