កម្ពុជា និង សហភាព​អឺរ៉ុបកំពុង​​ផុងខ្លួន​​រឿង​​«ប្រជាធិបតេយ្យ​»​ខ្មែរ​​

12-10-2018 8:46 am
រូបភាពតំណាងពីលទ្ធិប្រជាធិបតេយ្យ។

​សហភាព​អឺរ៉ុប បានបញ្ជាក់​ជំហរ​ជាថ្មី​ទៀតថា ចាប់ផ្តើម​អនុវត្ត​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។​ជាមួយគ្នានេះ​សហភាព​អឺរ៉ុប ក៏បាន​ព្រមាន​ផងដែរ ពី​ការបញ្ចប់​អនុគ្រោះ​ពន្ធ ប្រសិនបើ​កម្ពុជា​មិន​កែលម្អ ផ្នែក​សិទ្ធិមនុស្ស​។ សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការសម្រេចចិត្ត​នេះ ថា​ជា​ភាពអយុត្តិធម៌​ចំពោះ​កម្ពុជា ហើយ​បានហៅ​ការសម្រេច​របស់​សហភាព​អឺរ៉ុប​ថា មានចិត្ត​លំអៀង​។ ដូច្នេះ​ប្រសិនបើ​សហភាព​អឺរ៉ុប ពិតជា​ចាត់វិធានការ​ដូច្នេះ​មែន តើ​កម្ពុជា​នឹងរង​ផលប៉ះពាល់​ទេ​? ហេតុអ្វី​បានជា​ភាគ​គី​ពាក់ព័ន្ធនៅតែ​រក​ច្រកចេញ​មិនឃើញ​អំពី​ ប្រជាធិបតេយ្យ​ខ្មែរ​?

​ទំនាស់​រវាង​សហភាព​អឺរ៉ុប និង រាជរដ្ឋាភិបាល​កម្ពុជា ស្តីអំពីបញ្ហា​លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស នៅ​មិនអាច​រក​ច្រកចេញ​បាន​នៅឡើយ​ទេ រហូតមក​ពេល​បច្ចុប្បន្ននេះ​។ មិនអាច​ដោយសារតែ​ភាគ​គី​ទាំងពីរ​នៅតែ​មើលឃើញ​ខុសគ្នា អំពី​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង ការគោរព​សិទ្ធិមនុស្ស របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​។​

​សម្រាប់​សហភាព​អឺរ៉ុប​ដែលជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​ទំនិញ​កម្ពុជា បាន​ពិនិត្យឃើញថា រដ្ឋាភិបាល​ក្រុងភ្នំពេញ​កំពុង​ធ្វើ​សកម្មភាព​បំពាន​នឹង​កាតព្វកិច្ច​របស់ខ្លួន ដែល​បាន​សន្យា​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដែល​កម្ពុជា​អាច​នាំ​ទំនិញ​ទៅកាន់​ទីផ្សារ​ប្រទេស​លោក​សេរី ដោយ​រួច​ពន្ធ លើកលែងតែ​អាវុធ​។​សហភាព​អឺរ៉ុប បាន​អះអាងថា កម្ពុជា​កំពុង​ស្ថិតក្នុង​ជំហាន​មួយ​បន្ត​ក្នុង​ដំណើរការ​វាយតម្លៃ ដោយ​​សារតែ​ការធ្វើដំណើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ និង ការគោរព​សិទ្ធិមនុស្ស​។​ជាមួយគ្នា​នោះ សហភាព​អឺរ៉ុប ក៏បាន​ព្រមាន​ផងដែរ ពី​ការបញ្ចប់​អនុគ្រោះ​ពន្ធ ប្រសិនបើ​កម្ពុជា​មិន​កែលម្អ ផ្នែក​សិទ្ធិមនុស្ស​។​

