អ្នកជំនាញ​ណែនាំ​ឱ្យ​យុវជន​ចេះ​ប្រើប្រាស់​កម្ចី​ល្អ ចំ​គោលដៅ ចៀសវាង​បំណុល​វ័ណ្ឌ​ក​

12-10-2018 4:07 pm
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកជំនាញ​សេដ្ឋកិច្ច និង​អ្នកជំនាញ​ខាង​ផ្នែក​ហិរញ្ញវត្ថុ លើកឡើង​ព្រម​គ្នា​ថា យុវជន ឬ​អ្នក​ប្រើប្រាស់​កម្ចី​ផ្សេងៗ គួរតែ​ចេះ​ប្រើប្រាស់​កម្ចី​មាន​សុវត្ថិភាព ចៀស​ឱ្យ​ឆ្ងាយ​ពី​កម្ចី​គ្មាន​សុវត្ថិភាព ដើម្បី​កុំឱ្យ​កម្ចី​នោះ ក្លាយ​ជា​បំណុល​វ័ណ្ឌ​ក ដោះខ្លួន​មិន​រួច ។​ ​បំណុល​វ័ណ្ឌក កើតឡើង​នៅ​ពេល​ដែល​អ្នក​ខ្ចី​បំណុល​គ្មាន​លទ្ធភាព​ក្នុងការ​សងបំណុល ឬ​មាន​ការលំបាក​ក្នុង​ការស្វែងរក​ប្រាក់​ម​ក​សងបំណុល​ឱ្យទាន់​ពេលវេលា ។ វា​កើត​ឡើង​នៅពេល​ដែល​អ្នក​ខ្ចី ខ្ចី​លើស​ពី​សមត្ថភាព​សង ឬ​បាត់បង់​សមត្ថភាព​សង​ដោយ​ប្រការ​ណាមួយ ។​ ​ការចេះ​សន្សំ​ប្រាក់ ប្រើប្រាស់​ប្រាក់​សន្សំ ឬ​ប្រើប្រាស់​ប្រាក់កម្ចី​ឱ្យចំ​គោលដៅ គឺជា​កត្តា​ចាំបាច់​ដែល​យុវជន​ត្រូវតែ​គិត និង​អនុវត្ត ។ នេះ​បើ​តាម​ការបញ្ជាក់​ពី​អ្នកជំនាញ​...

​បច្ចុប្បន្ន ដោយសារតែ​ការរីកចម្រើន​ផ្នែក​សង្គម និង​សេដ្ឋកិច្ច បូកផ្សំ​ជាមួយ​នឹង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​ផង​នោះ បាន​បង្ក​ឱ្យ​ពលរដ្ឋ​ទូទៅ មាន​ភាពងាយស្រួល​ក្នុង​ការស្វែងរក​កម្ចី​ផ្សេងៗ ដើម្បី​ទិញ​រាល់​នូវ​សម្ភារៈប្រើប្រាស់ ជា​តម្រូវការ ក៏ដូចជា​ប្រើប្រាស់​កម្ចី​ដើម្បី​ទិញ​សម្ភារៈ​ដែល​ខ្លួន​ចង់បាន ។ 

​ក៏ប៉ុន្តែ ខណៈ​ភាពងាយស្រួល​នៃ​ការស្វែងរក​កម្ចី​បាន​កើនឡើង​ក៏ដោយ ក៏​យើង​មើលឃើញថា កូន​បំណុល ឬ​អ្នក​ប្រើប្រាស់​កម្ចី​មួយចំនួន ហាក់​មិន​ទាន់​បាន​ដឹង​ពី​វិធី​ក្នុង​ការស្វែងរក និង​ប្រើប្រាស់​កម្ចី​ឱ្យមាន​សុវត្ថិភាព​សម្រាប់​ខ្លួន​គាត់​ច្បាស់​នៅឡើយ ។​

