នាយក​រដ្ឋមន្ត្រី​ជប៉ុន​​គ្រោង​​មក​បំពេញ​​ទស្សនកិច្ច​​នៅ​​កម្ពុជា

10-10-2018 11:33 am 1630
រាប់ពីឆ្វេង គឺ​លោក ស៊ីន​ហ្សូ អាបេ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន និង លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

​លោក ស៊ីន​ហ្សូ អាបេ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន គ្រោង​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​កម្ពុជា តាម​ពេលវេលា​សមស្រប​ណាមួយ​នាពេល​ខាងមុខនេះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះផ្សាយ​នៅ​ថ្ងៃទី​១០ ខែតុលា​។ ជា​គម្រោង​ដើម្បី​ឆ្លើយតប​នឹង​ការអញ្ជើញ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួប​ដាច់ដោយឡែក​មុន​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០​ចាប់ផ្តើម​។​

​យោង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​គូសបញ្ជាក់ថា លោក ស៊ីន​ហ្សូ អាបេ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន គ្រោង​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា នាពេលខាងមុខ​។​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​លើកឡើងថា ក្នុងជំនួប​ដាច់ដោយឡែក​នៃ​មេដឹកនាំ​កម្ពុជា និង ជប៉ុន ភាគី​ទាំងពីរ សម្តែង​ការពេញចិត្ត​នូវ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ ជាពិសេស បន្ទាប់ពី​ប្រទេស​ទាំងពីរ បាន​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ទៅដល់​កម្រិត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ នៅ​ឆ្នាំ​២០១៣​។​

​ក្នុងជំនួប​ដាច់ដោយឡែក​នោះ​លោក ហ៊ុន សែន ក៏បាន​អញ្ជើញលោក ស៊ីន​ហ្សូ អាបេ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​។ ជា​ការឆ្លើយតប លោក​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អាបេ បាន​ទទួលយក​ការអញ្ជើញ​នេះ ហើយ​លោក​ថ្លែងថា  លោក​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា តាម​ពេលវេលា​សមស្រប​ណាមួយ​។​

​សូម​ជម្រាបជូន​ថា ជំនួប​ដាច់ដោយឡែក​នៃ​មេដឹកនាំ​កម្ពុជា និង​ជប៉ុន បាន​ធ្វើឡើង​មួយ​ថ្ងៃមុន​កិច្ចប្រជុំ​កំពូល​មេគង្គ ជប៉ុន លើក​ទី​១០ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដែលមាន​ការចូលរួម​ពី​មេដឹកនាំ​ប្រទេស​ឡាវ ភូមា ថៃ និង​វៀតណាម​។​

​តែ​យ៉ាងណាក៏ដោយ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា មិន​បានបញ្ជាក់​លំអិត​ទាក់ទង​នឹង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះទេ ខណៈដែល​សារព័ត៌មាន​មួយចំនួន បាន​ចុះផ្សាយ​ថា ប្រទេស​ជប៉ុន​រំពឹងទុក​ថា កម្ពុជា​បន្ត​លើកកម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​។ ការរំពឹងទុក​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​នេះ ធ្វើឡើង​ខណៈ​លោកខាងលិច បន្ត​រិះគន់​ពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ក្រោយ​រំលាយ​បក្សប្រឆាំង​៕

ព័ត៌មានផ្សេងទៀត