​ប៉ុន្តែ​ការព្រមាន​ជា​ច្រើនលើកច្រើនសារ​របស់​សហភាព​អឺរ៉ុប រដ្ឋាភិបាល​កម្ពុជា​រក្សា​ជំហរ​មិន​ចុះ​ញ៉ម​នឹង​ការដាក់ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​ទេ ហើយ​បាន​ហៅ​ការសម្រេចចិត្ត​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​កម្ពុជា ថា​ជា​«​ភាពអយុត្តិធម៌​បំផុត​»​។​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន រដ្ឋាភិបាល​ក្រុងភ្នំពេញ សោកស្តាយ​ចំពោះ​ការពន្យល់​សហភាព​អឺរ៉ុប​កន្លងមក តែ​មិន​ជឿ​នឹង​ការពន្យល់ បែប​ទៅ​ជឿ​ក្រុមប្រឆាំង​វិញ​។​

​ជាមួយគ្នា​នោះ លោក ហ៊ុន សែន ដែលជា​នាយករដ្ឋមន្ត្រី​កម្ពុជា​យូរ​ឆ្នាំ បាន​ថ្លែង​ជា​សារ​មិន​ចុះ​ញ៉ម​នៅ​ប្រទេស​ជប៉ុន​ថា បើ​សហភាព​អឺរ៉ុប តម្រូវឲ្យ​បង់ពន្ធ គឺ​កម្ពុជា​ព្រម​បង់ពន្ធ ដោយ​មិន​សុខចិត្ត​យក​អធិបតេយ្យភាព​ទៅ​ប្តូរ​នឹង​ជំនួយ​ឡើយ​។​

​ជា​ការពិត ប្រសិនបើ​មាន​ការព្យួរ​ការអនុគ្រោះ​ពន្ធ​នាំចូល​លើ​គ្រប់​មុខទំនិញ​ពី​កម្ពុជា ដោយ​សហភាព​អឺរ៉ុប នោះ​កម្ពុជា​នឹង​បាន​បាត់បង់​ចំណូល​សេដ្ឋកិច្ច​របស់ខ្លួន​។​មួយឆ្នាំៗ កម្ពុជា​នាំ​ទំនិញ​របស់ខ្លួន ចូលទៅ​ទីផ្សារ​អឺរ៉ុប មាន​ទំហំ​ទឹកប្រាក់​ជាង​៦​ពាន់​លាន​ដុល្លារ​។ ដូច្នេះ​ប្រសិនបើ​សហភាព​អឺរ៉ុប តម្រូវឱ្យ​កម្ពុជា​បង់ពន្ធ​នាំចូល ប្រាក់​ពន្ធ​ដែល​កម្ពុជា​ត្រូវ​បង់​គិត​ជា​មធ្យម មាន​រហូតដល់​៦៧៦​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ ដោយ​ប្រើប្រាស់​កម្មករ​ប្រមាណ​៤០​ម៉ឺន​នាក់​។

​សម្រាប់​ប្រធាន​សហជីព​កម្មករ និង​អ្នកវិភាគ​មួយចំនួន យល់ឃើញ​ស្រដៀង​គ្នា​ថា វិស័យ​រោងចក្រ​កាត់ដេរ​កម្ពុជា​អាច​នឹងមាន​ភាពវឹកវ​រ នៅពេល​សហភាព​អឺរ៉ុប​ឈប់​អនុគ្រោះ​ពន្ធ​នាំចេញ​សំលៀកបំពាក់ ហើយ​បញ្ហា​នេះ នឹង​នាំឱ្យ​ប៉ះពាល់​ការងារ​ដល់​កម្មករនិយោជិត និង ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​ដែល​អាស្រ័យ​ផល​លើ​វិស័យ​កាត់ដេរ​នេះ​។ ធនាគារពិភពលោក បានឱ្យដឹងថា វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់ ក្នុង​ការជួយ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​។​

​តែ​យ៉ាងណាក្តី សម្រាប់​ជំហ​រាជរដ្ឋាភិបាល​ក្រុងភ្នំពេញ ទោះបីជា​ការអនុគ្រោះ​ពន្ធ​ប៉ះពាល់​ដល់​កម្ពុជា តែ​វិធានការ​នេះ​មិន​អាចធ្វើឲ្យ​កម្ពុជា​ស្លាប់ទេ​។ កម្ពុជា​ត្រូវការ​សន្តិភាព ស្ថេរភាព នៅក្នុង​ប្រទេស​ទាំងមូល ជាង​ត្រូវការ​លុយ​ទាំងអស់នោះ ហើយ​កម្ពុជា​មិនអាច​យក​អធិបតេយ្យភាព ឯករាជ្យភាព និង សុខ សន្តិភាព ទៅ​ប្តូរ​នឹង​ការចង់បាន​របស់​សហ​ភាព​អឺរ៉ុប​ដែរ​។​

