​លោក​ហ៊ុន សែន​៖ បើ​កម្ពុជា​អនុវត្ត​ច្បាប់​កម្ពុជា​មិន​បាន ចាំបាច់​ធ្វើ​ជា​កម្ពុជា​ធ្វើ​អី​

11-10-2018 11:44 am

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ជំនួប​សំណេះសំណាល​ជាមួយ​និស្សិត និង​ប្រជាពលរដ្ឋ នៅ​ប្រទេស​ជប៉ុន កាលពី​ពេល​ថ្មីៗ​នេះ​ថា ខ្ញុំ​និយាយ​ហើយ​និយាយ​ទៀត កុំ​យក​អធិបតេយ្យ​ជាតិ​ទៅ​ដូរ​ជាមួយ​ជំនួយ កុំ​យក​សន្តិភាព​របស់​ប្រទេស​ទៅ​ដូរ​ជា​មួយ​ជំនួយ​។ ឥឡូវ​ចង់​អ្នក​ណា​ចាត់ការ​កម្ពុជា​តាម​វិធី​ណា​ចាត់​ចោះ តែ​កម្ពុជា​ត្រូវ​រឹងមាំ​ចំពោះ​គោលការណ៍​ការពារ​ឯករាជ្យ អធិបតេយ្យ​ជាតិ​របស់​ខ្លួន​។ បើ​កម្ពុជា​អនុវត្ត​ច្បាប់​កម្ពុជា​មិន​បាន ចាំបាច់​ទៅ​ធ្វើ​កម្ពុជា​ធ្វើ​អី ចាំបាច់​ធ្វើ​ជា​ប្រទេស​មួយ​ធ្វើ​អី​? ខ្ញុំ​ត្រូវ​និយាយ​ជាមួយ​អង្គការ​សហប្រជាជាតិ នៅ​ចំពោះមុខ​មហាសន្និបាត​អង្គការសហប្រជាជាតិ ប្រធានបទ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ គឺ​ពេញនិយម​ហើយ សម្រាប់​ការជ្រៀតជ្រែក​របស់​ប្រទេស​ធំ ប្រទេស​មាន​លុយ​ទៅលើ​ប្រទេស​ក្រីក្រ​។ អាង​ឡើង​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ប៉ុន្តែ​ឥឡូវ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ នៅ​ស៊ី​រី នៅ​លី​ប៊ី នៅ​អ៊ីរ៉ាក់ នៅ​យ៉េ​ម៉ែន វា​យ៉ាង​មិច​ហើយ​?

​លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​បន្ត​ថា សូម​ផ្តាំ អោនក្បាល​យ​ម្តង​ត្រូវ​ជំពាក់ អោន​ពីរដង​ជំពាក់ អោន​បី​ដង អោន​មួយជីវិត ខ្មែរ​អត់​ឯករាជ្យ​បាន​ទេ​។ ប្រឹង​រស់ ងើបឈរ​ឡើង ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យ​របស់​ប្រទេស ដើម្បី​ការពារ​សន្តិភាព​របស់​ប្រទេស​។​

​ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​បែបនេះ ត្រូវបាន​គេ​មើលឃើញថា ធ្វើឡើង​បន្ទាប់​ពី គណៈកម្មការ​អឺរ៉ុប កាលពី​ថ្ងៃ​ទី​៥ ខែតុលា បាន​ចេញ​សេចក្តីប្រកាស អំពី​ដំណើរកា​រដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចេញពី​ប្រទេស​កម្ពុជា ក្រោម​ហេតុផល​ថា មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​៕

ព័ត៌មានផ្សេងទៀត