EU កំពុង​ដំណើរកា​រដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​កម្ពុជា​និង​មី​យ៉ាន់​ម៉ា​

06-10-2018 11:09 am 4816
  ស្តាប់
លោកស្រី​ Cecilia Malmstrom ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប ​ថ្លែង​ក្នុង​សន្និសីទកាសែត នាពេលកន្លងមក ។
ស្តាប់ជាសំឡេង

​សហភាព​អឺរ៉ុប​កំពុងដំណើរការ​នីតិវិធី​សម្រាប់​ការដកហូត​នូវ​ការ​អនុគ្រោះ​ពន្ធ លើកលែង​តែ​សព្វាវុធ ចេញពី​ប្រទេស​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា ។ យ៉ាងណាក៏ដោយ សហភាព​អឺរ៉ុប នៅតែ​បើកចំហ សម្រាប់​ការចរចា​នានា សម្រាប់​ប្រទេស​ទាំង​ពីរ មុន​នឹង​ជូនដំណឹង​ទៅ​រដ្ឋ​សមាជិក​នៃ​សហភាព​អឺរ៉ុប អំពី​ជំហាន​បន្ទាប់...

​គណៈកម្មការ​អឺរ៉ុប បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៥ ខែតុលា ពី​ដំណើរការ​នីតិវិធី ក្នុង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​ប្រទេស​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា ក្រោម​ហេតុផល​ថា មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍ របស់​សហភាព​អឺរ៉ុប ចុះ​ថ្ងៃ​ដដែល ។​

​សេចក្តីថ្លែងការណ៍​ដដែល​បញ្ជាក់ថា ប្រទេស​មី​យ៉ាន់​ម៉ា បាន​ធ្វើទុក្ខបុកម្នេញ​ធ្ងន់ធ្ងរ​ទៅលើ​ជនជាតិភាគតិច រ៉ូ​ហ៊ីន​យ៉ា ដោយ​មាន​ការសម្លាប់​មិន​រើសមុខ​, រំលោភ​សេពសន្ថវៈ​, វាយដំ​ទៅលើ​កុមារ និង​ដុត​បំផ្លាញ​ភូមិ​ស្រុក​ទាំង​ស្រុង ។ មេដឹកនាំ​នៃ​ប្រទេស​នេះ បាន​ទាត់ចោល​ម្តង​ហើយ​ម្តងទៀត នូវ​ការអំពាវនាវ​ពី​សហភាព​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ ដើម្បី​បញ្ឈប់​ទង្វើ​នេះ ។​

​ចំណែក​ឯ​ប្រទេស​កម្ពុជា ត្រូវបាន​រកឃើញ​ថា មាន​ការអភិវឌ្ឍ​ប្រកបដោយ​បញ្ហា​ខ្លាំង ដោយ​គ្មាន​ការកែលម្អ​គួរឱ្យ​ទុកចិត្តបាន ។ ការរំលោភ​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​មនុស្ស ដូចជា សេរីភាព​ខាង​បញ្ចេញមតិ​, សិទ្ធិ​ពលកម្ម​, សិទ្ធិ​កម្មករ​, សេរីភាព​នៃ​ការជួបជុំ និង​ការ​រឹបអូស​ដីធ្លី ។ 

​កម្ពុជា​មាន​បញ្ហា​នានា​កើតឡើង​ជា​ច្រើន​ឆ្នាំ​មកហើយ ។ ការបោះឆ្នោត​ក្នុង​ខែកក្កដា នា​ឆ្នាំ​នេះ ត្រូវបាន​ដិតដាម​ដោយ​ការ​រុ​កគួន និង​ការបំភិតបំភ័យ ព្រម​ទាំង​ការ​រឹតបន្តឹង​ធ្ងន់ធ្ងរ​នានា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​នយោបាយ ។​

​សេចក្តីថ្លែងការណ៍​បន្ត​ថា គណៈកម្មការ​អឺរ៉ុប នឹង​រៀបចំ​ឱ្យមាន​ជំនួប​ជាមួយ​ប្រទេស​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​ចំហ និង​មាន​ភាព​ទូលាយ​សម្រាប់​ការចចារ មុន​នឹង​គណៈកម្មការ​អឺរ៉ុប ជូនដំណឹង​ទៅ​រដ្ឋ​សមាជិក​នៃ​សហភាព​អឺរ៉ុប អំពី​ជំហាន​បន្ទាប់​ទៀត ។​

​យ៉ាងណាក៏ដោយ សម្រាប់​ប្រទេស​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​មិនទាន់​ដល់​ដំណាក់កាល​ដាច់ខាត​នោះ​ទេ សហភាព​អឺរ៉ុប នៅតែ​បើកផ្លូវ​សម្រាប់​ការចរចា​ជាមួយ​ប្រទេស​ទាំង​ពីរ ៕

ព័ត៌មានផ្សេងទៀត