ជប៉ុន​-​ចិន​​ចាប់ដៃគ្នា​​ផលិត​រថយន្ដ​​បើកបរ​​ដោយ​ស្វ័យប្រវត្ដិ​​ប្រជែង​ក្នុង​​ទីផ្សារ​អន្ដរជាតិ​

13-10-2018 9:28 am 376
ការសាកល្បងរថយន្ដ​បើកបរ​ដោយស្វ័យប្រវត្ដិ

​ក្រុមហ៊ុន​ផលិត​រថយន្ដ​ចិន​និង​ជប៉ុន បាន​ឯកភាព​លើ​ការ​បង្កើនល្បឿន​កិច្ចសហប្រតិបត្ដិការ នៅក្នុង​វិស័យ​ផលិត​រថយន្ដ​បើកបរ​ដោយ​ស្វ័យប្រវត្ដិ​ឲ្យ​កាន់​តែខ្លាំងឡើង​។ តំណាង​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំងពីរ បាន​ផ្លាស់ប្ដូរ​អនុស្សរណៈ​យោគយល់​គ្នា នៅក្នុង​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​សុក្រ​។ ភាពជា​ដៃគូ​នេះ​មាន​មូលដ្ឋាន​លើ​កិច្ចព្រមព្រៀង ដែល​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​បាន​ចុះ​កន្លងមក​។

​ក្រុមហ៊ុន​ប្ដេជ្ញា​នឹង​រួមបញ្ចូល​ប្រព័ន្ធ​ត្រួតពិនិត្យ​និង​ប្រព័ន្ធ​ទំនាក់ទំនង ក៏ដូចជា​ផ្នែក​បច្ចេកវិទ្យា​សំខាន់ៗ​ទៀត ដើម្បី​ជំរុញ​ឲ្យ​ដំណើរការផលិត​រថ​យន្ដ​បើក​បរដោយ​ស្វ័យប្រវត្ដិរឹត​តែមាន​គុណភាព​។ កិច្ចព្រមព្រៀង​ក៏​ទាមទារ​ឲ្យ​វិស្វករ​ជប៉ុន​និង​ចិន រៀបចំ​កិច្ចប្រជុំ​ជាមួយគ្នា​ជា​ទៀត​ទាត់ ដើម្បី​ផ្លាស់ប្ដូរ​យោបល់​និង​ចែករំលែក​ព័ត៌មាន​។

​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​ជាច្រើន​ក្នុង​ពិភពលោក ក៏បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ដ​ដែរ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​រថយន្ដ​បើកបរ​ស្វ័យប្រវត្ដិ​នេះ​។ ក្រុមហ៊ុន​ផលិត​រថយន្ដ​របស់​ជ​ប៉ុន​សង្ឃឹមថា នឹង​អាច​ពង្រីក​បច្ចេកវិទ្យារ​បស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក តាមរយៈ​ការផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន ជា​ទីផ្សារ​រថយន្ដ​ធំ​បំផុត​របស់​ពិភពលោក​៕

ព័ត៌មានផ្សេងទៀត