ចិន​ថា​គ្មាន​ចេតនា​​ជ្រៀតជ្រែក​​កិច្ចការ​ផ្ទៃក្នុង​​ឡើយ អាមេរិក​​កុំ​ចេះតែ​​រក​លេស​​ចោទប្រកាន់​

12-10-2018 8:57 am 396
  ស្តាប់
រូបភាពទង់ជាតិចិន​និងអាមេរិក
ស្តាប់ជាសំឡេង

​កាលពី​សប្ដាហ៍​មុន​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ម៉ៃ​ក៍ ផេ​នស៍ បាន​ចោទប្រកាន់​ប្រទេស​ចិន​ថា កំពុងមាន​ចេតនា​ដ៏​អាក្រក់ ដើម្បី​ធ្វើបាប​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ មុន​ការបោះឆ្នោត​សភា​នៅ​អាមេរិក​ចូល​មកដល់​ក្នុង​ខែក្រោយ​។ លោក​បាន​ចោទប្រកាន់​ដែរ​ថា​ប្រទេស​ចិន កំពុង​ប្រើប្រាស់​ឥទ្ធិពល​សេដ្ឋកិច្ច​របស់ខ្លួន ធ្វើទុក្ខបុកម្នេញ​សេដ្ឋកិច្ច​ប្រទេស​តូចៗ​។​

​ឆ្លើយតប​នឹង​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​បែបនេះ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន បាន​អះអាងថា​ចិន​គ្មាន​គោលបំណង​ជ្រៀតជ្រែក​ក្នុង​នយោបាយ​អាមេរិក​ឡើយ​។ ចិន​សង្ឃឹម​ទីក្រុង​វ៉ាស៊ីនតោន​នឹង​ឈប់​រក​លេស ដើម្បី​ដាក់​សម្ពាធ​ជា​ឯកតោភាគី​លើ​ចិន និង​ឈប់​ប្រើ​មធ្យោបាយ​ពាណិជ្ជកម្ម​គាំពារ​និយម​តទៅទៀត​។ លោក​ហ្កា​វ ហ្វឹង​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​ថា ចិន​មិនបាន​ចូលរួម​ឬ​មាន​ចេតនា​ចូលរួម​ក្នុងការ​លុកលុយ​សេដ្ឋកិច្ច និង​នយោបាយ​អាមេរិក​ឡើយ​។ ផ្ទុយទៅវិញ​ចិន​បើកទ្វារ​ស្វាគមន៍​កិច្ចចរចា​ដោះស្រាយ​បញ្ហា​ជានិច្ច ប៉ុន្ដែ​គួរឲ្យ​ស្ដាយ​ណាស់ដែល​ភាគី​អាមេរិក មិន​បង្ហាញ​ភាពស្មោះត្រង់​ងាក​ទៅរក​ការចរចា​។​

​គួរ​ជម្រាបជូន​ថា អាមេរិក​និង​ចិន​បាន​ធ្លាក់​ក្នុង​វិបត្ដិ​ពាណិជ្ជកម្ម ដោយ​សងសឹក​តាមរយៈ​ការដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ទៅវិញទៅមក មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​ក្នុងពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ ជម្លោះ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ កំពុង​រុញច្រាន​ឲ្យ​ការវិនិយោ​គធ្លាក់​ក្នុង​សភាព​កាន់តែ​អាក្រក់​ឡើង និង​កំពុង​បង្ក​ការព្រួយបារម្ភ​ដល់​អន្ដរជាតិ​។ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​បាន​លើកឡើងថា ផលប៉ះពាល់​មិនមែន​កើតឡើង​តែ​ទៅលើ​ចិន​និង​អាមេរិក​ឡើយ ប៉ុន្ដែ​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ទីផ្សារ​ក្នុង​ពិភពលោក​ទាំងមូល​។ អ្នកជំនាញ​បាន​ទទូច​ឲ្យ​ភាគី​សមី​ខ្លួន​ទាំងពីរ ត្រូវ​រក​វិធីសាស្ដ្រ​ដោះស្រាយ​ជាបន្ទាន់ ចៀសវាង​វិបត្ដិ​បង្ក​ភាពស្មុគស្មាញ​កាន់តែខ្លាំង​៕

ព័ត៌មានផ្សេងទៀត