កម្ពុជា​ស្នើ​ចិន​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម តែ​ស្នើ​វៀតណាម​ទប់ស្កាត់​ពាណិជ្ជកម្ម​ព្រៃឈើ​ខុសច្បាប់​

13-10-2018 12:25 pm 8211
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​លើក​ទី​១៨ នៃ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន​បូក​បី កាលពី​ថ្ងៃ​ទី​១២ ខែតុលា លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​សរសើរ និង​លើក​ជា​សំណើរ​ចំនួន​៤​ចំណុច ទៅ​ដល់​ភាគី​ចិន ក្នុង​ការផ្តល់​ការគាំទ្រ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ។ ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏​បាន​លើក​ជា​សំណើ​មួយចំនួន​ចំពោះ​ភាគី​វៀតណាម​ផងដែរ ទាក់ទង​នឹង​បញ្ហា​កសិកម្ម ពិសេស ចំពោះ​ការចាត់វិធានការ​តឹងរ៉ឹង លើ​ការគ្រប់គ្រង​ពាណិជ្ជកម្ម​ព្រៃឈើ និង​នេសាទ​ឆ្លងដែន​ខុសច្បាប់ ដែល​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ...

​ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ រវាង​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា និង​លោក ម៉ា អៃ​ហ្គូ អនុរដ្ឋមន្ត្រី​កសិកម្ម និង​កិច្ចការ​ជនបទ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃ​ទី​១២ ខែតុលា លោក​រដ្ឋមន្ត្រី បាន​លើកសរសើរ​ចំពោះ​ចិន ដែល​តែងតែ​ផ្តល់​ការគាំទ្រ និង​ជា​ដៃគូ​ដ៏​ល្អ ក្នុង​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​កម្ពុជា ។ 

​លោក​បន្តថា រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏​បាន​រួមចំណែក​ក្នុង​ការគាំទ្រ​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ក្នុងនោះ វិស័យ​ឯកជន​មួយចំនួន ក៏​បាន​និង​កំពុង​បោះទុន​វិនិយោគ​លើ​ការដាំដុះ ក៏ដូចជា​ការកែច្នៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា ។​

​ក្រៅពី​លើកសរសើរ លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ជា​សំណើ​ចំនួន​៤​ចំណុច ដល់​ភាគី​ចិន​ផង​ដែរ ក្នុងនោះ​រួមមាន​៖

​ទី​១. លោក​បាន​ស្នើ​ភាគី​ចិន ឱ្យ​ជួយ​គាំទ្រ​ដល់​ការផលិត​ពូជស្រូវ​ហាយ​ប្រី​ដ ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​ស្រូវ​នៅ​កម្ពុជា ។​

​ទី​២. លោក​បាន​ស្នើ​ឱ្យ​ភាគី​ចិន​ពិនិត្យ​ពិចារណា​ក្នុង​ការគាំទ្រ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ និង​នីតិវិធី ក្នុង​ការដាំដុះ ដែល​លក្ខណៈ​ឆ្លើយតប​ទៅនឹង​លក្ខខណ្ឌ​តម្រូវ​របស់​ភាគី​ចិន ដើម្បី​ឱ្យ​កម្ពុជា​អាច​នាំ​ចេញ​ដំណាំ​ហូប​ផ្លែ​មួយចំនួន​ទៅ​កាន់​ទីផ្សារ​ចិន ដូចជា ស្វាយ និង​ស្រកានាគ​ជាដើម ។​

​ទី​៣. លោក​ក៏​បាន​ស្នើ​ឱ្យ​ភាគី​ចិន គាំទ្រ​ដល់​អនុវិស័យ​ជលផល​នៅ​កម្ពុជា ជា​ពិសេស​ការធ្វើ​វារីវប្បកម្ម​ទឹកសាប ដែល​មាន​លក្ខណៈ​ទំនើប សម្រាប់​ជំរុញ​ការនាំ​ចេញ​ផលិតផល​ជលផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។ 

​និង​ទី​៤. លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឱ្យ​ភាគី​ចិន ផ្តល់​ការគាំទ្រ​នូវ​ឧបករណ៍​វិភាគ​គុណភាព​សាច់​សត្វ និង​សុខភាព​សត្វ​ដល់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​ឱ្យ​កម្ពុជា​អាច​មាន​លទ្ធភាព​ក្នុង​ការពង្រឹង​ផ្នែក​សុវត្ថិភាព​ចំណីអាហារ ។​

​ឆ្លើយតប​នឹង​សំណើ​នេះ លោក ម៉ា អៃ​ហ្គូ អនុរដ្ឋមន្ត្រី​កសិកម្ម និង​កិច្ចការ​ជនបទ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ថ្លែងថា នឹង​គាំទ្រ​នូវ​រាល់​សំណើ​ទាំងនេះ ។ លោក​ក៏​បាន​សន្យាថា នឹង​ជំរុញ​ដល់​អ្នក​វិនិយោគទុន​ចិន ឱ្យ​បន្ត​មក​បោះទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​បន្ថែម​ទៀត ។​