​ជារួម​មកវិញ ជម្លោះផ្ទៃក្នុង​កម្ពុជា​ពេលនេះ ទាំង​សភា​អឺរ៉ុប ទាំង​រាជរដ្ឋាភិបាល និង អតីត​គណបក្សប្រឆាំង សុទ្ធតែ​បាន​ផុងខ្លួន​នឹង​រឿង​ប្រជាធិបតេយ្យ​ខ្មែរ​។ សហភាព​អឺរ៉ុប ត្រូវ​មុខមាត់​ក្នុងនាម​ជា​ទីផ្សារ​ធំ របស់​កម្ពុជា ដូច្នេះ​ត្រូវធ្វើ​អ្វី​ម្យ៉ាង ដើម្បី​កុំឱ្យ​សាប​សម្តី​របស់ខ្លួន​។ ​ចំណែក​រដ្ឋាភិបាល​ក៏មាន​ហេតុផល​របស់ខ្លួន ដើម្បី​សម្រួល​ស្ថានការណ៍ ដើម្បី​កុំ​ឱ្យគេ​ថា រង​គំនាប​បរទេស នាំឱ្យ​បក្សប្រឆាំង​បានចិត្ត​។ រីឯ​អតីត​បក្សប្រឆាំង ខំប្រឹង​ប្រឹង​បំពង​សំឡេង ដើម្បី​អួត​ពលរដ្ឋ​ថា​ខ្លួន​ស្នេហ៍​ជាតិ និង​អាច​ចូលមក​ប្រឡូក​នយោបាយ​វិញ ដោយ​មិន​ខ្វាយខ្វល់​នឹង​ការផ្តាច​ជំនួយ​ដល់​ជាតិ​ខ្លួនឯង​នោះឡើយ​។​

​ក្នុង​បរិបទ​សង្គម​ខ្មែរ​បែបនេះ ចង់​មិន​ចង់ អាច​បង្អក់​អ្នកដឹង​នាំ​ប្រទេស និង អ្នកនយោបាយ គ្មាន​ពេល​ទៅ​គិត​វិភាគ​រក​គំនិត​ច្នៃប្រឌិត​ថ្មីៗ ដើម្បី​កសាង​ប្រទេសជាតិ ឆ្ពោះទៅរក​ការរីកចម្រើន​បានឡើយ​។ មិន​រីកចម្រើន​ដោយសារ ក្នុង​គំនិត​របស់​អ្នកនយោបាយ​ពោរពេញ​ទៅដោយ​ជម្លោះ ភាព​ហ្មងសៅ កាច់​កង់​គ្នាន​រវាង​ខ្មែរ​នឹង​ខ្មែរ​។​

ដូច្នេះ អ្នកនយោបាយ គួរតែមាន​ភាព​សាមគ្គី​ផ្ទៃក្នុង រវាង​ខ្មែរ​និង​ខ្មែរ ពោលគឺ​ធ្វើយ៉ាងណា កុំឱ្យ​ប្រទេសជាតិ​ដើរ​ទៅរក​កន្លង​ដាន​ប្រវត្តិសាស្ត្រ និង បាត់បង់​ផលប្រយោជន៍​។ កម្ពុជា​បច្ចុប្បន្ន បើ​បៀ​ប​ធៀប​ពី​អតីតកាល គឺ​កម្ពុជា​អាច​ដើរ​ដោយ​ខ្លួនឯងបាន​។​ប៉ុន្តែ​អ្វី​ដែលជា​ចំណុចខ្សោយ កម្ពុជា គឺ​ភាព​បែកបាក់​សង្គម​តាំងពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម ដែល​ទាមទារ​ឱ្យ​ដោះស្រាយ​ជាបន្ទាន់​៕

 

 

ព័ត៌មានផ្សេងទៀត