រដ្ឋមន្ដ្រីការបរទេស​​អាមេរិក​​ត្អូញត្អែ​ថា​​កិច្ចព្រមព្រៀង​​យោធា​​អន្ដរ​កូរ៉េ​​ដំណើរការ​​យឺតយ៉ាវ​

11-10-2018 3:42 pm
  ស្តាប់
រូបភាពរដ្ឋមន្ដ្រីការបរទេសអាមេរិក(ឆ្វេង)ពេលជួប​រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងត្បូង
ស្តាប់ជាសំឡេង

​រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងត្បូង​អ្នកស្រី​កាង ឃ្យុ​ង​វ៉ា បានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូ បាន​ត្អូញត្អែ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​យោធា​អន្ដរ​កូរ៉េ ដែល​សម្រេចបាន​ក្រោយ​កិច្ចប្រជុំ​លើក​ទី​បី រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​កាលពី​ខែ​មុន​។ លោក​ផុម​ភី​អូបាន​លើកឡើងថា កិច្ចព្រមព្រៀង​នេះ​ហាក់​មិនសូវមាន​ប្រសិទ្ធភាព​ខ្លាំង និង​នៅ​ជាប់គាំង​ដោយ​អន្លើ ទោះបី​កូរ៉េ​ទាំងពីរ​ព្យាយាម​អនុវត្ដ​ហើយ​ក្ដី​។​

ក្រោយ​កិច្ចប្រជុំ​លើក​ទី​បី​កាលពី​ថ្ងៃទី​១៨-២០​កញ្ញា នៅ​ទីក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង កូរ៉េ​ទាំង​ពីរបាន​ឯកភាព​ផ្អាក​សមយុទ្ធ​យោធា បង្កើត​តំបន់​គ្មាន​ការហោះហើរ​នៅ​ជិត​ព្រំដែន ដោះ​គ្រាប់មីន និង​ដកចេញ​នូវ​កងកម្លាំង​ប្រចាំ​ប៉ុស្ដិ៍​ព្រំដែន​ផងដែរ ដើម្បី​បង្ហាញ​ពី​ដំណើរ​ឆ្ពោះទៅរក​សន្ដិភាព​ពេញលេញ​។ ប៉ុន្ដែ​យ៉ាងណាមិញ​ក្នុងពេល​ពិភាក្សា​តាម​ទូរស័ព្ទ រដ្ឋមន្ដ្រីការបរទេស​អាមេរិក​នៅតែ​មិនទាន់​ពេញចិត្ដ​នឹង​សកម្មភាព​ដែល​បានធ្វើ​។ លោក​ថា​គួរ​ណាស់​ជំរុញ​ឲ្យ​ទំនាក់ទំនង​អន្ដរ​កូរ៉េ​បាន​ល្អប្រសើរ​កាន់តែ​លឿន​កាន់តែ​ល្អ ដើម្បី​ឈានទៅរក​ការរំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​ឲ្យបាន​ឆាប់​ដែរ​។

​យ៉ាងណាមិញ​រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងត្បូង​ឆ្លើយតប​ថា កូរ៉េខាងជើង​ពិតជា​បាន​ខ្នះខ្នែង​ជំរុញឲ្យមាន​ទំនាក់ទំ​នង​ល្អប្រសើរ​ជាមួយ​កូរ៉េខាងត្បូង​ហើយ​។ បើ​និយាយ​ពី​កូរ៉េខាងត្បូង​បាន​ព្យាយាម​ខ្លាំង​ជាង​កូរ៉េខាងជើង​ទៅទៀត ពិសេស​គឺ​សម្រេច​ឲ្យបាន​លទ្ធផល​គាប់ប្រសើរ មុន​កិច្ច​ជំនួប​លើក​ទី​ពីរ​រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន​ក្នុង​ពេលខាងមុខ​។ ការលើកឡើង​របស់​រដ្ឋមន្ដ្រីការបរទេ​ស​កូរ៉េខាងត្បូង ហាក់​បង្ហាញ​ពី​ភាពមិន​ចុះសម្រុង​គ្នា​រវាង​ប្រទេស​សម្ព័ន្ធមិត្ដ​អាមេរិក​-​កូរ៉េខាងត្បូង ដែល​កន្លងមក​ធ្លាប់តែ​ល្អូក​ល្អិន​។​

​សូម​រម្លឹកថា ក្នុង​កិច្ចប្រជុំ​លើកទីមួយ​ជាមួយ​លោក​ត្រាំ​នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃទី​១២​មិថុនា លោក​គីម​បាន​ប្ដេជ្ញា​នឹង​រំលាយ​កម្មវិធី​នុយក្លេអ៊ែរ​ឲ្យបាន​ឆាប់​បំផុត​។ ប៉ុន្ដែ​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​ហាក់​ជាប់គាំង ទាមទារ​ឲ្យមាន​ការពិភាក្សា​ឡើងវិញ​ម្ដងជា​ពីរដង​។ រហូត​មកដល់ពេលនេះ អាមេរិក​នៅតែ​ទទូច​ឲ្យ​កូរ៉េខាងជើង​អនុវត្ដ​តាម​ការប្រកាស​របស់ខ្លួន ដើម្បី​ស្វែងរក​សន្ដិភាព​ពេញលេញ​លើ​ឧបទ្វីប​កូរ៉េ​៕

ព័ត៌មានផ្សេងទៀត