មន្ត្រី​អតីត​CNRP​ម្នាក់​ត្រូវ​ផ្តន្ទាទោស​ជាប់គុក​១​ឆ្នាំ រឿង​ប្រមាថ​ព្រះមហាក្សត្រ​

06-10-2018 10:19 am
  ស្តាប់
លោក បាន សម្ភី ត្រូវបានចាប់ខ្លួន ក្រោមបទចោទ បានប្រមាថព្រះមហាក្សត្រ កាលពីថ្ងៃទី២០ ខែឧសភា ។
ស្តាប់ជាសំឡេង

​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ផ្តន្ទាទោស​អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ អតីង​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ ក្រោម​បទ​ចោទ បាន​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ។ គិត​មក​ទល់​ពេល​នេះ មាន​មនុស្ស​៤​នាក់​ហើយ ត្រូវបាន​ចោទប្រកាន់ ក្រោយ​វិសោធនកម្ម​ច្បាប់ ការពារ​អង្គ​ព្រះមហាក្សត្រ​ចូល​ជា​ធរមាន...

​លោក បាន សម្ភី​រ ជា​ជាងកាត់សក់ និង​ជា​អ្នកដឹកនាំ​ថ្នាក់​ស្រុក​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​ខេត្ត​សៀមរាប កាត់​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​មួយឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​បង្ហោះ​សារ​បន្ត​ពី​អ្នក​ដទៃ ប្រមាថ​ព្រះមហាក្សត្រ ប្រព្រឹត្ត​នៅ​ភូមិ​ពន្លឺ​ព្រះ​ផុស ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៨ ។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​អង្គការ​លីកាដូ នៅ​ថ្ងៃ​ទី​៥ ខែតុលា ។ 

​លោក បាន សម្ភី​រ  បាន​ជាប់​ក្នុង​ពន្ធនាគារ​បណ្តោះអាសន្ន រង់ចាំ​សវនាការ អស់​រយៈពេល​៤​ខែ​មក​ហើយ ។ ទោស​ពន្ធនាគារ​ចំនួន​៥​ខែ នៅក្នុង​ទោស​ពន្ធនាគារ​សរុប​១​ឆ្នាំ​របស់​លោក ត្រូវបាន​តុលាការ​ព្យួរ ។ នេះ​មានន័យ​ថា លោក​ត្រូវ​ជាប់ពន្ធនាគារ​ចំនួន​៣​ខែ​បន្តទៀត ទើប​រួច​ទោស ។​

​គូសបញ្ជាក់ថា លោក បាន សម្ភី​រ អាយុ​៧០​ឆ្នាំ ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ លោក ត្រូវបាន​ចោទប្រកាន់​ថា បាន​ចែកចាយ​ព័ត៌មាន​លើ​គណនី​ហ្វេ​សប៊ុក ដែល​បាន​រិះគន់​លើ​ព្រះមហាក្សត្រ ដោយ​មាន​រូប​លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោកស្រី បូករួម​ជាមួយ​នឹង​វីដេអូ​បង្ហាញ​ពី​ភាព​ខឹងសម្បារ​របស់​ពលរដ្ឋ​មួយចំនួន ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ។​

​គិត​មក​ទល់​នឹង​ពេលនេះ មាន​មនុស្ស​ចំនួន​៤​នាក់​ហើយ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ ក្រោយ​វិសោធនកម្ម​ច្បាប់ ការពារ​អង្គ​ព្រះមហាក្សត្រ​ចូល​ជា​ធរមាន ។​

​ជន​ទី​១ ឈ្មោះ ឃាង ណាវី វ័យ​៥០​ឆ្នាំ ជា​នាយក​សាលា​បឋមសិក្សា​ម្នាក់ ក្នុង​ខេត្ត​កំពង់ធំ ចាប់ខ្លួន នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ក្រោយ​បង្ហោះ​សារ ក្នុងន័យ​ចោទប្រកាន់ថា ព្រះមហាក្សត្រ និង​សមាជិក​រាជវង្ស​ដទៃទៀត បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​បក្ស​កាន់​អំណាច ក្នុង​ការរម្លាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។​

​ជន​ទី​២ គឺ​លោក បាន សម្ភី​រ ត្រូវបាន​តុលាការ​ខេត្ត​សៀមរាប សម្រេច​ផ្តន្ទាទោស​មួយឆ្នាំ ។​

​ជន​ទី​៣ លោក សម រង្ស៊ី ត្រូវបាន​លោក អ​ង្ស វង្ស​វឌ្ឍនា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បញ្ជា​ឱ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់វិធានការ​ផ្លូវច្បាប់ ក្រោយ​លោក​លើកឡើង​ថា ព្រះរាជសារ​ព្រះមហាក្សត្រ ដែល​អំពាវនាវ​ពលរដ្ឋ​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ជា​ព្រះរាជសារ​ក្លែងក្លាយ ធ្វើ​ក្រោម​ការគំរាមកំហែង​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ យ៉ាងណាក៏ដោយ លោក​សម រង្ស៊ី ពុំ​ត្រូវបាន​ចាប់ខ្លួន​ទេ ដោយសារ​លោក​ស្ថិតនៅ​ក្រៅ​ប្រទេស ក៏ប៉ុន្តែ ដីកាកោះ​ឱ្យ​ចូល​ខ្លួន ត្រូវបាន​ធ្វើឡើង​ជា​បន្ត​បន្ទាប់ ។​

​និង​ជន​ទី​៤ ឈ្មោះ អៀង ជលសា វ័យ​២៦​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ ក្រោយ​បុរស​រូប​នេះ បាន​បង្ហោះ​សារ​ប្រមាថ​ព្រះមហាក្សត្រ លើ​បណ្តាញ​ទំនាក់ទំនង​សង្គម កាលពី​យប់​ថ្ងៃ​ទី​១៣ ខែមិថុនា ៕

ព័ត៌មានផ្សេងទៀត