ភ្ជុំ​៣​ថ្ងៃ ទេសចរ​ទៅ​កម្សាន្ត​ខេត្ត​ព្រះសីហនុ​ជិត​៨​ម៉ឺន ខណៈ​ទូទាំងប្រទេស​ចំនួន​ជាង​១​លាន​នាក់​

11-10-2018 8:59 am
  ស្តាប់
ស្តាប់ជាសំឡេង

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ៣​ថ្ងៃ ឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ខេត្ត​ព្រះសីហនុ​ចំនួន​ជិត​៨​ម៉ឺន​នាក់ ថយចុះ​ជា​ង​១៣​ភាគរយ ។ យ៉ាងណាម៉ិញ សម្រាប់​ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​នៅតាម​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា​ទូទាំង​ប្រទេស មាន​ចំនួន​ជាង​១​លាន​នាក់ កើន​ឡើង​ជាង​២០​ភាគរយ ...

​ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ការ​ឈប់សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០១៨ ភ្ញៀវ​ទេសចរ​បាន​ទៅ​កម្សាន្ត​ខេត្ត​ព្រះសីហនុ ដែល​មាន​ចំនួន​សរុប​ប្រមាណ ៧៩.៥៨៧ នាក់ ។ តួលេខ​នេះ បាន​ថយចុះ ១៣,៤៩ ភាគរយ ។ នេះ​បើ​តាម​របាយការណ៍​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ ។​

​ដោយឡែក ភ្ញៀវ​ទេសចរ​បាន​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា មាន​ចំនួន​សរុប ៧.៩៣៩ នាក់ ក្នុងនោះ រមណីយដ្ឋាន​ក្បាលឆាយ មាន ៥.៣១៩​នាក់​, រមណីយដ្ឋាន​ថ្ម​រូង មាន ១.២៤០​នាក់ និង​រមណីយដ្ឋាន​ពិ​កនិក មាន ១.៣៨០ នាក់ ។​

​យ៉ាងណាម៉ិញ សម្រាប់​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​តាម​បណ្តា​កោះ នានា​រយៈពេល​បី​ថ្ងៃនេះ មាន​ចំនួន​សរុប ២.៦៩៧ នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ​ចំនួន ៦០៥​នាក់ និង​អន្តរជាតិ ២.០៩០ នាក់ ។​

​ចំណែកឯ​ភ្ញៀវ​ទេសចរ​ដែល​ចេញ​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា​ទូទាំង​ប្រទេស សម្រាប់​៣​ថ្ងៃ នៃ​ការ​ឈប់សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ មាន​ចំនួន​សរុប ១.២១៣.៦៨៧ នាក់ កើនឡើង ២០,២៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៧ ។ 

​សម្រាប់​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៤៨.០០៤ នាក់ កើនឡើង ២៣,៩៣​ភាគរយ ។ នេះ​បើ​តាម​របាយការណ៍​ពី​ក្រសួង​ទេសចរណ៍ ៕

ព័ត៌មានផ្សេងទៀត