អាថ៌កំបាំង​ជុំវិញការ​ចាប់​និង​បាត់​ខ្លួន​ប្រធាន​ប៉ូលីស​អន្តរជាតិនៅក្នុង​ប្រទេស​ចិន​

07-10-2018 11:29 am

​ប៉ូលិស​អន្តរជាតិ Interpol បានទាមទារ​ឲ្យ​បញ្ជាក់ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​ចិន ជុំវិញ​ការបាត់​ខ្លួន​ប្រធាន​ប៉ូលិស​អន្តរជាតិ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា លោក​បាន​ត្រូវ​គេ​ចាប់ខ្លួន​ដើម្បី​សួរចម្លើយ ខណៈ​ដែល​លោក​បាន​ចុះ​ពី​យន្តហោះ​នៅក្នុង​ប្រទេស​ចិន​។

​ក្រោយ​លេចលឺ​ព័ត៌មាន ជុំវិញ​ការចាប់ខ្លួន ប្រធាន​ប៉ូលិស​អន្តរជាតិ Interpol ដោយ​អាជ្ញាធរ​ចិន រហូតមកដល់​ពេលនេះ នៅ​មិនទាន់មាន​ព័ត៌មាន​ណាមួយ ចេញ​ផ្សាយ​អំពី​រឿងរ៉ាវ​ពិត​ប្រាកដ ឬក៏​មាន​ការដោះលែង មេ​ស្ថាប័ន​ប៉ូលីស​អន្តរជាតិ​រូប​នេះ​ឡើយ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន DNA India នា​ព្រឹក​ថ្ងៃអាទិត្យ ទី​០៧ ខែតុលា​។​

បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន South China Morning Post  បានឲ្យដឹងថា លោក Meng Hongwei អាយុ ៦៤​ឆ្នាំ គឺជា​ជនជាតិ​ចិន​ដំបូង ដែល​បាន​ឡើងកាន់តំណែង​ជា​ប្រធាន​ស្ថាប័ន​ប៉ូលិស​អន្តរជាតិ ដែល​មាន​ទីស្នាក់កា​រ​កណ្តាល​នៅ​ទីក្រុង Lyon ប្រទេស​បារាំង ហើយ​លោក​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ ដោយ​អាជ្ញាធរ​ប៉ូលិស​ចិន​រួច​យក​ទៅ​សួរនាំ បន្ទាប់​ពី​យន្តហោះ​របស់​លោក​ចុះចត​នៅលើ​ទឹកដី​ចិន មិន​បាន​ប៉ុន្មាន​ផង​នោះ​។

​ទោះបីជា​បែប​នេះ​ក្តី មិនទាន់​មាន​សារព័ត៌មាន​ណាមួយ​ដឹងថា លោក Meng ត្រូវ​ប៉ូលិស​ចិន​ចាប់​យក​ទៅ​ទីណា ឬក៏​ស៊ើបអង្កេត​លើ​រឿង​អ្វី និង​ពេលណា​ដែល​លោក​ត្រូវ​គេ​ដោះលែង​នោះឡើយ​។ ការបាត់​ខ្លួន​របស់​លោក Meng គឺ​ត្រូវបាន​សារព័ត៌មាន​ដឹងលឺ ក្រោយ​ពី​ភរិយា​របស់​លោក បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​អាជ្ញាធរ​ប៉ូលិស​បារាំង កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ហើយ​អាជ្ញាធរ​ប៉ូលិស​បារាំង​ក៏​បាន​សន្យា បើក​ការស៊ើបអង្កេត​ជុំវិញ​ការបាត់​ខ្លួន​របស់​លោក Meng ផងដែរ ដោយ​នឹង​មាន​ការទាក់ទង​ដោយ​ផ្ទាល់​ទៅ​អាជ្ញាធរ​ចិន​៕

ព័ត៌មានផ្សេងទៀត