​ករណី​សិក្សា​មួយ​ថ្មី​សន្លាង ដែល​ទើបនឹង​កើតឡើង កាលពី​អំឡុង​ដើមឆ្នាំ​២០១៨​នេះ ស្ត្រី​ម្នាក់ បាន​ប្រើប្រាស់​កម្ចី​ក្រៅផ្លូវការ​ខ្ទង់​២​ពាន់​ដុល្លារ តែ​អ្វី​ដែល​ចាប់អារម្មណ៍ គឺ​គាត់​បាន​លង់ខ្លួន ក្លាយ​ជា​កូនបំណុល ដែល​មាន​ទំហំ​ទឹកប្រាក់​រហូត​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ ។ ស្ត្រី​ម្នាក់​នោះ ក៏​បាន​បង្ហោះ​សារ​ជា​វីដេអូ​ខ្លី រៀបរាប់​អំពី​កម្ចី​ប្រភេទ​នេះ និង​ក្រើនរំឭក​ដល់​អ្នកស្វែងរក​កម្ចី​ផ្សេងទៀត ចៀស​ឱ្យ​ឆ្ងាយ​ពី​ប្រភេទ​កម្ចី​ក្រៅផ្លូវការ​នេះ ។​

​ដោយឡែក កាលពី​អំឡុង​ខែមិថុនា និង​ដើមខែ​តុលា ឆ្នាំនេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រកាស​ជា​ថ្មី​ម្តងទៀត ក្រោយ​កត់សម្គាល់ឃើញ​ថា មាន​ការឃោសនា​ផ្តល់​ប្រាក់​កម្ចី​រហ័ស ដោយ​មិន​ចាំបាច់​មាន​ឯកសារ ឬ​ទ្រព្យ​បញ្ចាំ​ត្រូវបាន​ផ្សាយ​យ៉ាង​ទូលំទូលាយ តាមរយៈ​បណ្តាញ​សង្គម ការចែក​នាមប័ណ្ណ ខិត្តប័ណ្ណ​ផ្សព្វផ្សាយ និង​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ជាដើម ។​

​ការប្រកាស​នេះ ធ្វើឡើង​ជា​សារ​ដាស់តឿន​ដល់​ពលរដ្ឋ​ទូទៅ ដែល​មាន​បំណង​ចង់​ស្វែងរក​កម្ចី ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន ចៀសវាង​ការប្រើប្រាស់​កម្ចី​ក្រៅផ្លូវការ ដែល​ប្រឈម​នឹង​ការចាញ់បោក​ល្បិចកល​របស់​ឈ្មួញ​ចង​ការប្រាក់ និង​ហានិភ័យ​ផ្សេងៗ​ដែល​យើង​មិន​អាច​មើលឃើញ ។​

​ធនាគារជាតិ​បានចាត់ទុក​ការឃោសនា​ទាំងនោះ ជា​អំពើ​ខុសច្បាប់ ដោយសារ​បុគ្គល ឬ​ក្រុមហ៊ុន​ទាំងនោះ មិន​បាន​ទទួល​ការអនុញ្ញាត​ឱ្យ​ផ្តល់​សេវា​ប្រាក់​កម្ចី​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ទេ ។​

​មកដល់​ចំណុច​នេះ យើង​សូម​លើកឡើង​បែក​ចែក និង​បកស្រាយ​នូវ «​អ្វី​ជា​កម្ចី​មាន​សុវត្ថិភាព​?» និង «​អ្វី​ជា​កម្ចី​គ្មាន​សុវត្ថិភាព​?»

​បើ​តាម​លោក​ង៉ែត ជូ អ្នកជំនាញ​សេដ្ឋកិច្ច និង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​នៅ​ក្រុមហ៊ុន​ឯកជន​មួយ បាន​លើកឡើង​ថា​កម្ចី​មាន​សុវត្ថិភាព សំដៅលើ​កម្ចី​ដែល​មាន​ការប្រាក់​សមរម្យ ពី​ស្ថាប័ន​ដែល​មាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​ត្រឹមត្រូវ ចំណែកឯ​កម្ចី​គ្មាន​សុវត្ថិភាព គឺ​លោក​បាន​សំដៅ​ទៅលើ​កម្ចី​ដែល​មាន​ការប្រាក់​ខ្ពស់ និង​ជា​ប្រភេទ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​…
​សំឡេង​លោក ង៉ែត ជូ ៖

