អត្ថន័យ​ធម៌​បរាភវ​សូត្រ​-​វិនាស​ទាំង​១២​ប្រការ ដែល​តែងតែ​លឺ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​

07-10-2018 2:50 pm 561

​បុណ្យ​កាន់បិណ្ឌ ក៏​ដូចជា​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ជា​បុណ្យ​ដ៏​ធំ​ក្នុង​ព្រះពុទ្ធ​សាសនា​របស់​ខ្មែរ មិន​ត្រឹមតែ​អប់រំ​មនុស្ស​ឲ្យ​ចេះ​ធ្វើ​បុណ្យ និង​តបគុណ​ចំពោះ​អ្នកមានគុណ និង​មានធម៌​ឧត្តម​នោះទេ តែ​ក្នុង​ឱកាស​បុណ្យ​រយៈពេល ១៥​ថ្ងៃនេះ ក៏​បាន​បញ្ជ្រៀប​ការអប់រំ​ដល់​ប្រជា​ពុទ្ធបរិស័ទ​បាន​យល់ដឹង​ពី​ហេតុ​នាំ​ឲ្យ​វិនាស ទាំង​១២​ប្រការ​ផងដែរ​។

​រៀង​រាល់​ពេល​ព្រឹក​ព្រលឹម​ថ្ងៃ​កាន់បិណ្ឌ​ទី​១ រហូត​ដល់​ថ្ងៃ​ភ្ជុំ​បិណ្ឌ ឬ​ភ្ជុំ​ធំ (​ចាប់ផ្តើម​ពី​ថ្ងៃ ១​រោច ដល់ ១៥​រោច ខែ​ភទ្របទ​) គេ​តែង​បានឮ​ព្រះសង្ឃ​សូត្រធម៌ ដែល​គេ​ហៅថា បរាភវ​សូត្រ​។ បរាភវ​សូត្រ គឺ​ជា​ធម៌​របស់​សម្មាសម្ពុទ្ធ​ដាស់តឿនដ​ល់​ប្រជា​ពុទ្ធបរិស័ទនូ​វមូលហេតុ ១២ ប្រការ​នាំ​ដល់​ក្តីវិនាស​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។​

​ធម៌​បង្ហាញ​ក្តីវិនាស​ទាំង ១២​ប្រការនេះ ត្រូវបាន​ព្រះសង្ឃ​ជា​សាវ័ក​របស់​សម្មាសម្ពុទ្ធ​មាន​សង្ឃដីកា​ថា ប្រសិនបើ​ប្រជា​ពុទ្ធបរិស័ទ​ស្តាប់ ហើយ​ពិចារណា នឹង​ធ្វើឲ្យ​ជីវិត​កាន់តែ​ប្រសើរ និង​ចៀសផុត​ពី​ក្តីវិនាស​ទាំងឡាយ ទទួលបាន​នូវ​សេចក្តីសុខ កិត្តិយស និង​កេរ្តិ៍ឈ្មោះ​ល្អ ក្នុងសង្គម​…​។​

​ខាងក្រោម​ជា​អត្ថន័យ​សង្ខេប នៃ​ធម៌​បរាវ​ភ​សូត្រ ក៏​ដូច​ជា​ហេតុ​នាំ​ឲ្យ​ក្តីវិនាស​ទាំង ១២​ប្រការ​៖

១. ស្រឡាញ់​រាប់អាន​តែ​ជាមួយ​មនុស្ស​ពាល​អាក្រក់​មិន​ចូល​ចិត្ត​រាប់អាន​ជាមួយ​សប្បុរសជន ឬ​មនុស្ស​ល្អ​។​

២. ការ​អាស្រ័យ​ជាមួយ​មនុស្ស​អធម៌​មិន​ស្គាល់​បាប​បុណ្យ​គុណ​ទោស ជា​មនុស្ស​ទ្រុស​ធម៌ ស្អប់​ធម៌​។​

៣. អ្នក​ដេក​ច្រើន អ្នក​និយាយ​ច្រើន អ្នក​ខ្ជិលច្រអូស​មិន​ខំប្រឹងប្រែង ពេល​ខឹង​ក៏​សម្តែង​ឲ្យគេ​ដឹងថា​ខ្លួន​កំពុង​ខឹង​។​

៤. អ្នក​មាន​ទ្រព្យសម្បត្តិ​ហើយ​មិន​ចិញ្ចឹម​ម្តាយ​ឪពុក​ចាស់ជរា​។​

៥. អ្នក​ពោល​ពាក្យ​កុហក​បោកប្រាស់​ចំពោះ​អ្នក​មាន​សីល អ្នកក្រក្សត់ ឬ​ពួក​អ្នកប្រាជ្ញ​រាជបណ្ឌិត​ព្រឹទ្ធាចារ្យ​។​

៦. អ្នក​មាន​របស់របរ​ទ្រព្យសម្បត្តិ​បរិបូរណ៍​ហូរហៀ​ហើយ​លបលួច​លាក់​ស៊ីចុក​ធ្វើ​មាន​ធ្វើបាន​តែ​ម្នាក់អែង ឬ​ក្រុមគ្រួសារ​បក្ខពួក​ខ្លួនឯង​។​

៧. អ្នក​ដែល​ប្រកាន់​ជាតិ វង្ស​ត្រកូល អំបូរ​ពូជពង្ស​ហើយ​មិន​ប្រមូល​រាប់អាន​ញាតិ​សន្តាន ព្រៀង​លាន អ្នកភូមិផង​របង​ជាមួយ​។​

៨. អ្នកប្រព្រឹត្ត​ល្បែង​ស្រី​ស្រា​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​ធ្វើ​ទ្រព្យ​របស់​ឲ្យ​វិ​នាសដោយ​ឥតប្រយោជន៍​។​

៩. បុរស ស្ត្រី ដែល​មិន​ពេញចិត្ត មិន​គាប់ចិត្ត ភរិយា​ស្វាមី​របស់​ខ្លួន ហើយ​ទៅ​លប​លួច​ប្រព្រឹត្ត​កាមគុណ​ជាមួយ​និង​ស្ត្រី បុរស​ខាងក្រៅ​។​

១០. បុរស ស្ត្រី ដែល​មាន​វ័យចាស់​ហួសពេក​ទៅហើយ​ទៅ​មាន​ទំនាក់ទំនង​ស្នេហា​ផ្លូវ​កាមគុណ​ជាមួយ​បុរស​ស្ត្រី ដែល​មាន​វ័យក្មេង​ពេក​។​

១១. បុរស ស្ត្រី​ណា​ដែល​តែងតាំង​អ្នក​មិន​ចេះ​សន្សំសំចៃ ខ្ជះខ្ជាយ​មិនដឹង​ខាតបង់​ឲ្យមើល​ការខុសត្រូ​វទ្រព្យសម្បត្តិ​របស់របរ​។​

១២. ស្តេច​ប្រមុខ​ដឹកនាំ​ប្រធាន​មេកើយ​អ្នកជា​ប្រមុខ​ដែល​មិន​មាន​នូវ​ទ្រព្យសម្បត្តិ​គ្រប់គ្រាន់ (​រូបសម្បត្តិ ចរិយា​សម្បត្តិ វិជ្ជា​សម្បត្តិ និង​គុណសម្បត្តិ​)​។​

ព័ត៌មានផ្សេងទៀត