​ក្រៅ​ពី​ជំនួប និង​លើក​ជា​សំណើ​ដល់​ភាគី​ចិន លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា ក៏​បាន​ជួបពិភាក្សា​ការងារ និង​បាន​លើក​ជា​សំណើ​ដល់​ភាគី​វៀតណាម​ផងដែរ ចំពោះ​បញ្ហា​កសិកម្ម​ជា​ច្រើន ពិសេស ចំពោះ​ការចាត់វិធានការ​តឹងរ៉ឹង លើ​ការគ្រប់គ្រង​ពាណិជ្ជកម្ម​ព្រៃឈើ និង​នេសាទ​ឆ្លងដែន​ខុសច្បាប់ ដែល​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ ។​

​ក្នុង​ជំនួប​រវាង​លោក​រដ្ឋមន្ត្រី និង​ភាគី​វៀតណាម តំណាង​ដោយ​លោក ង្វៀន សួន​គឿង រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​អភិវឌ្ឍ​ជនបទ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក វេង សាខុន បាន​ស្នើ​ដល់​ភាគី​វៀតណាម​ចំនួន ៥​ចំណុច ក្នុងនោះ​រួមមាន ៖

​ទី​១. លោក​បាន​ស្នើ​ដល់​ភាគី​វៀតណាម ជួយ​ផ្តល់​នូវ​លិខិត​បញ្ជាក់​អនាម័យ និង​ភូតគាម​អនាម័យ និង​លិខិត​បញ្ជាក់​ពាក់ព័ន្ធ​ផ្សេងទៀត ទាក់ទង​ពូជ​ស្វាយចន្ទី​ដែល​សមាគម​ស្វាយចន្ទី​វៀតណាម​ប្រគល់​មក​កម្ពុជា ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ផ្សេងៗ ដែល​អាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​កសិករ ។​

​ទី​២. លោក​ស្នើ​ដល់​វៀតណាម​ជួយ​ពិនិត្យ​លទ្ធភាព​ក្នុង​ការបង្កើន​តម្លៃ​កៅស៊ូ ដែល​ប្រមូល​ទិញ​ពី​កម្ពុជា ដើម្បី​សម្រួល​ដល់​ជីវភាព​កសិករ​កម្ពុជា ។​

​ទី​៣. លោក​ក៏​បាន​ស្នើ​ដល់​វៀតណាម​ពង្រឹង​ការបង្ការ និង​ទប់ស្កាត់​ជំងឺឆ្លង​រាតត្បាត ទាក់ទង​នឹង​ចលនា​សត្វ​ឆ្លងដែន ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​រវាង​ប្រទេស​ទាំង​ពីរ ។​

​ទី​៤. លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ដល់​ភាគី​វៀតណាម​ឱ្យ​ចាត់វិធានការ​តឹងរឹង​បន្ថែមទៀត ពាក់ព័ន្ធ​ដល់​ការគ្រប់គ្រង​ពាណិជ្ជកម្ម​ផល អនុផល​ព្រៃឈើ​ខុសច្បាប់ និង​ការនេសាទ​ឆ្លងដែន​ខុសច្បាប់ ពុំ​មាន​ការអនុញ្ញាត និង​មិន​មាន​របាយការណ៍ ព្រោះ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ​លិខិតបទដ្ឋាន​នានា ដែល​សមស្រប​ទៅនឹង​លក្ខខណ្ឌ​តម្រូវការ​របស់​សហភាព​អឺរ៉ុប ។​

​និង​ទី​៥. លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឱ្យ​ភាគី​ទាំងពីរ​រៀបចំ​ក្រុមការងារ​កម្រិត​ជំនាញ ដើម្បី​បន្ត​ធ្វើ​ការពិភាក្សា និង​ដោះស្រាយ​នូវ​បញ្ហា​នានា ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពង្រីក​នូវ​ទំហំ​ពាណិជ្ជកម្ម​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ ។​

​ឆ្លើយតប​ទៅនឹង​សំណើ​ទាំងនេះ ភាគី​វៀតណាម លោក ង្វៀន សួន​គឿង រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​អភិវឌ្ឍ​ជនបទ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ថ្លែង​ដោយ​សន្យាថា គាំទ្រ​នូវ​រាល់​សំណើ​ទាំងនេះ ។ ចំពោះ​បញ្ហា​ការនេសាទ​ឆ្លងដែន និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ឆ្លងដែន​ខុសច្បាប់ លោក​បាន​បញ្ជាក់ថា ភាគី​វៀតណាម កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ហើយ​រដ្ឋាភិបាល​វៀតណាម បាន​ជំរុញ​ឱ្យ​មាន​ការដាំ​ព្រៃឈើ​ឡើងវិញ ជា​លក្ខណៈ​ពាណិជ្ជកម្ម និង​ជួយ​ដល់​បរិស្ថាន ។ 

​គូសបញ្ជាក់ថា លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​គណៈប្រតិភូ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​អនាម័យ និង​ភូតគាម​អនាម័យ លើក​ទី​៦ នៃ​រដ្ឋមន្ត្រី​អាស៊ាន - ចិន កាលពី​ថ្ងៃ​ទី​១២ ខែតុលា នា​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ៕ 

ព័ត៌មានផ្សេងទៀត