រលក​ស៊ូណាមិ​នៅ​ឥណ្ឌូនេស៊ី​អ្នកស្លាប់​កើន​ដល់​ជាង​១,៦០០​នាក់​

07-10-2018 2:46 pm 960

​គិត​មកដល់ពេលនេះ មនុស្ស​ស្លាប់​ដោយសារ​រញ្ជួយ​ដី​កម្រិត​៧.៥​រ៉ិ​ចទ័​រ បង្ក​ជា​រលក​ស៊ូណាមិ​វាយប្រហារ​នៅ​ឥណ្ឌូនេស៊ី បណ្ដាលឲ្យ​មនុស្ស​ស្លាប់​កើន​ដល់​១,៦៤៩​នាក់​ហើយ​។ ក្រៅពីនេះ​មាន​មនុស្ស​របួស​ជាង​២​ពាន់​នាក់ និង​បាត់​ខ្លួន​ជាង​១​ពាន់​នាក់​។

​មនុស្ស​ប្រមាណ​ជាង​១​ពាន់​នាក់​កំពុង​បន្ដ​បាត់​ខ្លួន បន្ទាប់​ពី​រញ្ជួយ​ដី​បង្ក​ជា​រលក​ស៊ូណាមិ​វាយប្រហា​រកោះ Sulawesi ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ទី​២៨​កញ្ញា​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​កាលពី​ថ្ងៃ​សុក្រ​។ ចំនួន​មនុស្ស​បាត់​ខ្លួន​យ៉ាង​ច្រើន​បែប​នេះ អាច​នឹង​បណ្ដាល​ឲ្យ​អ្នក​ស្លាប់​កើនឡើង​កាន់តែច្រើន ខណៈ​បច្ចុប្បន្ន​មាន​មនុស្ស​ស្លាប់​១,៦៤៩​នាក់ របួស​ជាង​២​ពាន់​នាក់​។ ដំបូង​ឡើយ​មាន​សេចក្ដីរាយការណ៍​ថា មាន​មនុស្ស​បាត់​ខ្លួន​ប្រហែល​តែ​១០០​នាក់​ប៉ុណ្ណោះ ប៉ុន្ដែ​ពេល​នេះ​តួលេខ​បាន​ប្រែប្រួល ហើយ​គេ​សន្មត់​ថា​អ្នក​បាត់​ខ្លួន​អាច​កប់​ក្រោម​គំនរ​អគារ​បាក់បែក​។

​ក្រៅពី​បណ្ដាលឲ្យ​មនុស្ស​ស្លាប់ របួស និង​បាត់​ខ្លួន រលក​ស៊ូណាមិ​ក៏​បង្ក​ជា​ផល​ខូចខាត​ផ្សេងទៀត ដូចជា​ខូចខាត​អគារ ផ្ទះសម្បែង​ប្រជាជន​រាប់​ម៉ឺន​ខ្នង ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ កាត់ផ្ដាច់រ​ចន្ដអគ្គិសនី ប្រភព​ទឹក​ស្អាត​ជា​ដើម​។ តាម​ការ​ឲ្យដឹង​ពី​អង្គការ​សហប្រជាជាតិ ប្រជាជន​ប្រមាណ​ជិត​២​សែន​នាក់ កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​ជាបន្ទាន់​។ ជាមួយ​នឹង​គ្រោះមហន្ដរាយ​ដ៏​សែន​តក់ស្លុត​នេះ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ប្រកាស​សុំ​ឲ្យ​អន្ដរជាតិ​ជួយ​តាម​លទ្ធភាព ហើយ​ឥណ្ឌូនេស៊ី​នឹង​ទទួលយក​ជំនួយ​ទាំងនោះ​តាម​គ្រប់​រូបភាព​។ អន្ដរជាតិ​បាន​ផ្ដល់​ជំនួយ​មនុស្សធម៌​ជា​បណ្ដើរៗ​ហើយ ដោយ​មាន​យន្ដហោះ​ដឹក​ជំនួយ​មនុស្សធម៌​ប្រមាណ​ជា​២០​យន្ដហោះ កំពុង​ធ្វើដំណើរ​មក​ជុំវិញ​ពិភពលោក​នាំយក​ជំនួយ​ទៅ​ចែក​ជូន​ប្រជាជន​រងគ្រោះ​។​

​សូមបញ្ជាក់​ថា ឥណ្ឌូនេស៊ី​ជា​ប្រទេស​ដែល​ស្ថិតនៅ​តំបន់​ងាយ​រងគ្រោះ ដោយសា​រ​បន្ទុះ​ភ្នំភ្លើង​និង​រញ្ជួយ​ដី​នៃ​សមុទ្រ​ប៉ាស៊ីហ្វិក ដូច្នេះហើយ​បានជា​មាន​គ្រោះ​រញ្ជួយ​ដី​និង​បន្ទុះ​ភ្នំភ្លើង​កើតឡើង​ញឹកញាប់​។ កាលពីដើមឆ្នាំ​នេះ​មាន​គ្រោះ​រញ្ជួយ​ដី​កើតឡើង​ជា​ច្រើន​លើក​នៅ​កោះ​Lombok បាន​សម្លាប់​មនុស្ស​ជាង​៥០០​នាក់ និង​ប្រមាណ​១,៥០០​នាក់​រងរបួស​។ កាល​នោះ​ប្រជាជន​ប្រមាណ​៤​សែន​នាក់ បាន​ជម្លៀស​ខ្លួន​ដោយសារតែ​ផ្ទះ​របស់​ពួកគេ​ត្រូវ​បំផ្លាញ​។ ឥណ្ឌូនេស៊ី​ក៏​ធ្លាប់​រង​ការវាយប្រហារ​ដោយ​រញ្ជួយ​ដី​ជាច្រើន​ទៀត មាន​រញ្ជួយ​ដី​កម្រិត​៩.១​រ៉ិ​ចទ័​រ វាយប្រហារ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​កាលពី​ឆ្នាំ​២០០៤​ជាដើម​។ រញ្ជួយ​ដី​កាល​នោះ​បាន​បង្ក​ជា​រលក​ស៊ូណាមិ​សម្លាប់​មនុស្ស​ជាង​១០​ម៉ឺន​នាក់​។ ចំណែក​បន្ទុះ​ភ្នំភ្លើងក៏​កើតឡើង​ជាញឹ​កញាប់​ផងដែរ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​៕

 

ព័ត៌មានផ្សេងទៀត