ពលរដ្ឋកម្ពុជា ដែលជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសជប៉ុន នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ បានដង្ហែក្បួនបាតុកម្ម ប្រឆាំងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទាមទារឲ្យលោក ចុះចេញពីតំណែង។ ការធ្វើបាតុកម្មនេះស្របពេលដែលលោក ហ៊ុន សែន កំពុងមានវត្តមាននៅក្នុងប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០។
តាមរយៈវីដេអូផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម ក្រុមបាតុករដែលអះអាងថាមានគ្នា៥០០ ទៅ៦០០នាក់ បានដើរតាមផ្លូវក្នុងទីក្រុងតូក្យូ ដោយមានកាន់រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទង់ជាតិកម្ពុជា និងទង់អតីតគណបក្សសង្គ្រោះជាតិផងដែរ។ ពួកគេបានស្រែកទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង និងថាពួកគេមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដែលគណបក្សប្រជាជន ក្ដោបយកកៅអីសភាទាំង១២៥នោះទេ។
នេះជាលើកទី៣ហើយដែលពលរដ្ឋកម្ពុជានៅក្នុងប្រទេសជប៉ុន បាននាំគ្នាធ្វើបាតុកម្មបែបនេះ ក៏ប៉ុន្តែការធ្វើបាតុកម្មជាថ្មីនេះគឺស្របពេលដែល លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងមានវត្តមាននៅក្នុងប្រទេសជប៉ុនតែម្ដង។
លោក ហ៊ុន សែន កំពុងចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ ចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅក្នុងប្រទេសជប៉ុន។ កិច្ចប្រជុំនេះគឺជាកិច្ចសហប្រតិបត្តិការរវាងប្រទេសចំនួន៥ រួមមាន ជប៉ុន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។
ខណៈមានការធ្វើបាតុកម្មនៅតាមដងផ្លូវ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះ បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលសំអាតទឹកលូ ក្នុងទីក្រុងតូក្យូ ព្រមទាំងបានទៅទស្សនាកំពង់ផែអន្តរជាតិយូកូហាម៉ា នៅក្នុងខេត្តខេត្តកាណាហ្កាវ៉ាផងដែរ។ នេះបើតាមការបង្ហោះរូបភាព នៅលើទំព័រហ្វេសប៊ុករបស់លោក។
នៅក្នុងដំណើរចូលរួមកិច្ចប្រជុំក្នុងប្រទេសជប៉ុននេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់បទសម្ភាសន៍ដល់ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo។
តបទៅនឹងសំណួរថា តើរដ្ឋាភិបាលរបស់លោក នឹងធ្វើបែបណាទៀតដើម្បីឆ្ពោះទៅរកគន្លងប្រជាធិបតេយ្យ ក្រោយពីគណបក្សប្រជាជនកម្ពុជារបស់លោក ឈ្នះឆ្នោតទាំងដែលគ្មានវត្តមានអតីតបក្សប្រឆាំងចូលរួម កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅនោះ។
លោក ហ៊ុន សែន បានឆ្លើយតបថា៖ «ខ្ញុំតែងតែមើលប្រទេសអភិវឌ្ឍជាច្រើនក្នុងតំបន់ និងជុំវិញពិភពលោក។ ដូច្នេះ ខ្ញុំអាចរៀនសូត្រពីពួកគេទាំងទិដ្ឋភាពសេដ្ឋកិច្ច និងនយោបាយ ជាពិសេសគឺប្រទេសជប៉ុន ដែលមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរឹងមាំ និងជាគំរូលទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។
គួរបញ្ជាក់ថាបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន ក៏ធ្លាប់កើតមានឡើងនៅលើទឹកដីសហរដ្ឋអាមេរិក ខណៈពេលដែលលោកចេញទៅថ្លៃងការណ៍នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះផងដែរ។
គោលបំណងនៃការធ្វើបាតុកម្មហាក់មិនខុសគ្នានោះទេ គឺក្រុមបាតុករបានទាមទារកុំឲ្យអន្តរជាតិ ទទួលស្គាល់រដ្ឋាភិបាល ដែលកើតក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាស់ ព្រមទាំងទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងជាដើម។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើងថា ការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ជាសកម្មភាពមិនអាចទទួលយកបាន និងគ្មានឥទ្ធិពលនោះឡើយ។
អ្នកនាំពាក្យរូបនេះបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីជម្រើស នៃឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការបោះឆ្នោតដែលមានច្រើនជាងកៅសិបភាគរយ គាំទ្រ និងទទួលស្គាល់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានសិទ្ធិ និងការទទួលខុសត្រូវលើជោគវាសនារបស់ប្រជាពលរដ្ឋខ្មែរ ដែលជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចលើកតំកើង និងការពារ។»
លោក ផៃ ស៊ីផាន បន្ថែមទៀតថា៖ « គ្មានស្ថាប័ន ឬអង្គការ ដាច់ដោយឡែកណាមួយ មានសមត្ថកិច្ច និងសិទ្ធ ក្នុងកិច្ចគ្រប់គ្រងជោគវាសនាកម្ពុជា ក្រៅពីស្ថាប័ន នីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ របស់កម្ពុជាតែប៉ុណ្ណោះ»។
គួររម្លឹកដែរថា រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជា ធ្លាប់បានបង្ហាញការខកចិត្តចំពោះការបោះឆ្នោតអាណត្តិទី៦នៅកម្ពុជា ព្រមទាំងបានជំរុញទៅរដ្ឋាភិបាលកម្ពុជា ឲ្យបើកផ្លូវចរចាជាមួយអតីតគណបក្សប្រឆាំងឡើងវិញដើម្បីផ្សះផ្សាជាតិ។