សហភាព​អឺរ៉ុប​ប្រកាស​ជា​ថ្មី​ជុំវិញ​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​

11-10-2018 11:38 am 13216

សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​០៧ តុលា បាន​ចេញ​សេចក្តីប្រកាស ដោយ​បាន​បញ្ជាក់​ជា​ថ្មី ជុំវិញ​ការពិនិត្យ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) សម្រាប់​ប្រទេស​កម្ពុជា​។ សហភាព​អឺរ៉ុប បានឲ្យដឹងថា ខ្លួន​នឹង​ចាប់ផ្តើម​ជាមួយ​នឹង​រយៈពេល​ពិនិត្យ​តាមដាន​ផ្លូវការ​ចំនួន​៦​ខែ ទៅ​លើ​នីតិវិធី​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្តោះអាសន្ន​នេះ​។ ក្នុង​អំឡុង​ពេល​នេះ គណៈកម្មការ​អឺរ៉ុប ផ្តល់ឲ្យ​ប្រទេស​ពាក់ព័ន្ធ នូវ​ឱកាស​គ្រប់បែបយ៉ាង ដើម្បី​សហការ និង​ប្រមូល​រាល់​ព័ត៌មាន ដែល​ចាំបាច់​ទាំងអស់​។ បន្ទាប់​ពី​រយៈពេល​នេះ នឹង​មាន​រយៈពេល​៦​ខែ​ទៀត សម្រាប់​រៀបចំ​របាយការណ៍​ស្តីពី​លទ្ធផល​រកឃើញ និង​បញ្ចប់​នីតិវិធី​នេះ ជាមួយនឹង​ការ​ចេញ​សេចក្តីសម្រេច​មួយទៀត ថា​តើ​ត្រូវ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ឬ​អត់​?

​សេចក្តីប្រកាស បាន​បញ្ជាក់ទៀតថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​អ្វីៗ​គ្រប់បែប​យ៉ាង​លើកលែង​អាវុធ (EBA) ផ្តល់​ឲ្យ​ប្រទេស​កម្ពុជា និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ផ្សេងទៀត នូវ​ឱកាស​នាំ​គ្រប់​ផលិតផល​ទាំងអស់ (​លើកលែង​អាវុធ និង​គ្រឿង​សព្វាវុធ​ចេញ​) ចូលទៅ​ក្នុង​ទីផ្សារ​រួម​តែ​មួយ​របស់​សហភាព​អឺរ៉ុប ដោយ​មិន​ជាប់​ពន្ធគយ និង​មិន​ជាប់​កូតា​។ ប៉ុន្តែ​ប្រទេស​ដែល​ទទួល​បាន​ប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ក៏​ត្រូវ​គោរព​ចំពោះ​គោលការណ៍​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) ស្តីពី​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​ផង​ដែរ​។​

​ការចាប់ផ្តើម​ដំណើរការ​រៀបចំ​អនុវត្ត ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បែបនេះ ឆ្លុះបញ្ចាំង​ពី​ការព្រួយបារម្ភ​ធ្ងន់ធ្ងរ ជុំវិញ​ស្ថាន​ការវិឌ្ឍន៍ ក្នុងប្រទេស​កម្ពុជា ទាក់ទិន​នឹង​ការគោរព​សិទ្ធិ និង​សេរីភាព​៕
 

ព័ត៌មានផ្សេងទៀត