​លោក​លើកឡើង​ថា យុវជន ឬ​អ្នកស្វែងរក​កម្ចី​នានា ត្រូវ​តែ​ចាប់​យក​នូវ​កម្ចី​មាន​សុវត្ថិភាព និង​ត្រូវ​សិក្សា​ស្វែងយល់​ពី​សេវាកម្ម​នៃ​គ្រឹះស្ថាន ស្ថាប័ន​នានា ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ចៀស​ឆ្ងាយ​ការប្រើប្រាស់​កម្ចី​គ្មាន​សុវត្ថិភាព ដែល​អាច​ឈាន​ទៅរ​កបំ​ណុល​វ័ណ្ឌក ។​

​លោក ង៉ែត ជូ លើកឡើង​បន្ត​ថា ក្នុងករណី​ដែល​យុវជន ឬ​អ្នក​ប្រើប្រាស់​កម្ចី ដែល​ដឹង​ខ្លួន​ឯង​ថា កំពុង​តែ​ប្រើប្រាស់​កម្ចី​គ្មាន​សុវត្ថិភាព ពួក​គេ​គួរតែ​ព្យាយាម​ស្វែងរក​ប្រាក់ មក​ដោះ​បំណុល​នោះ​ជា​មុន តាមរយៈ​ការស្វែងរក​កម្ចី​មាន​សុវត្ថិភាព​មក​ជំនួស​…
​សំឡេង​លោក ង៉ែត ជូ ៖

​ជាមួយគ្នានេះ លោក កុក ថា ប្រធាន​ក្រុម​សន្សំ​ប្រាក់​មិត្ត​ជួយ​មិត្ត បាន​លើកឡើង​ថា ក្រៅពី​ចេះ​ស្វែងរក និង​ប្រើប្រាស់​កម្ចី​មាន​សុវត្ថិភាព យុវជន​គួរតែ​ចេះ​បង្កើត​ទម្លាប់​សន្សំ​ប្រាក់ សម្រាប់​ជា​ទុន​ទៅ​ថ្ងៃ​អនាគត ក៏​ដូចជា​ផ្នែក​មួយ​ដើម្បី​ចៀសវាង​ពី​កម្ចី​ផ្សេងៗ ។​

​ក្រៅពីនេះ លោក​ក៏​បាន​បញ្ជាក់​បន្តថា ការប្រើប្រាស់​ប្រាក់​សន្សំ ឬ​ការប្រើប្រាស់​កម្ចី​ផ្សេងៗ​ឱ្យ​ចំ​គោលដៅ គឺជា​រឿង​ចាំបាច់​មួយ​ដែល​យុវជន​គួរតែ​ស្វែងយល់ និង​អនុវត្ត ព្រោះថា ការចេះ​គ្រប់គ្រង និង​ចេះ​ប្រើប្រាស់​ប្រាក់​ទាំងនោះ គឺជា​ផ្នែក​មួយ​ដែល​អាច​ចៀសផុត​ពី​កម្ចី​គ្មាន​សុវត្ថិភាព​…
​សំឡេង​លោក កុក ថា ៖

​ស្រដៀង​គ្នា​នេះ លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា ថ្លែង​ក្នុង​វីដេអូ​អប់រំ​ខ្លី ស្តីពី «​តោះ​និយាយ​ពី​លុយ​» ថា អ្នកស្វែងរក​ប្រាក់កម្ចី គួរតែ​ចេះ​ជ្រើសរើស​យក​គ្រឹះស្ថាន​ផ្តល់​ប្រាក់​កម្ចី​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការចាញ់បោក​ផ្សេងៗ​ម្យ៉ាង​ទៀត​ពួកគេ​នឹង​ទទួលបាន​ការការពារ​ពី​ក្របខណ្ឌ​ច្បាប់ ។​

​ជាមួយគ្នានេះ លោកស្រី​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ការប្រើប្រាស់​ប្រាក់កម្ចី គឺ​ត្រូវតែ​ប្រើប្រាស់​ឱ្យ​ចំ​គោលដៅ ដើម្បី​ផ្តល់​ជា​ប្រយោជន៍​បន្ថែម​សម្រាប់​អ្នកស្វែងរក​ប្រាក់កម្ចី​…
​សំឡេង​លោកស្រី ជា សិរី ៖

ព័ត៌មានផ្សេងទៀត