បារាំង​​កំពុង​ស៊ើបអង្កេត​​ករណី​បាត់​ខ្លួន​​ប្រធាន​ប៉ូលិស​​អាំងទែ​ប៉ូល​​យ៉ាង​អាថ៌កំបាំង​

06-10-2018 11:09 am
  ស្តាប់
លោក​Meng Hongwei​ប្រធានប៉ូលិសអាំងទែប៉ូលអន្ដរជាតិ
ស្តាប់ជាសំឡេង

​តាម​ការបញ្ជាក់​ពី​ក្រសួងមហាផ្ទៃ​បារាំង​កាលពី​ថ្ងៃទី​០៥​តុលា​បានឲ្យដឹងថា ពេលនេះ​បារាំង​កំពុងបើក​កា​ស៊ើបអង្កេត ករណី​បាត់​ខ្លួន​ប្រធាន​ប៉ូលិស​អាំងទែ​ប៉ូល លោក​Meng Hongwei​។ លោក​ត្រូវបាន​គេ​រាយការណ៍​ថា​បាត់​ខ្លួន បន្ទាប់ពី​ធ្វើដំណើរ​ត្រឡប់មក​ពី​ប្រទេស​ចិន​ជា​ប្រទេស​កំណើត​។ ពេលនេះ​ក្ដីបារម្ភ​ធំ​បំផុត​គឺ​ខ្លាច​ការបាត់​ខ្លួន​របស់លោក​Meng មាន​ជាប់​ពាក់ព័ន្ធ​នឹង​សារ​គំរាម​ដែល​ភរិយា​របស់លោក​បានទទួល​តាម​ទូរស័ព្ទ​។​

​ក្រុមគ្រួសារ​របស់លោក​Meng​មិនបាន​ទទួលដំណឹង​ពី​លោក ចាប់តាំងពី​ថ្ងៃទី​២៥​កញ្ញា​។ ដោយ​ក្ដីបារម្ភ​ផង​និង​ជា​រឿង​អាថ៌កំបាំង​ផង ភរិយា​របស់លោក​ក៏បាន​ទាក់ទង​ជាមួយ​ប៉ូលិស​ទីក្រុង​លី​យ៉ុង​ប្រទេស​បារាំង ជា​ទីតាំង​ដែល​ទីភ្នាក់ងារ​ប៉ូលិស​អាំងទែ​ប៉ូល​ស្ថិតនៅ ដើម្បី​សុំឲ្យ​ជួយ​ស្វែងរ​កលោក​Meng​។ ក្រោយ​ទទួលបាន​ព័ត៌មាន​នៃ​ការបាត់​ខ្លួន​នេះ ទាំង​អាជ្ញាធរ​បារាំង​និង​ចិន​ពិតជា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។

​ក្រសួងមហាផ្ទៃ​បារាំង​បានបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ពេលនេះ​ទាំង​អាជ្ញាធរ​ចិន​និង​បារាំង កំពុង​បន្ដ​សហការគ្នា​បើក​ការស៊ើបអង្កេត​។ អ្វីដែល​ជា​គោលដៅ​សង្ស័យ​បំផុត គឺ​ការបាត់​ខ្លួន​របស់លោក​Meng​អាចទាក់ទង​នឹង​សារ​គំរាម​តាម​ទូរស័ព្ទ​និង​បណ្ដាញ​សង្គម​។ អ្នកនាំពាក្យ​ប៉ូលិស​អាំងទែ​ប៉ូល​មិន​បានបញ្ជាក់​ទេ​ថា ការធ្វើដំណើរ​ទៅ​ប្រទេស​ចិន​របស់លោក​Meng​មុនពេល​បាត់​ខ្លួន ស្ថិតក្នុង​បេសកកម្ម​អ្វី​ឲ្យ​ពិតប្រាកដ​។​

​សូមបញ្ជាក់ថា លោក​Meng Hongwei​មាន​អាយុ​៦៤​ឆ្នាំ ជា​ជន​ជាតិចិន​។ លោក​ជា​អនុរដ្ឋមន្ដ្រី​សន្ដិសុខ​សាធារណៈ​ចិន និង​ជា​អតីត​ប្រធាន​ប៉ូលិស​អាំងទែ​ប៉ូល​របស់​ចិន​ផងដែរ​។ លោក​ត្រូវ​បានជ្រើសរើស​ជា​ប្រធាន​ប៉ូលិស​អាំងទែ​ប៉ូល​អន្ដរជាតិ​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៦៕

ព័ត៌មានផ្សេងទៀត