អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ផ្តើម​សម្អាត​​សំណល់​​កំប្លោក​​ដែល​​អណ្តែត​​មកពី​វៀត​ណាម​​

10-10-2018 12:18 pm 38516
ការសម្អាតកំប្លោកនៅខេត្តព្រះសីហនុ។ រូបថតពីរដ្ឋបាលខេត្តព្រះសីហនុ

​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​១០ ខែតុលា​នេះ បាន​សហការ​ជាមួយ​កងកំលាំងប្រដាប់អាវុធ បងប្អូន​អាជីវករ​តាម​ឆ្នេរ បុគ្គលិក​អនាម័យ និង ក្រុមហ៊ុន​ប្រមូល​សំរាម បាន​ប្រមូល​កើ​ប និង ដឹក​កាកសំណល់​កំប្លោក​ដែល​អណ្តែត​មកពី​វៀតណាម​ចេញពី​ឆ្នេរ​អូរ​ឈើទាល​ជា​បន្តបន្ទាប់ ដើម្បី​សម្អាត​ឆ្នេរ​ឱ្យ​ស្អាត​ឡើងវិញ​។ វិធានការ​នេះ​ធ្វើឡើង​ស្របពេល​ដែល​មតិសាធារណៈជនមួយចំនួន ​រិះគន់​ពី​សំណល់​កំប្លោក​នេះ។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ ក្រោម​ការដឹកនាំ​ដោយ​លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​នៅថ្ងៃនេះ បានធ្វើ​ការសម្អាត​ជាបន្ទាន់​នូវ​កាកសំណល់​កំប្លោក ដែល​អណ្តែត​ពី​ប្រទេស​វៀតណាម មក​កក​នៅតាម​ឆ្នេរ​អូរ​ឈើទាល ហើយ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ឆ្នេរសមុទ្រ​កម្ពុជា​។​នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។

​វិធានការ​រដ្ឋបាលខេត្ត ដោយមាន​សហការ​ជាមួយ​មន្ត្រីរាជការ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត អាជ្ញាធរ​ក្រុង កងកម្លាំងប្រដាប់អាវុធ រួម​នឹង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​កំលាំង​ប្រចាំការ នៅតាម​ឆ្នេរ អាជីវក​ម្មករ​តាម​ឆ្នេរ បុគ្គលិក​អនាម័យ​ក្រុង និង ក្រុមហ៊ុន​ប្រមូល​សំរាម ហើយ​បាន​កើ​ប និង​ដឹក​ចេញ បាន​ច្រើន​ហើយ​។​

​សូមបញ្ជាក់ថា សំណល់​កំប្លោក​ដែល​រសាត់អណ្តែត​មកពី​ប្រទេស​វៀតណាម មក​កក​តាម​ឆ្នេរ​អូរ​ឈើទាល បាន​បង្កឱ្យមាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​មួយចំនួន​។​តែ​យ៉ាងណា​មកដល់នឹង​ពេលនេះ អាជ្ញាធរ​បាន​អះអាងថា រដ្ឋបាលខេត្ត​និង​អាជ្ញាធរ​ពាក់ព័ន្ធ បានធ្វើ​ការសំអាត​រួចរាល់​អស់ហើយ ហើយ​អាជ្ញាធរ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ម្ចាស់​អាជីវករ​លក់ដូរ សូម​ចូលរួម​សំអាត​អនាម័យ​បរិស្ថាន​ឆ្នេរសមុទ្រ​ឱ្យ​បានល្អ ដើម្បី​រួមចំណែក​ថែរក្សា​ការពារ​ឆ្នេរសមុទ្រ​​របស់​ខេត្ត​ព្រះសីហនុ​​៕


ព័ត៌មានផ្សេងទៀត