ទំនាក់ទំនង​​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម ​រវាង​កម្ពុជា​​-​ជប៉ុន​ មាន​អ្វីខ្លះ​?​

07-10-2018 2:49 pm 1970
  ស្តាប់
រូបភាពពី facebook លោកហ៊ុន សែន
ស្តាប់ជាសំឡេង

​លោក​ហ៊ុន សែន ពេលនេះ កំពុង​ស្ថិតនៅ​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​ប្រទេស​មេគង្គ​-​ជប៉ុន​លើក​ទី​១០​។​នៅ​ថ្ងៃទី ៧ តុលា នេះ ខណៈ​លោក និង​គណៈប្រតិភូ ​បាន​ទៅ​ទស្សនា​គម្រោង​អភិវឌ្ឍន៍​តំបន់ មីណា​តូ មី​រ៉ា​យ (Minato Mirai)​ពីលើ Landmark Tower កំពស់​២០០​ម៉ែត្រ នៃ​សណ្ឋាគារ​ឡែន​ម៉ាក ក្នុង​ទីក្រុង​យូ​កូហា​ម៉ា ប្រទេស​ជប៉ុន លោក​ហ៊ុន សែន បានលើកឡើង​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​។

​លោក​បញ្ជាក់ថា ប្រទេស​ជប៉ុន បាន​នាំចូល​ទៅកាន់​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១១ មាន​ទំហំ ទឹកប្រាក់​៣០៧​លាន​៦៩​ពាន់​ដុល្លារ​អាមេរិក​, ឆ្នាំ​២០១២ មាន​ទំហំ​៦០២​លាន​៧៤​ពាន់​ដុល្លារ និង​នៅ​៦​ខែ​ដើមឆ្នាំ​២០១៣ មាន​ទំហំ ៨៥​លាន​១៧​ពាន់​ដុល្លារ​អាមេរិក​។ ឯ​ការនាំចេញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​២០១១​មាន​ទំហំ​២០៤​លាន​៨៧​ពាន់​ដុល្លារ ឆ្នាំ​២០១២ មាន​ទំហំ​១៩៧​លាន​៧​ពាន់​ដុល្លារ និង​៦​ខែ​ដើមឆ្នាំ​២០១៣ មាន​ទំហំ​១២៩​លាន​៧០​ពាន់​ដុល្លារ​អាមេរិក​។

​លោក​ហ៊ុន សែន ក៏បាន​លើកសរសើរ​ជប៉ុន​ដែល​បានផ្តល់ នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ចំនួន​៣៥៥៥​មុខទំនិញ និង​ការលើកលែង​ពន្ធ​គយ និង​កូតា​ចំនួន​៨៨៥៩​មុខ ក្នុងនោះ​ទំនិញ​កសិកម្ម​ និង​នេសាទ ១៩៨៣​មុខ ទំនិញ​ឧស្សាហកម្ ម​មាន​៦៩៦៦​មុខ ក្នុងនោះ ​លើកលែងតែ​ផលិតផល​ស្ករ អង្ករ ផលិតផល​ត្រី​មួយចំនួន ម្សៅ និង​ផលិតផល​ស្បែក​ខ្លះ ដល់​កម្ពុជា​។ ឯ​ការវិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា ក្នុងនោះ​ឆ្នាំ​២០១១ មាន​ទំហំ​១២០​លាន​ដុល្លារ​អាមេរិក ឆ្នាំ​២០១២​មាន​ទំហំ​២១២​លាន​៣៣​ពាន់​ដុល្លារ និង​៩​ខែ​ដើមឆ្នាំ​២០១៣ មាន​ទំហំ​២០​លាន​៩២​ពាន់​ដុល្លារ ក្នុងនោះ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម កាត់ដេរ សម្លៀកបំពាក់ ការសាងសង់​ផ្សារ​ទំនើប និង​ការកែច្នៃ​ឈើ​។​

