ប្រមុខ​ការទូត​អាមេរិកសន្យា​ជួយ​ជប៉ុននិយាយ​ជាមួយ​កូរ៉េខាងជើងរឿង​ចាប់ពង្រត់​ពលរដ្ឋ​ជប៉ុន​

07-10-2018 11:00 am
  ស្តាប់
លោក​ម៉ៃ ផុម​ភី​អូអំឡុងពេលជួបពិភាក្សាជាមួយលោកហ្ស៊ីន ស៊ូអាបេ
ស្តាប់ជាសំឡេង

​មុន​ធ្វើដំណើរ​ទៅ​ប្រទេស​កូរ៉េខាងជើង ដើម្បី​ជួបពិភាក្សា​ជាមួយ​លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង​នៅ​ថ្ងៃអាទិត្យ​នេះ ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូ បាន​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​សៅរ៍ ដោយបាន​ជួបពិភាក្សា​ជាមួយ​លោ​កហ្ស៊ីន ស៊ូ​អាបេ​នាយករដ្ឋមន្ត្រីជ​ប៉ុន​។​ក្នុងជំនួប​រវាង​លោក​ម៉ៃ ផុម​ភី​អូប្រ​មុខ​ការទូត​អាមេរិក និង​លោ​កហ្ស៊ីន ហ៊ូ​អាបេ​នាយករដ្ឋមន្ត្រីជ​ប៉ុន កាលពី​ថ្ងៃ​សៅរ៍ ភាគី​ទាំង​ពីរបាន​ពិភាក្សា ពី​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​បញ្ហា​ពាណិជ្ជកម្ម​អាមេរិក​-​ជប៉ុន​។ នៅក្នុង​ជំនួប​នោះ លោក​ម៉ៃ ផុម​ភី​អូក៏បាន​សន្យាចំពោះមុខលោកអាបេថានឹង លើកយក​បញ្ហា​កូរ៉េខាងជើង ចាប់ពង្រត់​ប្រជាជន​ជប៉ុន កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ និង​ឆ្នាំ ១៩៨០ មក​ពិភាក្សា​ជាមួយ​កូរ៉េខាងជើង​ផងដែរ​។​

​អ្វីដែល​ជប៉ុន​ចង់បាន​ពី​កូរ៉េខាងជើង ក្នុង​សំណុំរឿង​ដ៏​រសើប​មួយ​នេះ គឺ​ទាមទារ​ឲ្យ​កូរ៉េខាងជើង ផ្តល់​តួលេខ​ជាក់លាក់​នៃ​ប្រជាជន​ជប៉ុន ដែល​បាន​ចាប់ពង្រត់​យកទៅ ដើម្បី​បណ្តុះបណ្តាល​ភាសា​ជប៉ុន ដល់​អ្នក​ស៊ើបការណ៍រ​បស់​ខ្លួន និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ដែល​នៅ​រស់រានមានជីវិត ឲ្យ​ត្រឡប់មក​ប្រទេស​ជប៉ុន​វិញ មុន​ចាប់ផ្តើម​ទំនាក់ទំនង​ធម្មតា​ជាមួយគ្នា​ជាថ្មី​។​

​គួរ​ជម្រាបជូន​ថា លោក​អាបេ បាន​ទទូច​ចង់​ជួប​ជាមួយ​លោក​គីម ជុង​អ៊ុន ដើម្បី​ពិភាក្សា រឿង​ចាប់ពង្រត់​ប្រជាជន​ជប៉ុន​ជា​យូរ​ខែ​មកហើយ តាំងពី​លោក​ត្រាំ​ជួប​លោក​គីម​មកម្ល៉េះ​។ ជប៉ុន​ធ្លាប់បាន​ជំរុញ​ឲ្យ​លោកត្រាំ លើកយក​បញ្ហា​នេះ មក​ពិភាក្សា​ជាមួយលោក​គីម​ដែរ ប៉ុន្តែ​គ្មាន​លទ្ធផល ព្រោះនេះ​មិនមែនជា​រឿង​អទិភាព ដែល​លោក​ត្រាំ​ត្រូវ​លើក​មក​និយាយ​ជាមួយ​លោក​គីម​ឡើយ​។ កាលនោះ ជប៉ុន​បានបង្ហាញ​ការ​អាក់អន់ចិត្ត​ថា គ្មាន​នរណា​យកចិត្តទុកដាក់ ចំពោះ​ទំនាស់​ទ្វាភាគី​របស់ខ្លួ​ន​ជាមួយ​កូរ៉េខាងជើង ខណៈដំណើរ​ការចរចា​រំលាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង បាន​បន្ត​បោះជំហាន​ទៅមុខ ដោយមាន​ការយកចិត្ត​ទុកដាក់​យ៉ាង​សស្រាក់សស្រាំ ពី​អាមេរិក ចិន​និង​កូរ៉េខាងត្បូង​៕

ព័ត៌មានផ្សេងទៀត