តៃវ៉ាន់​​ប្រកាស​បង្កើន​​សមត្ថភាព​​ការពារជាតិ​​ចន្លោះពេល​រ​ង​សម្ពាធ​​ពី​ចិន​

11-10-2018 10:53 am 754
  ស្តាប់
ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិន
ស្តាប់ជាសំឡេង

​ទោះបី​ចិន​កំពុង​ឃ្លាំមើល​មិន​ដាក់​ភ្នែក ហើយ​កំពុង​ដាក់​សម្ពាធ​ទាំង​ផ្នែក​យោធា​និង​ការទូត ប៉ុន្ដែ​សម្រាប់​ប្រធានាធិបតី​តៃវ៉ាន់​ហាក់​គ្មាន​ញញើត​នឹង​ឥទ្ធិពល​ចិន​សូម្បី​បន្ដិច​។ លោកស្រី​ប្រធានាធិបតី​តៃ​វ៉ាន់ត្សៃ អ៊ីង​វិន បាន​ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ថ្ងៃ​បុណ្យជាតិ​កាលពី​ថ្ងៃទី​១០​តុលា​ថា តៃវ៉ាន់​នៅតែ​បន្ដ​បង្កើន​សមត្ថភាព​ការពារ​ខ្លួន មិន​ថា​ចិន​កំពុង​ចង់​ក្ដោប​ក្ដាប់​យក​តៃវ៉ាន់​ក៏ដោយ​។ ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ដ​មួយ​របស់ខ្លួន ប៉ុន្ដែ​តៃវ៉ាន់​តែង​ចង់បាន​ការគ្រប់គ្រង​បែប​លទ្ធិប្រជាធិបតេយ្យ មិន​ចង់​ស្ថិតក្រោម​ការបង្គាប់បញ្ជា​ពី​ចិន​ឡើយ​។ នេះ​ជា​មូលហេតុ​ដែល​ចិន​ចោទថា តៃវ៉ាន់​កំពុង​ចង់​ទាមទារ​ផ្ដាច់ខ្លួន អាង​មាន​ការគាំទ្រ​ពី​ប្រទេស​មួយចំនួន​តួយ៉ាង​អាមេរិក​ជាដើម​។​

​លោកស្រី​ត្សៃ​បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន​ការគំរាមកំហែង​ផ្នែកកា​រទូត​និង​យោធា​ពី​ប្រទេស​ចិន មិន​ត្រឹមតែ​ប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគី​ទេ ប៉ុន្ដែ​បាន​គំរាមកំហែង​ដល់​ស្ថិរភាព សន្ដិភាព នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​បន្ថែមទៀត​។ ដូច្នេះ​តៃវ៉ាន់​នឹង​បង្កើន​កញ្ចប់​ថវិកា​ការពារជាតិ​រៀងរាល់ឆ្នាំ លើកកម្ពស់​សមត្ថភាព​យោធា ហ្វឹកហ្វឺន​ផ្នែក​យន្ដហោះ​ចម្បាំង និង​នាវាមុជទឹក ដើម្បី​ធានាថា​អាច​ការពារ​ដែន​អធិបតេយ្យ​របស់ខ្លួន​បាន​។ តៃវ៉ាន់​ត្រូវតែ​ធ្វើការ​ជាមួយ​ប្រទេស​ដទៃ កសាង​សម្ព័ន្ធភាព​ការពារ​ប្រជាធិបតេយ្យ ហើយ​តៃវ៉ាន់​ក៏​អរគុណ​ដល់​សភា​សហភាព​អឺរ៉ុប​និង​អាមេរិក ដែល​បន្ដ​គាំទ្រ​តៃវ៉ាន់​កន្លងមក​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកស្រី​ត្សៃ​។​

​គួរ​ជម្រាបជូន​ថា ទំនាក់ទំនង​រវាង​តៃវ៉ាន់​-​ចិន​ធ្លាក់​ដល់​កម្រិត​ទាប ចាប់តាំងពី​លោកស្រី​ត្សៃ អ៊ីង​វិន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​តៃវ៉ាន់​ក្នុង​ឆ្នាំ​២០១៦​។ ម្ដង​ហើយ​ម្ដងទៀត​ចិន​តែងមាន​មន្ទិល​ថា​រដ្ឋាភិបាល​តៃវ៉ាន់​ស្ថិតក្រោម​ការដឹកនាំ​របស់​លោកស្រី​ត្សៃ ចង់​ទាមទារ​ផ្ដាច់ខ្លួន​ជា​រដ្ឋ​ឯករាជ្យ ទោះបី​លោកស្រី​អះអាងថា​គ្មាន​បំណង​បង្ក​ភាព​តានតឹង​ជាមួយ​ចិន​ក៏ដោយ​។ អ្វីដែល​មើលឃើញ​ជាក់ស្ដែង​តៃវ៉ាន់​មិនដែល​ឯកភាព​នឹង​សកម្មភាព​របស់​ចិន​ឡើយ ផ្ទុយទៅវិញ​បែរជា​ប្រឆាំង​ចិន និង​ផ្គើន​ហ៊ាន​ទិញ​អាវុធ​ពី​អាមេរិក​ទោះ​ចិន​ហាមឃាត់​។ តៃវ៉ាន់​គឺជា​បញ្ហា​ដ៏​រសើប​របស់​ចិន និង​កំពុង​រុញឲ្យ​ចិន​ហាមាត់​គំរាម​បណ្ដា​ប្រទេស​នានា ត្រូវ​ផ្ដាច់ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ងាក​ទៅរក​ទីក្រុង​ប៉េកាំង​វិញ​៕

ព័ត៌មានផ្សេងទៀត