​លើ​វិស័យ​ទេសចរណ៍ មាន​អ្នក​ទេសចរ​ជប៉ុន ធ្វើដំណើរ​មក​ទស្សនា​ប្រទេស​កម្ពុជា ​មាន​ការកើនឡើង​ផងដែរ ក្នុងនោះ​ឆ្នាំ​២០១២​មាន​អ្នក​ទេសចរ​ជប៉ុន មកកាន់​ប្រទេស​កម្ពុជា មាន​ចំនួន​១៧៩​ពាន់​៣២៧​នាក់ ស្ថិតនៅ​លំដាប់ថ្នាក់​ទី​៦ និង​ក្នុង​រយៈពេល ៩​ខែ​នៃ​ឆ្នាំ​២០១៣ មាន​អ្នក​ទេសចរ​ជប៉ុន​មកកាន់​កម្ពុជា​ មាន​ចំនួន​១៥០​ពាន់​៣៤៧​នាក់ បាន​កើនឡើង​១៥,៣% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ ក្នុង​ឆ្នាំ​២០១៣ ពោលគឺ​នៅតែ​រក្សា​លំដាប់​លេខ​រៀង​ទី​៦ នៃ​ចំនួន​ភ្ញៀវ​ទេសចរបរទេស ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​។​

​លើ​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើងវិញ ប្រទេស​ជប៉ុន បាន​រួមចំណែក​ដល់​ការផ្តល់​ជំនួយឥតសំណង​ដ៏​ធំធេង​ជាងគេ​បំផុត ក្នុង​ការរួមចំណែក​ក​សាង​ប្រទេស​កម្ពុជា​ឡើងវិញ ក្នុងនោះ​នៅ​ឆ្នាំ​២០១២-២០១៣ ប្រទេស​ជប៉ុន​បាន​ផ្តល់នូវ​ជំនួយឥតសំណង មាន​ទឹកប្រាក់​១១២​លាន​៤​សែន​ដុល្លារ​អាមេរិក សម្រាប់​បម្រើ ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស សុខាភិបាល គ្រោះមហន្តរាយ​ដោយ​ទឹកជំនន់ រោងចក្រ​វា​រី​អគ្គិសនី​ខ្នាតតូច ការអប់រំ ការផ្គត់ផ្គង់​ទឹកស្អាត និង​កម្មវិធី​បោសសម្អាត​គ្រាប់មីន​។​

​ផ្នែក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ភាគី​ទាំងពីរ​ កម្ពុជា​-​ជប៉ុន បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង​សំខាន់​ជាច្រើន ក្នុងនោះ​កិច្ចព្រមព្រៀង​ស្តីពី​សហប្រតិបត្តិកា​រប​ច្ចេក​ទេស ចុះហត្ថលេខា​ក្នុង​ឆ្នាំ​២០០៣ កិច្ចព្រមព្រៀង​ស្តីពី​សេរីភាវូបនីយកម្ម ការជំរុញ និង​ការការពារ​វិនិយោគ ចុះហត្ថលេខា​ក្នុង​ឆ្នាំ​២០០៧ កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​ក្នុង​ក្របខ័ណ្ឌ​ប្រតិបត្តិការ​រក្សា​សន្តិភាព អង្គការ​ស​ប្រជាជាតិ ចុះហត្ថលេខា​ក្នុង​ឆ្នាំ​២០១៣​។​

​អនុស្សរណៈ​ស្តីពី កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ថែទាំ​សុខភាព ចុះហត្ថលេខា​ក្នុង​ឆ្នាំ​២០១៣ ជាមួយគ្នានេះ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ការងា​រ​ផ្លូវការ របស់លោក​នាយករដ្ឋមន្ត្រី មកកាន់​ប្រទេស​ជប៉ុន​កាលពី​ខែធ្នូ​ឆ្នាំ​២០១៣ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ កម្ពុជា​-​ជប៉ុន បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​អនុស្សរណៈ​សំខាន់ៗ​ចំនួន​៤ ក្នុងនោះ​ទី​១ លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​កែលម្អ ផ្លូវជាតិ​លេខ​១​។ ទី​២​ លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​ការធ្វើឲ្យ​ប្រសើរឡើង នូវ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ ទី​៣ ​លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​កែលំអ​សម្ភារៈ សម្រាប់​ការជួសជុល​ស្ពាន​ហាល​ខាងលិច នៃ​ប្រាសាទអង្គរវត្ត និង​ទី​៤​អនុស្សរណៈ​ស្តីពី​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​យោធា រវាង​ក្រសួង​ការពារជាតិ​ជប៉ុន និង​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ការ​ដំឡើង ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ ​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​។​

​សូមបញ្ជាក់ថា លោក​ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុ​ជា ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​ លើក​ទី​១០ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន តប​តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាលជប៉ុ​ន​ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១០ ខែតុលា​ឆ្នាំ២០១៨៕

ព័ត៌មានផ្សេងទៀត